សីហនុៈ លោក​ឧត្តម​សេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ការប្រើប្រាស់ និង​ជួញដូរ​អាវុធ​ខុសច្បាប់ ព្រមទាំង​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បាន​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម​មិន​បន្ធូរដៃ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្ងៃទី​ ២៥ ខែមិថុនា​នេះ​។

សន្និសីទ​នេះ​ធ្វើឡើង​ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន​ឱ្យបាន​យល់ដឹង​ពី​ការខិតខំ​យកចិត្ត​ទុកដាក់​ថែរក្សា​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ស្រាយ​ចម្ងល់​ពលរដ្ឋ​ដែល​បាន​លើកឡើង​ថា ប៉ុន្មាន​ថ្ងៃនេះ​ឮ​តែ​សមត្ថកិច្ច​សហការ​ជាមួយ​នាយកដ្ឋាន ជំនាញ​ព្រហ្មទណ្ឌ សន្តិសុខ និង​មាន​ការ​ពន្លាត​ដែនដី​ពី​ព្រះរាជអាជ្ញា​គ្រប់​រាជធានី​ខេត្ត​ដែល​សមត្ថកិច្ច​យើង​ចុះទៅ ហេតុអ្វី​មិន​បញ្ចេញ​ព័ត៌មាន​។

ចំណុច​នេះ លោក ជួន ណារិន្ទ ពន្យល់ថា​៖ « ហេតុអ្វី​មិន​បញ្ចេញ​ព័ត៌មាន ដោយសារ​ក្នុង​កិច្ចប្រតិបត្តិការ​ពួកយើង​ខ្ញុំ​ជា​វិធានការ​ជំនាញ​សុទ្ធសាធ យើង​មិនអាច​កំពុង​ធ្វើឱ្យ​បែកធ្លាយ​ទេ ទី​ ១ គឺ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​កងកម្លាំង​ដែល​កំពុង​តាម​បង្ក្រាប ទី​ ២​ ធ្វើឱ្យ​ជនសង្ស័យ​ដឹងខ្លួន​រត់គេច​»​។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹងថា នៅ​ព្រលប់​យប់​ថ្ងៃទី​ ១៥ នៅក្នុង​សង្កាត់​លេខ​ ៤ ម្តុំ​អូរត្រេះ មាន​ការ​ផ្ទុះអាវុធ​ចំនួន ​២ ​គ្រាប់ ដែល​បណ្តាល​ឱ្យ​អធិការ​នគរបាល​ក្រុង​ព្រះសីហនុ​រងរបួស​ធ្ងន់​ត្រូវ​គ្រាប់​ជើង​ស្តាំ​។ ផ្តើមចេញពី​ការ​ផ្ទះ​អាវុធ​នៅ​ថ្ងៃទី​ ១៥ ខែមិថុនា​នេះ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការចាប់​បើក​ប្រតិបត្តិការ​ភ្លាមៗ​ ដើម្បី​ស្រាវជ្រាវ​ឱ្យដល់​ឬ​សគល់​រហូត​ដល់​ថ្ងៃទី​ ១៨ ខែមិថុនា តាមរយៈ​ការស្រាវជ្រាវ​ដោយ​វិធានការ​ជំនាញ​របស់​នគរបាល និង​មាន​កិច្ចសហប្រតិបត្តិការ​ពី​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ និង​ព្រះរាជអាជ្ញា​។

សមត្ថកិច្ច​នគរបាល​បង្ក្រាប​បាន​អ្នក​កុម្មង់​ទិញ​អាវុធ​យក​មក​ចែក​ចាយ​ដោយ​ខុសច្បាប់ អ្នក​ដែល​ចែកចាយ រក្សាទុក​អាវុធ​ខុសច្បាប់ និង​អ្នក​កុម្មង់​អាវុធ​យក​ចេញពី​ប្រទេស​ជិតខាង​ចូលមក​កម្ពុជា​សរុប ៦ នាក់ បន្ថែម​លើ​ការឃាត់​ចាប់ខ្លួន​ជាក់ស្តែង​កាលពី​ថ្ងៃទី​ ១៥ មិថុនា​។

លោក​បាន​ឱ្យដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​អាវុធ​បាញ់​គ្រាប់​ពិត​ថ្មី ១០០ ​ភាគរយ ចំនួន ១១ ដើម​ក្នុងនោះ​មាន​អាវុធខ្លី ៩ ដើម​រួម​នឹង​ប្រដាប់​ខ្ទប់​សំឡេង ចំនួន ​១៩ និង​អាវុធ​វែង ២ ​ដើម​ភ្ជាប់​ដោយ​បំពង់​ខ្ទប់​សំឡេង ព្រមទាំង​អាវុធ ៣១ ​ដើម​ផ្សេងទៀត ជា​អាវុធ​បាញ់​គ្រាប់​ជ័រ ដែល​អាច​ធ្វើឱ្យ​ចុក​អួល​ឈឺ​សាច់ និង​ប្រភេទ​អាវុធ​វែង​ប្រើ​ខ្យល់​បាញ់​គ្រាប់ខ្លី ឬ​គ្រាប់​ដែក​ជា​ប្រភេទ​អាវុធ​ធ្វើឱ្យ​មនុស្ស​ស្លាប់ ដែល​ច្បាប់​ហាមឃាត់ រួម​នឹង​ប្រដាប់​កែច្នៃ​គ្រាប់ និង​ប្រភេទ​គ្រាប់​ច្រើន​មុខ ជា​ប្រភេទ​គ្រាប់​សម្លាប់​មនុស្ស​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ជន​ទាំង ​៦ ​នាក់​នេះ​មាន​ខ្សែ​បណ្តាញ​ស៊ីចង្វាក់​គ្នា មាន​ម្នាក់​គាត់​ចែកចាយ កែច្នៃ​គ្រាប់ ដែលមាន​គ្រាប់​ជ័រ និង​គ្រាប់​កែច្នៃ​បាញ់​គ្រាប់​ពិត ៣៨០ ហើយ​ម្នាក់ទៀត មាន​សម្ភារ​មួយ​សិត​របស់​គាត់ គឺ​ជួសជុល​និង​កែច្នៃ​កាំភ្លើង អ៊ីចឹង​ទេវា​ជា​ការងារ​មួយ​ដែល​ច្បាប់​បាន​ចែង​រួចហើយ​ថា​ជា​មុខរបរ​ពិសេស​ដែល​យើង​មាន​វិធានការ​គ្រប់គ្រង​តឹងតែង​ណាស់​»៕