ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ ការបើកចំហ ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ការកាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​សម្រាប់​ពិភពលោក​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ស្រប​ពេលដែល​តំបន់ និង​សកលលោក​កំពុង​បន្ត​ប្រឈម​កាន់តែ​ស្រួចស្រាល់​ឡើងៗ និង​មិនអាច​ប៉ាន់ប្រមាណ​បាន​ចំពោះ​ការអភិវឌ្ឍ ដែល​រួមមាន​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ជាដើម​។​

​លោក​អំពាវនាវ​ដូច្នេះ​ក្នុង​កិច្ចសន្ទនា​ជាន់ខ្ពស់​នៃ​ថ្នាក់ដឹកនាំ​ប្រ៊ី​ក​បូក (BRICS Plus) ស្តីពី​ការអភិវឌ្ឍ​សកល​ក្រោម​មូលបទ «​លើកកម្ពស់​ភាពជា​ដៃគូ​អភិវឌ្ឍន៍​សកល​សម្រាប់​យុគសម័យ​ថ្មី ដើម្បី​រួមគ្នា​អនុវត្ត​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» កាលពី​ថ្ងៃទី​​ ២៤ មិថុនា ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។

​លោក ហ៊ុន សែន ថ្លែងថា​៖ «​យើង​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ពង្រឹង​ពហុភាគី​និយម ជាពិសេស លើកកម្ពស់​ការបើកចំហ​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​នានា​ជាពិសេស​លើ​ទំនិញ​យុទ្ធសាស្ត្រ ដូចជា​ស្បៀងអាហារ ថ្នាំពេទ្យ និង​ថាមពល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល​»​។

​លោក​ថ្លែងថា ការរីក​រាលដាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ បណ្តាលឱ្យមាន​ការខាតបង់​នូវ​វឌ្ឍនភាព​សង្គម​-​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​សម្រេចបាន​ក្រោម​ក្របខ័ណ្ឌ​របៀបវារៈ ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​លោកនាយក​រដ្ឋមន្ត្រី​លើកឡើងថា បច្ចុប្បន្ន តំបន់ និង​សកលលោក​បាននិងកំពុង​បន្ត​ប្រឈម​កាន់តែ​ស្រួចស្រាល់​ឡើងៗ ហើយ​កាន់តែ​ស្មុគស្មាញ និង​មិនអាច​ប៉ាន់ប្រមាណ​បាន ចំពោះ​ការអភិវឌ្ឍ រួមមាន​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ សង្គ្រាមយោធា ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ការប្រែប្រួល​អាកាសធាតុ ការ​រឹតបន្ដឹង​នូវ​គោលនយោបាយ​រូបិយវត្ថុ​។​

​លោក​អះអាងថា កត្តា​ទាំងនេះ​បាននិងកំពុង​បង្កឱ្យមាន​ការផ្លាស់ប្តូរ​និម្មាបនកម្ម​សេដ្ឋកិច្ច​សកលលោក និង​បន្ទច់បង្អាក់​ចរន្ត​សកលភាវូបនីយកម្ម ដែល​ធ្វើឱ្យ​ខ្សែ​ច្រវាក់​តម្លៃ​សកល និង ផលិតភាព​សកល​មានការ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។​

​លោក ហ៊ុន សែន ក៏​អំពាវនាវ​ឱ្យមាន​ការពង្រឹង និង​ពង្រីក​កិច្ចសហការ​ក្នុង​វិស័យ​សង្គម​-​សេដ្ឋកិច្ច​ថ្មីៗ ក៏​ជា​កិច្ចការ​អាទិភាព​ផងដែរ ដោយ​លោក​បញ្ជាក់ថា​៖ «​យើង​គួរផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​ការបង្កើន​កិច្ចសហការ​ក្នុងការ​ពង្រឹងសមត្ថភាព និង​ព​ន្លឿ​ន​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ដែលជា​ប្រភព​កំណើន​ថ្មី ជាពិសេសជួយ​ប្រទេស​ដែលមាន​កម្រិត​អភិវឌ្ឍន៍​ទាប ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​»​។

​លោក​ថែមទាំង​ជំរុញឱ្យមាន​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង ដែល​លោក​ចាត់ទុកថា​ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន​សម្រាប់​ទ្រទ្រង់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព តាមរយៈ​ការគាំទ្រ​ការពង្រីក​កិច្ចសហប្រតិបត្តិការ លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ការជំរុញ​ការធ្វើ​អន្តរកាល​ថាមពល និង ការប្រើប្រាស់​បច្ចេកវិទ្យា​បៃតង​ជាដើម​។​

​លោក ហ៊ុន សែន បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ ២០២២ ថា​នឹង​ខិតខំ​ប្រឹងប្រែង​ដើរតួនាទី​យ៉ាងសកម្ម​បន្ថែមទៀត​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​ជាមួយ​ដៃគូ ក្នុង​គោលដៅ​ជំរុញ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​បរិ​យា​ប័ន្ន ចីរភាព និង​ភាព​ធន់ ដើម្បី​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​របៀបវារៈ ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕