កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​សំរោង ក្រុង​ដូនកែវ និង​ស្រុក​គីរីវង់ ខេត្ត​តាកែវ បាន​ចុះ​កាប់​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ត្រូវ​បាន​លួច​ដាំ​នៅ​តាម​ជួរ​ភ្នំ ដោយ​បាន​បំផ្លាញ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ជាង ៨ ម៉ឺន​ដើម។

យោង​តាម​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ នៅ​ថ្ងៃទី ២៤ ខែ​មិថុនា​នេះ បាន​ឱ្យ​ដឹង​ថា ប្រតិបត្តិការ​កាប់​បំផ្លាញ​ដំណាំ​កញ្ឆា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នាថ្ងៃទី ២៣ ដោយ​មាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​សំរោង ក្រុង​ដូនកែវ និង​ស្រុក​គិរីវង់។

ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ង៉ែត ចាន់ធី មេ​បញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត, អភិបាល​រង​ខេត្ត អភិបាល​ស្រុក និង​មន្រ្តី​សមត្ថកិច្ច​ជាច្រើន​រូប​ទៀត ក្រោម​ការ​បញ្ជា​ផ្ទាល់​ដោយ​ព្រះរាជអាជ្ញា​រង​អមសាលា​ដំបូង​ខេត្ត​តាកែវ លោក ញ៉ាន បូរី។

សមត្ថកិច្ច​បាន​រុករក​ទីតាំង​ដាំ​ដំណាំ​កញ្ឆា និង​បាន​ដុត​បំផ្លាញ​ចោល​នៅ​កន្លែង​រក​ឃើញ​ទាំង ០២ កន្លែង​តែ​ម្តង ដែល​កន្លែង​ទី០១ នៅ​ត្រង់​ចំណុច​ខាង​កាប់​ថ្ម​ជ្រោះ​ទួង​ទូង ស្ថិត​នៅ​ភូមិស្លា ឃុំ​តាអូរ ស្រុក​គីរីវង់ ដោយ​បាន​កាប់​បំផ្លាញ​កញ្ឆា​ស្រស់​ចោល​ចំនួន ៥ ៣៦០ ដើម, ផ្ទៃដី ២៥៩ ម៉ែត្រការ៉េ ស្មើ​ចំនួន ០៦ ទីតាំង និង​អាង​ស្តុប​ទឹក​ចំនួន ០៤ ផង​ដែរ។

ចំណែក​កន្លែង​ទី០២ ស្ថិត​ត្រង់​ចំណុច​ភ្នំ​ថ្ម​ត្រួត ស្ថិត​នៅ​ភូមិ​ឈើទាលភ្លោះ ឃុំ​ព្រៃអំពក ស្រុក​គីរីវង់ ដោយ​បាន​កាប់​កញ្ឆា​ស្រស់​ចោល​ចំនួន ២ ៩៨៩ ដើម ស្មើ ០៦ ទីតាំង​ផ្ទៃដី ១ ១០០ ម៉ែត្រការ៉េ និង​អាង​ស្តុក​ទឹក​ចំនួន ០៣៕