ភ្នំពេញៈ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​អប់រំ​ដាក់ពាក្យ​ស្នើសុំ​ផ្លាស់ប្ដូរ​ទីកន្លែង​បម្រើ​ការងារ​តាម​ប្ដី ឬ​ប្រពន្ធ​ជា​មន្ត្រីរាជការ​ សម្រាប់​ឆ្នាំ​សិក្សា​ ២០២១-២២ ​នេះ​ចាប់ពី​ខែសីហា​ខាងមុខនេះ​តទៅ​។

សេចក្ដី​ជូនដំណឹង​ស្តីពី​ករណី​ផ្លាស់ប្តូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ​តាម​ប្ដី ឬ​ប្រពន្ធ​ជា​មន្ត្រីរាជការ ឆ្នាំ​សិក្សា​ ២០២១-២២ ​បាន​ជម្រាបជូន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត​ថា​ក្រសួង​បាន​អនុញ្ញាត​ឱ្យ​មន្ទីរ​ទទួល​ពាក្យសុំ​ផ្លាស់ប្ដូរ​ទីកន្លែង​បម្រើ​ការងារ​បុគ្គលិក​អប់រំ តាម​ប្ដី ឬ​ប្រពន្ធ ជា​មន្ត្រីរាជការ​សម្រាប់​ឆ្នាំ​សិក្សា ២០២១-២២ ​នេះ​។

សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ត្រូវ​ទទួល​ពាក្យសុំ ផ្លាស់ប្ដូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ តាម​ប្ដី ឬ​ប្រពន្ធ ជា​មន្ត្រីរាជការ​ចាប់ពី​ខែសីហា ឆ្នាំ​ ២០២២ តទៅ និង​ធ្វើការ​បូកសរុប​រៀបចំ​បញ្ជី​ឈ្មោះ រួច​ផ្ញើជូន​ក្រសួង ​(​នាយកដ្ឋាន​បុគ្គលិក​) យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បី​ស្នើសុំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​ក្រសួង​។

សំណុំ​ឯកសារ​ដែល​ត្រូវ​ផ្ញើជូន​ក្រសួង​មាន ៖១. ពាក្យសុំ​ផ្លាស់ប្ដូរ​ទីកន្លែង​បម្រើ​ការងារ​តាម​ប្ដី ឬ​ប្រពន្ធ​ជា​មន្ត្រីរាជការ ឆ្លង​រាជធានី ខេត្ត និង​បញ្ជី​សរុប និង​ ២. បញ្ជីរាយនាម​បុគ្គលិក​អប់រំ​សុំ​ផ្លាស់ប្ដូរ​ទីកន្លែង​បម្រើ​ការងារ តាម​ប្តី ឬ​ប្រពន្ធ ជា​មន្ត្រីរាជការ​ក្នុង​ខេត្ត​៕