ស្ទឹង​ត្រែងៈ នៅ​ភូមិ​ព្រែក​ សង្កាត់ -ក្រុង​ស្ទឹង​ត្រែង អ្នក​ស្រី ង៉ែត សុភា បាន​ច្នៃ​ប្រឌិត​នំ​អន្សម​ជ្រូក​ខ្មែរ​ឱ្យទៅ​ជា​រសជាតិ​ប្លែក​ថ្មី​ ដោយ​បូកផ្សំ​ជាមួយ​ស្លឹក​តើយ និង​ស្នូល​ពងទា​ប្រៃ ធ្វើជា​មុខរបរ​ប្រចាំ​ថ្ងៃ​ ទទួល​បាន​ការគាំទ្រ​ពី​ប្រជា​ជន​ ពី​គ្រប់​បណ្ដា​ខេត្ត ដែល​បង្កើត​បាន​​ជា​អត្ត​សញ្ញាណ​ប្រចាំ​តំបន់​ ទាក់ទាញ​ភ្ញៀវ​ទេសចរ ជា​ចំណែក​នៃការ​ចូលរួម​អភិរក្ស​នំ​ប្រពៃណី​ខ្មែរ ថែម​ទាំង​បាន​បង្កើត​ការងារ​ដល់​ក្មេងៗ ស្រ្តី​មេម៉ាយ និង​ចាស់ៗ​ ចូល​និវត្តន៍​មួយ​ចំនួន​ក្នុង​ភូមិ​។

លោកស្រី​ ញើច សារឿន​ ប្រធាន​ស្តី​ទី មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្តស្ទឹង​ត្រែង​ ដែល​ធ្លាប់បាន​ចុះ​ទៅ​ផ្ទាល់ រួម​ជាមួយ​ខាង​មន្ទីរ​ទេស​ចរណ៍ បាន​រៀប​រាប់​ ពី​លក្ខណពិសេស ​របស់​នំ​អន្សម​ជ្រូក ​របស់​អ្នកស្រី ង៉ែត សុភា​ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ថា៖ «នំអន្សម​ជ្រូក​នេះ​ ខុស​គ្នា​ត្រង់ ពីមុន​ ដូនតា​យើង​ តែង​វេច​នំ​អន្សម​ជ្រូក​ មាន​ស្នូល​សណ្តែក និង​មាន​សាច់​ជ្រូក​ ហើយ​វេច​តែ​ក្នុង​ពិធី​បុណ្យ​ធំៗ ឬ​ពិធី​មង្គល​ផ្សេងៗ។

ដោយ​ឡែក​នំ​អន្សម​អ្នកស្រី ង៉ែត សុភា វេច​ប្តូរ​មក​ដាក់​ស្លឹកតើយ​ធ្វើជា​ពណ៌ ហើយ​ស្នូល​វិញ​គឺ​ពងទា​ប្រៃ ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា​»។ ​

ការ​ធ្វើ​នំអន្សមនេះ​គឺ​​មាន​លក្ខណៈ​ធម្មជាតិ​ ហើយ​ប្លែក​ពី​ខេត្ត​ផ្សេងៗ ដែល​មិនមាន​ធ្វើ​។ ម្យ៉ាង​ទៀត​គាត់​អាច​វេច​ជូន​តាម​ការកុម្ម៉ង់​របស់​ភ្ញៀវ​ មិន​ប្រកាន់​រដូវកាល​ទេ ដូច្នេះ​ទើប​មន្ទីរ​ជ្រើស​រើស​ដាក់​ជា​មុខ​ម្ហូប​ប្រចាំ​តំបន់​។

លោក អ៊ន ប៉ោសឿន​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង ក៏បាន​សម្តែង​​ពី​ចំណាប់​អារម្មណ៍​ដែរ​ថា ការលក់​នំអន្សម​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ចំណី​​អាហារ ហើយ​វា​ទាក់ទាញ​មួយ​ដែរ ដោយសារនំ​អន្សម​របស់​​អ្នកស្រី ​ង៉ែត សុភា មាន​លក្ខណ​ពិសេស ដោយ​ច្នៃ​លាយ​ជា​នំ​ ដែល​ធ្វើ​ស្នូល​ច្រើន​មុខ​ ដាក់​លក់​ជូន​អតិថិជន​។

លោក​យល់​ថា​ ជា​ការល្អ ដែល​​បាន​ផ្សារភ្ជាប់​ជាមួយ​មន្ទីរ​វប្បធម៌​ ​ហើយ​ត្រូវបាន​​​ដាក់​បញ្ចូល​ជា​ចំណី​​អាហារ​នៅក្នុង​តំបន់​។

លោក ប៉ោ​សឿន ​បាន​បញ្ជាក់​ថា​៖ «ក្នុង​វិស័យ​ទេសច​រណ៍​របស់​ខ្ញុំ ខ្ញុំ​តែងជួយ​ផ្សព្វ​ផ្សាយ​ឱ្យ​ទូលំទូលាយ ទាក់ទាញ​ទេសចរ ជាពិសេស​អ្វី​ដែល​ថ្មីៗ​ប្លែក។ ខ្ញុំ​បាន​ឃើញ​អន្សម​ជា​ប្រភេទ​ចំណី​​អាហារ ដែលទេសចរ​យើង​មិន​អាច​អត់​ញ៉ាំ​បាន​ទេ​។ ដូច្នេះ យើងបានលើក​កម្ពស់​ផ្សព្វ​ផ្សាយ ដោយ​ពេល​ភ្ញៀវ​មក​លេង​ខេត្ត​ស្ទឹងត្រែង ​គឺ​អាចភ្លក្សនំ​អន្សម​ជ្រូក​រ​ពងទា​ប្រៃ ស្លឹកតើយ​ផង​ និងទិញ​ ឬ​ខ្ចប់​ទៅ​ផ្ទះ​បាន​»។

លោក បន្ត​ថា៖ «វា​ផ្សព្វ​ផ្សាយ​ដល់​ទេសចរ​ល្អ​ណាស់ ហើយ​គាត់​ធ្វើ​ចូល​ជា​លក្ខណៈ​សិប្ប​កម្ម​ខ្នាត​តូច​ មាន​អ្នក​​វេច​ខ្ចប់​ ៧-៨ ​នាក់​។ អ៊ីចឹង​គាត់​លក់​ទៅ​ផ្សារ​បាន​ទូលំ​ទូលាយ​ដែរ​»។

លោកស្រី ​សារឿន ​បាន​លើក​ឡើង​ទៀត​​ថា មន្ទីរ​នៅតែ​បន្ត​ជួយ​លើក​ទឹកចិត្ត​អ្នកស្រី សុភា​ តាម​រយៈ​ការជួយ​ទិញ​គាត់​ម្តងម្កាល​ ក្នុង​ពេល​ធ្វើ​ពិធី​បុណ្យ ដើម្បី​ជូន​មិត្តភក្តិ​បងប្អូន​ នៅ​ជិត​ឆ្ងាយ និង​ជួយ​ផ្សព្វផ្សាយ​តៗ​គ្នា​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

អ្នក​ស្រី ង៉ែត សុភា បាន​ឱ្យ​ដឹង​ដែរ​ថា​ អ្នកស្រី​បង្កើត​មុខ​របរ​នេះ តាំងពី​ឆ្នាំ ២០១៩ អំឡុង​ពេល​កូវីដ ដែល​ពេលនោះ អ្នកស្រី​មិនមាន​អ្វី​ធ្វើ ក្រោយពី​បញ្ឈប់​ពី​របរ​ចាស់​ ដែល​លក់​អាហារ​ហូបចុក​ ដូចជា​បបរ គុយ​ទាវ មីឆា​នៅ​ផ្សារ​ស្ទឹង​ត្រែង​។

ទោះ​យ៉ាង​ណា​ អ្នកស្រី​មិន​មាន​​គម្រោង​យក​​ការ​វេច​នំអន្សម​នេះ ធ្វើ​​ជា​មុខរបរ​តែ​ម្ដង​នោះ​ទេ ​ដោយ​ដំបូង​ឡើយ​អ្នកស្រី​គ្រាន់​តែធ្វើ​ញ៉ាំ​លេង​នៅ​ផ្ទះ​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។

អ្នកស្រី បញ្ជាក់​ថា៖ «កាលនោះ ខ្ញុំ​ធ្វើ​ដូចជា ​៣០​ នំ តែ​នឹកឃើញ​ថា ញ៉ាំ​មិន​អស់​ដដែល កូន​​ខ្ញុំ​​ក៏​យក​ទៅ​បង្ហោះ​សាក​លក់​។ ដល់​ពេល​បង្ហោះ​មានការ​កុម្ម៉ង់​ដល់ទៅ ៥០-៦០ ​នំ ខ្ញុំ​ក៏​ចាប់ផ្ដើម​ធ្វើ​លក់​បន្ត​រហូតមក​។ ពី ៥០-៦០ នំ ចូល​មក​ ៨០ នំ ១ ​ថ្ងៃ បន្ទាប់​មក ១០០-១៥០ នំ ​រហូត​ឡើង​ដល់ ៥០០​ នំ​ ពេល​បុណ្យ​ទាន​។ តែ​តាមពិត​បុណ្យទាន គឺ​អាច​លើស​ពី​ ៥០០ ​នំ តែ​ខ្ញុំ​បិទ​ការទទួល ដោយសារ​តែ​យើង​ធ្វើ​អត់​ទាន់​ ព្រោះ​បុគ្គលិក​យើង​ មាន​សមាជិក​តែ ៥-៦​ នាក់​»។

ក្នុង​របរ​ជា​អ្នក​រក​ស៊ីនេះ អ្នកស្រី​បាន​យក​ឱកាស​​ជួយ​ទៅដល់​ស្រ្តី​មេម៉ាយ អ្នក​ចូលនិវត្តន៍​ ដែល​អត់​មាន​ការងារ​ធ្វើ និង​អ្នក​ចង​ខ្សែ​នំ​អន្សម​ដែល​សុទ្ធ​តែ​ក្មេងៗ មិន​មាន​ឪពុកម្តាយ​ ត្រូវ​រក​លុយ​យក​ទៅ​រៀន​សូត្រ​ មក​ធ្វើការ​ឱ្យ​អ្នកស្រី​។

បើទោះជា​គំនិត​ច្នៃ​ប្រឌិត នំ​អន្សម​ជ្រូក ស្លឹកតើយ និង​ស្នូល​ពងទា​ប្រៃ​ កើតចេញ​ពី​គំនិត​ច្នៃ​ប្រឌិត អ្នកស្រី សុទ្ធសាធ តែ​អ្នកស្រី រំឭក​ឱ្យ​ដឹង​ថា អ្នក​ស្រី ទទួល​បាន​ចំណេះ​​ដឹង​ នៃ​ការវេច​នំ​អន្សម​ផ្សេងៗ​ពី​ជីដូន​ជីតា ម្ដាយ​ត​មក ហើយ​អ្នកស្រី​ ក៏​បាន​បង្រៀន​ត​ដល់​ក្មេងៗ​ដែល​មក​ធ្វើការ​ឱ្យ​អ្នកស្រី​ផង​ដែរ​។

អ្នកស្រី និយាយ​ថា៖ «ក្មេងៗ​ដែល​មក​ គាត់​មិន​ចេះ​អី​ទេ​ដំបូង ដូច្នេះ ខ្លះ​ខ្ញុំ​ឱ្យ​ជួយ​លាង​អង្ករ លាង​សណ្ដែក ដាំ​បាយ ហែក​ស្លឹក និង​ជូត​ស្លឹក​។ ដំបូង ១ ​ថ្ងៃ​បាន​តែ ១០-២០ ​នំ​ទេ​។ គាត់​វេច បត់ កាត់​ក្បាល​អី​មិនស្អាត តែ​យើង​ចេះ​តែ​ប្រដៅ​តម្រង់​គាត់​។ ឥឡូវ​គាត់​ស្ទាត់​ដូច​ខ្ញុំ ហើយ​ច្បាស់​លាស់​ទៀត​ផង​»។

អ្នកស្រី ​ក៏​បាន​ចែក​រំលែក​ពី​រូបមន្ត និង​ដំណើរ​នៃ​ការធ្វើ​នំ​អន្សម​ជ្រូក រសជាតិ​ប្លែក​គេ​របស់​អ្នកស្រី​។

គ្រឿងផ្សំ​ជារួម​មាន អង្ករ​ដំណើប សណ្ដែក​បាយ សាច់​ជ្រូក ៣​ ជាន់ និង​ស្នូល​ពងទា​ប្រៃ ឯ​គ្រឿង​ទូទៅ​មាន​ស្ករ ប៊ីចេង ម្រេច ខ្ទឹម ទឹក​ស៊ីអ៊ីវ ប្រឡាក់​ជាមួយ​សាច់​ជ្រូក ៣​ ជាន់ ដែល​ជា​ដុំ​ចង្វា​មូល​ធំៗ​ផ្អាប់​ទុក​។

សណ្ដែក​បាយ​ អ្នកស្រី​យក​ទៅ​ត្រាំ​រយៈពេល ៥ ​ម៉ោង រួច​លាង​ឱ្យ​បាន ១០ ​ទឹក​ ឱ្យ​ប្រាកដ​ថា ​ស្អាត​ទើប​យក​មក​ដាំ​បាយ​។ ពេល​ដាំ​បាយ​ឱ្យ​ដាច់​ទឹក ក្នុង​សណ្ដែក​បាយ​ហ្នឹង​ គឺ​មាន​ដាក់​អំបិល​ឡមៗ​។ បន្ទាប់មក​អង្ករ​ដំណើប​ក៏​យក​មក​ធ្វើ​ដូច​គ្នា​ជាមួយ​នឹង​សណ្ដែក​បាយ​។ ចំណែក​ពងទា​ប្រៃ​គឺ​បក​យក​តែ​ស្នូល​ក្រហម​សុទ្ធ​។

បន្ទាប់ពី​នោះ ស្លឹកតើយ​ដែល​អ្នកស្រី​ដាំ​ក្រោយ​ផ្ទះ គឺ​អ្នកស្រី​កាប់​វា​ ហើយ​ហាន់​ក្រឡុក​ពូត​យក​ទឹក​ឱ្យ​ខាប់ លាយ​ជាមួយ​អង្ក​រដំណើប ហើយ​រៀបចំ​ស្លឹក​ឱ្យ​ស្អាត នឹង​ចាប់ផ្ដើម​ដំណើរ​ការវេច​ទៅ​។

អ្នក​ស្រី សុភា បន្ត​ទៀត​ថា​៖ «យើង​ស្ងោ​ រយៈពេល​៨ ម៉ោង​ នោះ​វា​ឆ្អិន​ឡើង​ល្មួត​តែ​ម្ដង ដោយ​អាច​ទុក​បាន​រយៈពេល ៥ ​ថ្ងៃ​មិន​ផ្អូម​ទេ ព្រោះ​ទាំង​អង្ករ និង​សណ្ដែក យើង​លាង​ស្អាត និង​ចង​បាន​ណែន​ល្អ។ សំខាន់​ទៀត​នោះ យើង​អត់​មាន​ប្រើ​សារធាតុ​អីលើស​​ពី​ហ្នឹង​ទេ គឺ​ធម្មជាតិ​សុទ្ធ​។ ប៉ុន្តែ ឥឡូវ​យើង​ចង​ខ្សែ​ជ័រ ដោយសារ​យើង​ពិបាក​រក​ទិញ​ខ្សែ​ក្រចៅ ដែល​ទាល់តែ​យូរ​ៗម្ដង​បាន​កុម្ម៉ង់​មក​ពី​ខេត្ត​បាត់ដំបង​»។

អ្នកស្រី បាន​ឱ្យ​ដឹង​ដែរ​ថា​ អ្នកស្រី​ធ្វើ​នំ​មួយ​ទម្ងន់ ៧​ ខាំ​កន្លះ និង​លក់​តម្លៃ ១ គឺ ១​ ម៉ឺន​រៀល​។ ជាទូទៅ អ្នក​ស្រី លក់​រាយ​ធម្មតា ដោយ​មាន​ការដឹក​ជញ្ជូន​ទៅ​គ្រប់ ២៥ ខេត្ត​ក្រុង​។ ប៉ុន្តែ អ្នក​ស្រី បញ្ជាក់​ថា ​ទាល់តែ​មាន​ការកុម្ម៉ង់ ចាប់ពី ៥​ឡើង​ទៅ​ទើប​ដឹក​ឱ្យ​។ តែ​បើ​នៅក្នុង​ខេត្ត អ្នកស្រី​លក់​ឱ្យ​ ១-២ ដឹក​ឱ្យ​គេ​តាម​ផ្ទះ​។

ក្នុង​ថ្ងៃ​អនាគត អ្នកស្រី មាន​គម្រោង ​​ធ្វើ​នំ​ខ្មែរ​ផ្សេងៗ​បន្ថែម​ទៀត​។

អ្នកស្រី ថា​៖ «ខ្ញុំ​មាន​គម្រោង​ទៅ​មុខ​ទៀត គឺ​មាន​តូប​មួយ​សមរម្យ​ដាក់​មុខ​ផ្ទះ និង​ធ្វើ​នំ​អន្សម​ចេក អន្សម​ជ្រូក អាកោខ្ទិះ និង​នំ​ខ្មែរ​ជា​ច្រើន​ប្រភេទ​ទៀត ដាក់​ជា​តូប​លក់​នៅមុខ​ផ្ទះ ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​បាន​ចេះ​ចាំ​ និង​បន្ត​រក្សា​កេរដំណែល​នេះ​ត​ទៅ​មុខ​ទៀត​»។

លោក​ស្រី​ សារឿន បន្ថែម ទៀត​ថា៖ «នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការចូល​រួម​ថែរក្សា​ការពារ និង​ចែក​រំលែក​ចំណេះដឹង​ដល់​ក្មេង​ជំនាន់​ក្រោយ ​ឱ្យ​បាន​ឃើញ​បាន​ស្គាល់​ហើយ​ចេះ​ស្រឡាញ់​ ដើម្បី​ចូលរួម​ថែរក្សា​នូវ​មរតក​វប្បធម៌​អរូបី​នេះ​ឱ្យ​បាន​គង់វង្ស​កុំ​ឱ្យ​បាត់បង់ ហើយ​ថែម​ទាំង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ និង​ចំណាក​ស្រុក​ផង​ដែរ​»។

ទន្ទឹម​នឹង​នេះ លោក ប៉ោសឿន បាន​លើកឡើង​អំពី​មុខ​ម្ហូប​ប្រចាំ​តំបន់ ៥​ មុខ​ទៀត ដែល​ភ្ញៀវ​ទេសចរ​ពេល​ទៅ​លេង​ខេត្ត​ស្ទឹងត្រែង មិន​គួរ​រំលង ក្នុង​នោះ​មាន ត្រី​ស្ងោរ ប៉ាវ៉ា ប៉ាស៊ី​អ៊ី ឆារ​គ្រឿង​ត្រី​ក្របី ឡាប កយ និង​សេក​។

លោក ក៏​បាន​បញ្ជាក់​​ដែរ​ថា​៖ «ក្នុង​វិស័យ​ទេសចរណ៍​ខ្ញុំ ដើម្បី​ទាក់ទាញ​ឱ្យ​ភ្ញៀវ​មក​លេង​ច្រើន យើង​មាន​តែ​ការខិតខំ​ធ្វើអ្វី​ដែល​ថ្មីៗ ផលិតផល​ទេសចរណ៍​ឱ្យ​ប្លែកៗ ហើយ​អ្វី​ក៏​ដោយ​ក៏​ជា​ផ្នែក​ទាក់ទាញ​ទេសចរណ៍​ទាំងអស់ ទោះ​ជា​ផ្នែក​ចំណី​អាហារ សេវាកម្ម​ក៏​ដោយ​។ យើង​នៅតែ​បន្ត​ស្រាវជ្រាវ នៅ​ចំណុច​ណា​ដែល​ល្អ​ទុក​បង្ហាញ​ជូន​ទេសចរ​ឱ្យ​បាន​ដឹង​ដែរ​»។

សម្រាប់​អ្នក​ចង់​កុម្ម៉ង់​ទិញ​នំ​អន្សម​ជ្រូក អ្នក​ស្រី ង៉ែត សុភា​អាច​រក​ទិញ​បាន​តាម​ផេច​​ហ្វេសប៊ុក www.facebook.com/P-DA-Food-110744330751137 ៕​