
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែមិថុនានេះ។ ហ្វេសប៊ុក
ព្រៃវែងៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រជាពលរដ្ឋស្រុកមេសាង មិនខុសពីស្រុកដទៃទៀតនៃខេត្តព្រៃវែង និងទូទាំងប្រទេសដែរ គឺបានខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ពិសេសចូលរួមធ្វើឱ្យដំណើរការការបោះឆ្នោតឃុំ សង្កាត់ ប្រព្រឹត្តទៅដោយសុវត្ថិភាពទាំងស្រុង គ្មានអំពើហិង្សា និងគ្មានឃាតកម្មនយោបាយ។
ការថ្លែងរបស់លោក ស ខេង បែបនេះធ្វើឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែមិថុនានេះ។
លោកបញ្ជាក់ថា៖«នេះគឺម្យ៉ាងដោយសារសមត្ថកិច្ចរដ្ឋបាលស្រុកឃើញ ប៉ុន្តែទន្ទឹមនោះក៏មានការគាំទ្រពីប្រជាពលរដ្ឋ ពីគណបក្សនយោបាយនានាមិនបង្កនូវបញ្ហានាំឱ្យប៉ះពាល់ការបោះឆ្នោត»។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកបរិយាកាសនយោបាយនៃការបោះឆ្នោតឃុំ សង្កាត់នេះថា ជាវប្បធម៌ថ្មីមួយ នៃជនជាតិកម្ពុជាដែលទើបតែបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែគំនុំសងសឹក ត្រូវបានលុបបំបាត់ជាបណ្តើរៗ តាមរយៈការបោះឆ្នោតជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតលើកចុងក្រោយនេះ អាចសន្និដ្ឋានថា ប្រជាពលរដ្ឋកម្ពុជា មានភាពចាស់ទុំ អត់ធ្មត់ មិនមានគំនុំសងសឹក។
លោកបន្ថែមថា កត្តាសុខសន្តិភាពស្ថិរភាពសព្វថ្ងៃ គឺជាក្ដីសង្ឃឹមដែលបង្ហាញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថា នឹងកាន់តែល្អប្រសើរនាពេលអនាគត ពីព្រោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ មានគោលបំណង ធ្វើយ៉ាងណាឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាព គ្មានសង្គ្រាម គ្មានកាប់សម្លាប់ គ្មានតំបន់អប្បគមន៍ ឬក៏មានកម្លាំងឧទ្ទាមក្រៅច្បាប់ គឺមានតែគណបក្សនយោបាយដែលប្រកួតប្រជែងគ្នាដើម្បីឡើងកាន់អំណាចតាមបែបប្រជាធិបតេយ្យ។
លោកថ្លែងថា៖«បោះឆ្នោតហើយ យើងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ គោរពការសម្រេចចិត្តរបស់ពលរដ្ឋសំឡេងភាគច្រើន ដែលបោះឱ្យបក្សណាមួយឈ្នះឆ្នោត។ ឥឡូវគណបក្សយើងឈ្នះឆ្នោត ឆន្ទៈប្រជាពលរដ្ឋគាំទ្រគណបក្សយើង អ៊ីចឹងអ្នកដែលមិនឈ្នះឆ្នោត ឬសំឡេងភាគតិចក្នុងក្រុមប្រឹក្សាត្រូវតែឱ្យតម្លៃ គោរពឆន្ទៈប្រជាពលរដ្ឋ។ ខ្ញុំសង្ឃឹមថា នៅពេលបោះឆ្នោតខាងមុខនេះ យើងនឹងធ្វើបានល្អដូចការបោះឆ្នោតឃុំ សង្កាត់ដែរ។ បើយើងធ្វើបានដូចការបោះឆ្នោតនេះ កិត្យានុភាពលើឆាកអន្តរជាតិរបស់កម្ពុជាយើងនឹងកាន់តែត្រូវបានលើកកម្ពស់»៕