
លោកមេធាវី យុង ផានិត កាលពីពេលកន្លងមក ។ រូបថត សហការី
នៅក្នុងការអនុវត្តការងារក្នុងស្ថាប័នតុលាការគឺ អ្នកច្បាប់មានការបែងចែកតួនាទីច្បាស់លាស់ណាស់់មិនថាឡើយក្រឡាបញ្ជីព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ ចៅក្រមជំនុំជម្រះគឺសុទ្ធតែបំពេញតួនាទីរៀងៗខ្លួន។ ក្នុងចំណោមនោះចង់ដឹងថាតើរវាងព្រះរាជអាជ្ញានិងចៅក្រមស៊ើបសួរមានតួនាទីខុសគ្នាបែបណានោះ ភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី យុង ផានិត បម្រើការនៅក្រុមមេធាវីច្បាប់ និងពិគ្រោះយោបល់ដែលមានការិយាល័យផ្ទះលេខ ២១១០B ផ្លូវជាតិលេខ ៥ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ តាមរយៈសំណួរដូចតទៅ៖
តើរវាងព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរមានតួនាទីខុសគ្នាយ៉ាងដូចម្ត៉េចដែរ? សូមលោកមេធាវីជួយពន្យល់រវាងភាពខុសគ្នានេះ។
ច្បាប់បានបែងចែករវាងព្រះរាជអាជ្ញានិងចៅក្រមស៊ើបសួរហើយរវាងអ្នកច្បាប់ទាំង ២ នេះមានតួនាទីខុសៗគ្នា។ជាគោលការណ៍លក្ខខណ្ឌនៃច្បាប់គឺ ព្រះរាជអាជ្ញាជាម្ចាស់បណ្តឹងអាជ្ញាហើយក្នុងតួនាទីរបស់គាត់គឺ គាត់មានសិទ្ធិចោទប្រកាន់ទៅលើជនសង្ស័យ ឬមានសិទ្ធិមិនចោទប្រកាន់ទៅលើជនសង្ស័យ។
យោងមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា បណ្ដឹងអាជ្ញា ត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ដោយអយ្យការ បានន័យថាព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹងអាជ្ញា និងជាគូក្ដីដើមក្នុងរឿងព្រហ្មទណ្ឌ ដើម្បីការពារ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម តាមរយៈការចោទប្រកាន់ប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានរំលោភច្បាប់។ បើបុគ្គលណាម្នាក់ដែលព្រះរាជអាជ្ញារកឃើញថា មានបទល្មើសគឺ បុគ្គលម្នាក់នោះនឹងត្រូវព្រះរាជអាជ្ញាចោទប្រកាន់រួចបញ្ជូនទៅចៅក្រមស៊ើបសួរ។ បើព្រះរាជអាជ្ញារកបទល្មើសមិនឃើញទេ ព្រះរាជអាជ្ញាក៏មានសិទ្ធិមិនចោទប្រកាន់ទៅលើបុគ្គលលម្នាក់នោះបានដែរ។ ចំពោះនៅដំណាក់កាលចៅក្រមស៊ើបសួរបន្ទាប់ពីទទួលបានសំណុំរឿងពីព្រះរាជអាជ្ញាមក ចៅក្រមស៊ើបសួរគ្មានសិទ្ធិចោទបន្ថែម និងមានសិទ្ធិស៊ើបសួរទៅតាមតែបណ្តឹងរបស់ព្រះរាជអាជ្ញាតែប៉ុណ្ណោះ។ តួនាទីរបស់ចៅក្រមស៊ើបសួរគឺ ធ្វើការប្រមូលភ័ស្តុតាងគ្រប់ភាគីទំនាស់ទាំងភ័ស្តុតាងដោះបន្ទុក និងភ័ស្តុតាងដាក់បន្ទុក ហើយនៅពេលដែលរកមិនឃើញភ័ស្តុតាងនៃបទល្មើសទេនោះគឺ ចៅក្រមស៊ើបសួរមានសិទ្ធិលើកលែងការចោទប្រកាន់លើជនសង្ស័យម្នាក់នោះបាន។
ឧទាហរណ៍រឿងកិច្ចសន្យាពាក់ព័ន្ធរឿងជំពាក់លុយគ្នាហើយត្រូវបានភាគីម្ខាងប្តឹងពីបទឆបោកហើយត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទឆបោក ឬប្តឹងពីបទក្បត់ទំនុកចិត្ត។ ប៉ុន្តែនៅពេលបញ្ជូនសំណុំរឿងដល់ចៅក្រមស៊ើបសួរគាត់ស៊ើបបន្ថែមលើសំណុំរឿងនោះទៅឃើញថា ករណីនោះជារឿងកិច្ចសន្យាខ្ចីលុយគ្នាទៅវិញទៅមកទេ ។ ហេតុដូច្នេះវាមិនមែនជារឿងព្រហ្មទណ្ឌ តែជារឿងរដ្ឋប្បវេណី។ អ៊ីចឹងចៅក្រមស៊ើបសួរគាត់មានសិទ្ធិទម្លាក់បទចោទប្រកាន់ចោលហើយបង្គាប់ឱ្យភាគីប្តឹងគ្នារឿងរដ្ឋប្បវេណីវិញ។
ឧទាហរណ៍មានរថយន្ត ១ គ្រឿងបុកគេហើយអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ក្រោយមកនគរបាលយុត្តិធម៌បានធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ចូនទៅតុលាការ។ តើករណីបែបនេះត្រូវដោះស្រាយយ៉ាងដូចម្ត៉េច?
ករណីនេះបើទោះជាអ្នកបើកបររថយន្តបុកមនុស្សហើយរត់ បើទោះជាជនបង្ករត់បាត់ក្តី តែនគរបាលយុត្តិធម៌អាចធ្វើការស៊ើបអង្កេតតាមស្លាកលេខរថយន្តដោយស្រាវជ្រាវនៅក្រសួងសាធារណការ និងដឹកជញ្ជូនហើយបើឃើញឈ្មោះអ្នកណាគឺព្រះរាជអាជ្ញាចោទអ្នកនោះតែម្តង បើទោះជារថយន្តនោះត្រូវលក់បន្ត ហើយមិនទាន់ផ្ទេរឈ្មោះនៅលើគល់បញ្ជីក្ដី។ តែបើម្ចាស់រថយន្តនោះឆ្លើយថាពេលគាត់លក់រថយន្តនោះមិនស្គាល់ឈ្មោះអ្នកទិញទេនោះគឺព្រះរាជអាជ្ញានឹងចោទម្ចាស់រថយន្តនោះហើយ៕