
ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ (CAMSOC) បានប្រកាសរៀបចំការប្រកួតជ្រើសរើសស្នាដៃប្រឡងប្រណាំងគំនូរមេដាយ និងគំនូរគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ ២០២៣ ដើម្បីប្រើប្រាស់ជាផ្លូវការ ដោយអ្នកទទួលជយលាភីនឹងទទួលបានថវិកា ១០ លានរៀល។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ ឆ្នាំ ២០២៣ ចុះថ្ងៃទី ២២ ខែមិថុនា បានឱ្យដឹងថា ក្នុងគោលបំណងឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ ជាប្រវត្តិសាស្ត្រខ្មែរ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ សូមប្រកាសរៀបចំការប្រកួតជ្រើសរើសស្នាដៃ ប្រឡងប្រណាំងគំនូរមេដាយនិងគំនូរគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ ២០២៣។
លក្ខខណ្ឌតម្រូវរួមមាន៖ ១. បើកចំហជាសាធារណៈដល់សិស្ស-និស្សិត យុវជន និងបងប្អូនប្រជាពលរដ្ឋ ដែលមានស្នាដៃគំនូរ និងមាន ទេពកោសល្យល្អ ចូលរួមគូសគំនូរមេដាយ និងគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ ២០២៣ និង ២. ស្នាដៃដែលបានសម្រេចជ្រើសរើសត្រូវរក្សាសិទ្ធិផ្ដាច់មុខដោយ "CAMSOC។ ជយលាភីនឹងទទួលបានទឹកប្រាក់ជារង្វាន់លើកទឹកចិត្ត ១០ លានរៀលម្នាក់ សម្រាប់ទាំង២ស្នាដៃនៃគំនូរ មេដាយ និងគំនូរគប់ភ្លើង។
សាធារណជនដែលចាប់អារម្មណ៍ និងបំណងចូលរួមប្រកួត សូមដាក់ស្នាដៃមក អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១៧:០០ ជាកំណត់។
ទីកន្លែងទទួលស្នាដៃ អគ្គលេខាធិការដ្ឋាន CAMSOC អគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា "NOCC" ខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕