
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខជនរងគ្រោះចំនួន ២៧ នាក់ ក្នុងនោះ របួសធ្ងន់ ១១ នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅព្រឹកថ្ងៃទី២៥ ខែមិថុនា នៅចំណុចភូមិ ពពូល ឃុំជំពូរព្រឹក្ស ស្រុកឧដ្ដុង្គ។ រូបថត ហ្វេសប៊ុក
កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវយ៉ាងទទូចដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដោយកុំវ៉ាជែង ក្នុងស្ថានភាពមិនល្អ កុំបើកបរលើសល្បឿនកំណត់ ពីព្រោះអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវបានកម្មករកម្មការិនី រាប់សិបនាក់បានស្ម័គ្រផ្ញើអាយុជីវិតនៅលើយើងអ្នកបើកបរតែម្នាក់គត់។
ការអំពាវនាវរបស់អភិបាលខេត្តកំពង់ស្ពឺនេះ ធ្វើឡើងនៅពេលលោកចុះសួរសុខទុក្ខជនរងគ្រោះចំនួន ២៧ នាក់ ក្នុងនោះ របួសធ្ងន់ ១១ នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅព្រឹកថ្ងៃទី២៥ ខែមិថុនា នៅចំណុចភូមិ ពពូល ឃុំជំពូរព្រឹក្ស ស្រុកឧដ្ដុង្គ។
លោកថ្លែងថា៖ «សូមបងប្អូន កូនក្មួយ ដែលជាម្ចាស់រថយន្ត និងជាអ្នកបើកបរ សូមមេត្តាគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ សូមអរគុណ»។
សូមបញ្ជាក់ថា នៅក្នុងស្រុកឧដ្ដុង្គ វេលាម៉ោង ៦ និង ១៥ នាទីព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចភូមិពពូល ឃុំជំពូរព្រឹក្ស ស្រុកឧដ្ដុង្គ ដោយរថយន្តដឹកកម្មករ ១ គ្រឿង ចំណុះ ២ តោនកន្លះ ដឹកកម្មករ ចំនួន ៥០ នាក់ មកពីឃុំអមលាំង ស្រុកថ្ពង បានក្រឡាប់ដោយសារផ្លូវកោង ហើយបើកក្នុងល្បឿនលឿន ។ ក្នុងគ្រោះថ្នាក់នេះ បណ្តាលឱ្យកម្មកររងរបួស ចំនួន ២៧ នាក់ ស្រី ២៦ នាក់ ក្នុងនោះរបួសធ្ងន់ ១១នាក់ ស្រី ១០នាក់៕