
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនថ្លែងសុន្ទរកថាក្នុងពិធីជួបជុំប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា (MBCC) នៅសណ្ឋាគារណាហ្គាវើលដ៍ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងអំពីវិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីជំរុញវិនិយោគិន និងវិស័យឯកជនទាំងអស់ ក្រោមការសម្របសម្រួលរបស់ MBCC ផ្តោតយកចិត្តទុកដាក់បន្ថែមលើការងារបោសសម្អាតមីនមនុស្សធម៌ ដែលបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្តល់សុវត្ថិភាពដល់កម្ពុជា និងការវិនិយោគ។
អនុប្រធានទី១ អាជ្ញាធរមីន លើកឡើងបែបនេះនៅល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្នុងពេលលោកបានអញ្ជើញជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាក្នុងពិធីជួបជុំប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា (MBCC) នៅសណ្ឋាគារណាហ្គាវើលដ៍ រាជធានីភ្នំពេញ។
លោកថា នៅទូទាំងប្រទេសកម្ពុជា មនុស្សជាង ១ លាននាក់រស់នៅក្នុងភាពភ័យខ្លាច និងធ្វើការនៅតំបន់ដែលមានមីន។ ដើម្បីបំពេញកាព្វកិច្ចចំពោះប្រជាជន យើងត្រូវបោសសម្អាតដីដែលមានមីនប្រមាណ ៧៣៦ គីឡូម៉ែត្រការ៉េ ត្រឹមឆ្នាំ ២០២៥។ ហើយទោះបីឆ្នាំ ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប៉ុន្តែរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក៏ត្រូវធ្វើការរួមគ្នា និងពន្លឿនសកម្មភាពកម្ចាត់មីនផងដែរ។
ក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី ដែលបានរៀបចំឱ្យមានពិធីនេះឡើង៕