ភ្នំពេញៈ ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករង​សៀមរាប នៅ​ថ្ងៃនេះ បាន​រៀបចំ​ធ្វើ​ពិធី​ផ្ទេរ​ប្រគល់​ទទួល​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​ស្ម័គ្រចិត្តវៀតណាម ចំនួន ២៣​អដ្ឋិធាតុ​បន្ថែម ដែល​បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប ជំហាន​២ ដំណាក់កាល​ទី​២១ ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។

រដ្ឋបាល​ខេត្ត​សៀមរាប បាន​ដក​ស្រង់​របាយការណ៍​របស់​តំបន់​ប្រតិបត្តិការ​សឹករង​សៀមរាប បាន​ឱ្យ​ដឹង​នា​ថ្ងៃ​នេះ​ថា កន្លងមក ក្រុម​ការងារ​គណៈកម្មការ​រុករក​ជីក​គាស់​ធ្វើ​មាតុភូមិ​និវត្តន៍​វៀតណាម ខេត្ត តៃនិញ ជាមួយ​ខេត្ត​សៀមរាប បាន​ស្វែង​រុករក​ជីកគាស់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម នៅ​ក្នុង​ភូមិសាស្ត្រ ខេត្ត​សៀមរាប ចាប់​ពី​ឆ្នាំ ២០០៣ មក​ដល់​ខែ​មិថុនា ឆ្នាំ ២០២២ នេះ បាន​ចំនួន ៩៤០​អដ្ឋិធាតុ​ហើយ នៅ​ជំហាន​២ ដំណាក់​កាល​ទី ២១​នេះ។

របាយការណ៍​បន្ត​ថា ចាប់​ពី​ថ្ងៃទី​២១ ខែ​កុម្ភៈ មក​ដល់​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ ២០២២​នេះ ក្រុម​ការងារ​បាន​រក​ឃើញ​អដិ្ឋធាតុ ចំនួន ២៣ អដ្ឋិធាតុ នៅ​ស្រុក​ចំនួន ៥ ក្នុង​ខេត្ត​សៀមរាប មាន​ស្រុក​ក្រឡាញ់ ស្រុក​ពួក ស្រុក​អង្គរជុំ ស្រុក​សូទ្រនិគម និង​ស្រុក​អង្គរធំ។

លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា ក្នុង​ការ​ស្វែង​រុករក និង​ធ្វើ​មាតុភូមិ​និវត្តន៍​អដិ្ឋធាតុ​កងទ័ព​វៀតណាម​នា​ពេល​នេះ គឺ​អនុវត្តន៍​តាម​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម និង​រវាង​ខេត្ត​សៀមរាប ជាមួយ​ខេត្ត​តៃនិញ ដោយ​មាន​ផែនការ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័ត្រចិត្ត​វៀតណាម នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប៕