ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​អំពាវនាវ​ដល់​យុវជន យុវនារី និង​ប្រជាជន​ទាំងអស់ កុំ​សាកល្បង​ និង​កុំ​ជឿ​តាម​ការឃោសនា​ថា បារី​អេឡិចត្រូនិក ឬ E-cigarette ជា​មធ្យោបាយ​ផ្តាច់​បារី​ឱ្យសោះ តែ​វា​ជា​ទំនោរ​ផ្លូវ​នាំឱ្យ​យុវជន​ក្លាយ​ជា​អ្នក​ជក់បារី​ធម្មតា និង​ឈាន​ទៅរក​ការប្រើប្រាស់​គ្រឿងញៀន​ផ្សេងទៀត​នាពេល​អនាគត​។

ក្រសួង​បាន​លើកឡើង​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មកពី​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​នេះ​ថា បារី​អេឡិចត្រូនិក ៩៩% មាន​ផ្ទុក​ជាតិ​នីកូទីន ដែល​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព បណ្តាល​ឱ្យ​ញៀន បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បេះដូង និង​សួត​រហូត​ដល់​បាត់បង់​ជីវិត​។

បារី​អេឡិចត្រូនិក គឺជា​ប្រព័ន្ធ​បញ្ជូន​សារធាតុ​នីកូទីន​អេឡិចត្រូនិក រួមទាំង​បារី​អេឡិចត្រូនិក​ដែល​បញ្ជូន​សារធាតុ​នីកូទីន​អេឡិចត្រូនិក​ (Electronic Nicotine Delivery System-ENDS) និង​បារី​អេឡិចត្រូនិក​ដែល​ប្រព័ន្ធ​បញ្ជូន​សារធាតុ​មិនមែន​នីកូទីន​អេឡិចត្រូនិក (Electronic Non-Nicotine Delivery System-ENNDS)​។ វា​មាន​បរិមាណ​នីកូទីន​ខុសៗ​គ្នា និង​មាន​ការបំភាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា​នេះ​បាន​ឱ្យដឹងថា៖ «​មាន​ភ័ស្តុតាង​ជាច្រើន​បង្ហាញថា ការប្រើប្រាស់​បារី​អេឡិចត្រូនិក​បង្ក​ផលប៉ះពាល់​ដល់​សុខភាព បណ្តាល​ឱ្យ​ញៀន បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បេះដូង​ និង​សួត រហូតដល់​បាត់បង់​ជីវិត​»​។

នៅពេល​ប្រើប្រាស់​បារី​អេឡិចត្រូនិក​សារធាតុ​គីមី និង​ជាតិ នីកូទីន​ត្រូវបាន​ស្រូប​ចូល​ទៅក្នុង​រាងកាយ​ហើយ​ចូលទៅក្នុង​ខួរក្បាល​របស់​អ្នក​ជក់​។ ការប្រើប្រាស់​បារី​នេះ​ក្នុង​ចំណោម កុមារ និង​មនុស្ស​វ័យ​ជំទង់​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ខួរក្បាល ដែល​នាំឱ្យ​កើតមាន​ផលវិបាក​រយៈពេល​វែង​សម្រាប់​ការអភិវឌ្ឍ​ខួរក្បាល និង​អាច​នាំឱ្យ​ប៉ះពាល់​ដល់​ការចងចាំ ការសិក្សា និង​បង្ក​ជំងឺ​ការថប់​អារម្មណ៍​។

ក្រសួង​បានបញ្ជាក់​ទៀតថា ការប្រើប្រាស់​បារី​អេឡិចត្រូនិក​ធ្វើឱ្យ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​មាន​បញ្ហា​ដល់​ការលូតលាស់​របស់​ទារក​ព្រមទាំង​បំផ្លាញ​ការអភិវឌ្ឍ​សមត្ថភាព​ខួរក្បាល​របស់​ទារក​ផងដែរ​។

ការប្រើប្រាស់​បារី​អេឡិចត្រូនិក​នៅ​កម្ពុជា​ត្រូវ​បាន​ហាមឃាត់ ហើយ​ការធ្វើ​អាជីវកម្ម លក់ ចែកចាយ​ក៏ត្រូវ​បាន​ហាមឃាត់​ដូចគ្នា​ចាប់តាំងពី​ឆ្នាំ​ ២០១៤ ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ ដោយ​បានចេញ​សេចក្តី​ណែនាំ​ស្តីពី​ការចាត់​វិធានការ​បង្ការ បញ្ឈប់​ការប្រើប្រាស់ ការធ្វើ​អាជីវកម្ម និង​ការ​នាំចូល​ផលិតផល​ស៊ីហ្សា (SISHA) និង​បារី​អេឡិចត្រូនិក (E-cigarette) នៅក្នុង​ប្រទេស​កម្ពុជា​។

បន្ទាប់មក​នៅ​ឆ្នាំ​ ២០២១ នេះ ក៏បាន​បន្ថែម​សេចក្តី​ណែនាំ​ស្តីពី​ការចាត់​វិធានការ បង្ការ​ទប់ស្កាត់​ការនាំ​ចូល ការជួញដូរ ការធ្វើ​អាជីវកម្ម និង​ការប្រើប្រាស់​ផលិតផល អេច ធី ភី (HTPs) ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ប៉ុន្តែ​ថ្មីៗ​កន្លង​ទៅ​នេះ ក្រសួង​សុខាភិបាល​សង្កេត​ឃើញ​មាន​ជន​ឆ្លៀតឱកាស​ធ្វើការ​ផ្សព្វផ្សាយ​លក់ ផលិតផល អេច ធី ភី (HTPs) ឬ (E-cigarette) តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម ដូចជា Facebook, Instagram, TikTok ជាដើម​។

ក្រសួង​សុខាភិបាល​បាន​ស្នើឱ្យ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​មេត្តា​រួមសហការ​ចាត់ការ​លើ​ជនខិលខូច ដែលមាន​ការផ្សាព្វផ្សាយ និង​ចរាចរ​ផលិតផល​មិន​ត្រឹមត្រូវ​នេះ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕