កំពង់ស្ពឺៈ យ៉ាងហោចណាស់​មនុស្ស​ ១១​ នាក់​របួសធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នៅ​ភូមិ​ច្រក​ពូ​ល ឃុំ​ជម្ពូរ​ព្រឹក្ស ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ព្រឹក​ថ្ងៃទី​ ២៥ ខែមិថុនា​នេះ​។ នេះ​បើតាម​ព័ត៌មាន​បឋម​រប​ស់ស​ម​ត្ថ​កិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោ​យារ​អ្នកបើកបរ​រថយន្ត បើកបរ​ដោយ​ខុស​លក្ខណៈ​បច្ចេកទេស​ផ្លូវកែង​បត់​។ ដោយ មុន​កើតហេតុ មាន​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ចំណុះ​ ២​ តោន​កន្លះ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A-2816 ដឹក​កម្មករ កម្មការិនី ចំនួន ២៧ នាក់​ បើកបរ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ជា​ផ្លូវ​កោង ក៏បាន​ក្រឡាប់ចាក់​កម្មករ កម្មការិនី​ចោល​បណ្តាលឱ្យ​រង​បួស​ធ្ងន់​-​ស្រាល ចំណែក​អ្នកបើករថយន្ដ​ដឹក​កម្មករ មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់​។​

​សមត្ថកិច្ច​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក រួមជាមួយ​មន្ទីរជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ជូន​អ្នកបើកបរ​រថយន្ដ​តាម​បណ្ដា​រោងចក្រ​សហគ្រាស វិស័យ​ដឹកជញ្ជូន​នេះ​ញឹកញាប់​និង​ជាប្រចាំ ប៉ុន្តែ​យ៉ាងណាក៏ដោយ ករណី​គ្រោះថ្នាក់​ចរាចរ​នៅតែ​កើតមាន​»​។

​បើតាម​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ កម្មករ កម្មការិនី ដែល​រងរបួស​ធ្ងន់ ចំនួន​ ១១​​ នាក់ និង ស្រាល​ចំនួន​ ១៦​ នាក់ ត្រូវបាន​មន្ត្រី​ជំនាញ ហៅ​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក ស្រុក​ឧដុង្គ។ ចំណែក​វត្ថុតាង​រថយន្ត បាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ឧដុង្គ​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​៕