​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​គ្រប់​កម្រិត ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេ​ច ធី ភី ដល់​បុគ្គលិក​អប់រំ និង​អ្នកសិក្សា​។​

​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា ពី​ការទប់ស្កាត់ ការប្រើប្រាស់​បារី​អេឡិចត្រូនិក និង​ផលិតផល អេ​ច ធី ភី (HTPs-Heated Tobacco Products) នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។​

​ក្រសួង​បានធ្វើ​ការណែនាំ​នេះ​ដើម្បី​ទប់ស្កាត់​ការផ្សព្វផ្សាយ​អូសទាញ​យុវវ័យ ឱ្យប្រើ​ប្រាស់​បារី​អេឡិចត្រូនិក​និង​ផលិតផល អេ​ច ធី ភី ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ដូចជា បង្ក​ជំងឺមហារីក បង្កើន​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​សួត ធ្វើឱ្យ​ខួរក្បាល​មានដំណើរ​ការ​មិន​ប្រក្រតី​ក្នុងអំឡុងពេល​ប្រើប្រាស់ និង​ប៉ះពាល់​យូរអង្វែង​ដល់​ការលូតលាស់​ខួរក្បាល​របស់​កុមារ​និង​យុវវ័យ ព្រមទាំង​បង្ក​អន្តរាយ​ដល់​រាងកាយ​។​

​លោក ហង់​ជួន ណា​រ៉ុ​ន បាន​លើកឡើងថា គ្រប់​អង្គភាព​ចំណុះ​ក្រសួង គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​គ្រប់​កម្រិត​ត្រូវធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ផលិតផល​ទាំងនេះ​ដល់​បុគ្គលិក​អប់រំ និង​អ្នកសិក្សា​។

​លោក​បាន​បញ្ជាក់ថា៖ «​សូម​ហាមឃាត់​ការប្រើប្រាស់ ការចែក​ចាយ ការជួញដូរ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​រូបភាព​អំពី​បារី​អេឡិចត្រូនិក និង​ផលិតផល អេ​ច ធី ភី​ខាងក្នុង និង​ជុំវិញ​បរិវេណ​គ្រឹះស្ថានសិក្សា ហើយ​សូម​សហការ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល បុគ្គលិក​អប់រំ និង​អ្នកសិក្សា ក្នុង​ការកំណត់​មុខសញ្ញា​ទីតាំង​ចែកចាយ និង​ជួញដូរ​ផលិត​ទាំងនេះ​ដើម្បី​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​»​។​

​ក្រសួងសុខាភិបាល​បានលើកឡើង​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេ​ច ធី ភី ដែល​វា​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព បណ្តាលឱ្យ​ញៀន បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បេះដូង និង​សួត រហូតដល់​បាត់បង់​ជីវិត​ផងដែរ​៕​