ភ្នំពេញៈ កម្ពុជា និង​កូរ៉េខាងត្បូង​ចែក​រំលែក និង​ផ្លាស់ប្តូរ​បទពិសោធគ្នា​ទៅ​វិញ​ទៅ​មក និង​ជំនាញ​នៅ​ក្នុង​វិស័យ​ត្រចៀក ច្រមុះ និង បំពង់ក ដោយ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​រួមគ្នា ដោយ​ប្រើ​វិធីសាស្ត្រ​ពហុជំនាញ។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (កយកា-KOICA) និង​មជ្ឈមណ្ឌល​សាកល​វិទ្យាល័យ វេជ្ជសាស្ត្រ​ ស៊ុនជុនយ៉ាង នៃ​សាធារណរដ្ឋកូរ៉េ បាន​រៀបចំ​សិក្ខា​សាលា​រួម កម្ពុជា-កូរ៉េ លើក​ទី​២ ស្តី​អំពី​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ជាមួយ​ក្រសួង​សុខាភិបាល និង​មន្ទីរពេទ្យ​ព្រះអង្គឌួង នៅ​ថ្ងៃនេះ នៅ​សណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ។

លោក គីម ខ្វាងវុក ប្រធាន​តំណាង​ស្តីទី​នៃ កយកា ប្រចាំ​ការិយាល័យ​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា៖ «គោល​បំណង​នៃ​សិក្ខា​សាលា​នេះ គឺដើម្បី​ចែក​រំលែក​និង​ផ្លាស់ប្តូរ​បទពិសោធគ្នា​ទៅ​វិញ​ទៅ​មក និង​ជំនាញ​របស់​ប្រទេស​នីមួយៗ (កម្ពុជា កូរ៉េ) នៅក្នុង​វិស័យ ត្រចៀក ច្រមុះ និង​បំពង់ក ជាពិសេស ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​រួមគ្នា រវាង​ផ្នែក ត្រចៀក ច្រមុះ បំពង់ក ក្បាល និងក ដោយ​ប្រើ​វិធីសាស្ត្រ​ពហុជំនាញ»។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា សាធារណរដ្ឋ​កូរ៉េ​កន្លងមក​បាន​ផ្តល់​អគារ​ថ្មី និង​ជំនួយបច្ចេកទេស​សម្រាប់​ជំងឺ​ត្រចៀក ច្រមុះ និងបំពង់ក នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង តាម​រយៈ KOICA និង​មជ្ឈមណ្ឌល​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ ស៊ុនជុនយ៉ាង នៃ​សាធារណរដ្ឋកូរ៉េ។

KOICA បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃនេះ​ថា KOICA បាន​ផ្តល់​ជំនួយ​ឥតសំណង​ក្នុង​ទឹកប្រាក់​ចំនួន ៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់ «គម្រោង​ការ​កសាង​សមត្ថភាព​សម្រាប់​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក (ENT) នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង» ដែល​បាន​អនុវត្ត​ចាប់​ពី​ឆ្នាំ២០១៨ រហូត​ដល់​ឆ្នាំ ២០២២​នេះ៕