
គ្រឿងញៀនជិត ២០០ គីឡូក្រាម ដែលសមត្ថកិច្ចបង្រ្កាបបានកាលពីឆ្នាំមុន។ រូបថត ហ្វេសប៊ុក
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យសាសនា វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងជនរួមជាតិទាំងអស់ ពិសេសមាតាបិតានិងអាណាព្យាបាល ត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូចនេះ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយលោកបានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះជាមួយបណ្តាប្រទេសនានា និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ។
សម្រាប់ឆ្នាំ ២០២២ នេះ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC) បានដាក់ចេញប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌» ដើម្បីជំរុញនូវការលើកកម្ពស់ប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបប្រទះទៅនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពនិងមនុស្សធម៌។
លោក ហ៊ុន សែន បានលើកឡើងថា ៖ «ជាក់ស្តែង ក្នុងឆ្នាំ ២០២២ នេះ បើទោះបីជាប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបាន និងកំពុងបន្តទទួលរងនូវបញ្ហាប្រឈមជាច្រើន ដែលបង្កឡើងដោយជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែនក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តោតការយកចិត្តទុកដាក់ ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់រាជរដ្ឋាភិបាល»។
ទោះបីជាមានការខិតខំប្រឹងប្រែងទទួលបានលទ្ធផលជាច្រើនក៏ដោយ ប៉ុន្តែដោយនិន្នាការរួមជាសកល កម្ពុជាក៏ដូចជាបណ្តាប្រទេសដទៃទៀត នៅតែប្រឈមគួរឱ្យព្រួយបារម្ភពីការប៉ុនប៉ង ផលិតកែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។
លោក ហ៊ុន សែន បានធ្វើការណែនាំនិងសំណូមពរ បន្ថែមទៅលើបទបញ្ជាគោលការណ៍ណែនាំ ដែលបានដាក់ចេញកន្លងមកមួយចំនួនទៀតដោយលោកបានអំពាវនាវដល់បងប្អូនកូនក្មួយ ព្រមទាំងចៅៗជាជនរួមជាតិទាំងអស់ ពិសេសមាតាបិតា និងអាណាព្យាបាល សូមបន្តចូលរួម និងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នា បង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមាននៅក្នុងសហគមន៍។
លោកបានបញ្ជាក់ថា ៖ «ខ្ញុំក៏សូមឱ្យមាតាបិតានិងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំ កូនចៅឱ្យបានល្អ ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពនិងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត ដើម្បីអនាគតកូនចៅយើង»។
គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យបានផុលផុស និងគ្រប់គោលដៅប្រឈម។
លោក ហ៊ុន សែន បានបន្ថែមថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីខេត្ត ពិសេសក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងគុណភាពប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាព្យាបាលស្តារនីតិសម្បទាទាំងនៅក្នុងមជ្ឈមណ្ឌលជាតិ មជ្ឈមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋនិងឯកជន។
លោកថា ៖ «មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនានា ត្រូវជួយសម្របសម្រួល គាំទ្រ លើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើគ្រឿងញៀនឱ្យទៅទទួលយកសេវាព្យាបាល ស្តារនីតិសម្បទា ក្នុងមូលដ្ឋានរបស់ខ្លួន»៕