ភ្នំពេញៈ រដ្ឋសភាកម្ពុជាបានអំពាវនាវដល់ប្រទេសជាសមាជិកអាស៊ានពិចារណាបង្កើតក្រមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីដោះស្រាយកត្តាប្រឈមនៅក្នុងវិធីសាស្ត្រជាប្រព័ន្ធ ដើម្បីឈានទៅសម្រេចសហគមន៍អាស៊ានគ្មានគ្រឿងញៀន។
លោក ជាម យៀប អនុប្រធានទី ១ នៃរដ្ឋសភាកម្ពុជាបានថ្លែងថា មិនមានប្រទេសណាមួយអាចយកឈ្នះសង្គ្រាមគ្រឿងញៀនតែឯងបានទេ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងឧស្សាហកម្មគ្រឿងញៀនខុសច្បាប់ និងសកម្មភាពជួញដូរគ្រឿងញៀន គ្រប់ប្រទេសទាំងអស់ត្រូវការធ្វើការរួមគ្នា និងមានកិច្ចខិតខំប្រឹងប្រែងជាប្រចាំ។
លោកថ្លែងដូច្នេះក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី «គ្រឿងញៀនគ្រោះថ្នាក់» នៅថ្ងៃនេះ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំតាមប្រព័ន្ធនិម្មិតផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា ក្រោមប្រធានបទ «ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នា ដើម្បីអាស៊ានគ្មានគ្រឿងញៀន»។
ហ្វេសប៊ុករដ្ឋសភាកម្ពុជាបញ្ជាក់ថា៖ «ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី ១ នៃរដ្ឋសភាបានអំពាវនាវដល់រដ្ឋសមាជិកអាស៊ានទាំងអស់ក្នុងការពិចារណាបង្កើតក្រមប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយ ដែលមានលក្ខណៈសុខដុមនីយកម្ម ឬពិធីសារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងការដោះស្រាយ កត្តាប្រឈមទាំងអស់គ្នា នៅក្នុងវិធីសាស្ត្រជាប្រព័ន្ធ ដើម្បីឈានទៅសម្រេចសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន»។
លោក ជាម យៀប សង្ឃឹមថា ប្រទេសនីមួយៗអាចទាញយកបាននូវមេរៀនជាបទពិសោធខ្លះៗពីកិច្ចប្រជុំនេះ និងអាចចូលរួមចែករំលែក ដើម្បីបង្កើតយន្តការរឹងមាំមួយ និងមានប្រសិទ្ធភាពឆ្លើយតបទៅនឹងកត្តាប្រឈមនៃគ្រឿងញៀនខុសច្បាប់ ដែលកំពុងប្រឈមជាមួយនឹងសហគមន៍អាស៊ាន៕