​ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បញ្ជាក់ថា កម្ពុជា​ប្តេជ្ញា​អនុវត្ត​រាល់​ឯកសារ និង​កិច្ចព្រមព្រៀង​ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​-​វៀតណាម​បានអនុម័ត​កន្លងមក​ឱ្យ​លេចចេញ​ជា​ផ្លែផ្កា​ជាក់ស្តែង ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​ប្រទេស​ទាំង​ ២ ក៏ដូចជា​រួមចំណែក​ដ​ល់​សន្តិភាព ស្ថិរភាព វិបុលភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​សហគមន៍​អាស៊ាន និង​សកលលោក​។

​លោក​លើកឡើង​ដូច្នេះ​កាលពី​ម្សិលមិញ​ក្នុង​បទសម្ភាសន៍​ស្តីពី​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​ ក្នុងឱកាស​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​។​

​តាមរយៈ​បទសម្ភាសន៍​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ម្សិលមិញ លោក ប្រាក់ សុខុន ថ្លែងថា​៖ «​យើង​ក៏​នឹង​បន្ត​ខិតខំ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​អាច​កើតមានឡើង ដោយ​ផ្អែកលើ​គោលការណ៍​ភាពជា​អ្នកជិតខាង​ល្អ ការយោគយល់​គ្នា និង​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​»​។​

​លោក​បន្តថា កម្ពុជា​នឹង​បន្ត​ជំរុញ​យន្តការ​ដែលមាន​ស្រាប់​ជាមួយ​វៀតណាម​ឱ្យ​កាន់តែ​សកម្ម ដូចជា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (JC) កិច្ចប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម​(JBC) ព្រមទាំង​យន្តការ​ទ្វេភាគី​ដទៃទៀត ដើម្បី​ពង្រីក​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​។

​លោក​បាន​ថ្លែងថា​៖ «​ពិតណាស់​យើង​ត្រូវ​រួមគ្នា​បន្ត​ពូន​ជ្រុំ ថែរក្សា និង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី ទំនាក់ទំនង​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​វៀតណាម ដែល​កំពុង​រីកលូតលាស់​ឥតឈប់ឈរ ក្រោម​ស្មារតី​ភាពជា​អ្នកជិតខាង​ល្អ សាមគ្គីភាព ជំនឿ​ជឿជាក់ និង​ការយោគយល់​គ្នា​ទៅវិញទៅមក ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជាតិ និង​ប្រជាជន​យើង​ទាំង​២»​។​

​លោក ប្រាក់ សុខុន ថ្លែងថា ក្នុង​រយៈពេល ៥៥ ឆ្នាំ​កន្លងទៅនេះ ទំនាក់ទំនង​កម្ពុជា​-​វៀតណាម បានបង្ហាញ​ឱ្យ​សកលលោក​មើលឃើញ​យ៉ាងច្បាស់​ថា គឺជា​ទំនាក់ទំនង​ដ៏​រឹងមាំ ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ និង​ធន់​ទៅនឹង​សម្ពាធ​ពី​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​ទាំង​ក្នុង​តំបន់​និង​អន្តរជាតិ​។​

​លោក​បន្តថា កម្ពុជា​-​វៀតណាម​អាច​រក្សាបាន​នូវ​ចំណង​សាមគ្គីភាព​ដ៏​ស្អិតល្មួត និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ក្នុង​គ្រប់​ក្របខ័ណ្ឌ​ទាំង​ទ្វេភាគី និង​ពហុភាគី ឱ្យ​រីកចម្រើន​លូតលាស់​ជា​លំដាប់ នៅ​គ្រប់​ដំណាក់កាល ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ល្អប្រសើរ​របស់​ប្រជាជន និង​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំង ​២៕​