The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក សៅ សុខា ៖ បាល់​ទាត់ចាប់​ផ្ដើម ដូច​ទូក​អណ្ដែត​ទឹក គ្មាន​ចង្កូត រហូត​បាន​រួម​ចំណែក​យ៉ាង​សំខាន់ នៅ​ក្នុងសង្គម

លោក សៅ សុខា ៖ បាល់​ទាត់ចាប់​ផ្ដើម ដូច​ទូក​អណ្ដែត​ទឹក គ្មាន​ចង្កូត រហូត​បាន​រួម​ចំណែក​យ៉ាង​សំខាន់ នៅ​ក្នុងសង្គម

Content image - Phnom Penh Post
ប្រធាន​សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ​នាយ​ឧត្តម​សេនីយ៍ សៅ សុខា។ រូបថត FFC

លោក សៅ សុខា ៖ បាល់​ទាត់ចាប់​ផ្ដើម ដូច​ទូក​អណ្ដែត​ទឹក គ្មាន​ចង្កូត រហូត​បាន​រួម​ចំណែក​យ៉ាង​សំខាន់ នៅ​ក្នុងសង្គម

ភ្នំពេញៈ ប្រធាន​សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ​នាយ​ឧត្តម​សេនីយ៍ សៅ សុខា បាន​​ប្រៀប​ប្រដូច វិស័យ​បាល់​ទាត់​កម្ពុជា ទៅ​នឹង​ទូក​អណ្តែត​ទឹក ដែល​គ្មាន​ចង្កូត នៅ​ពេល​ដែល​វិស័យ​មួយ​នេះ បាន​ចាប់​ផ្តើម​មាន​សកម្ម​ភាព​ឡើង​វិញ នៅ​ឆ្នាំ ​២០០៦ គឺ​បន្ទាប់ពី​វិស័យ​កីឡា ក៏ដូចជា​​វិស័យ​ផ្សេងៗ​ទៀត ត្រូវ​បាន​បំផ្លាញ​ចោល​គ្មាន​សល់ នា​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​ ដែល​បាន​​សម្លាប់​​ប្រជាជន​ស្លូត​ត្រង់​អស់រា​ប់លាន​នាក់​។

តែទោះ​ជា​យ៉ាង​ណា នៅ​ក្រោយ​ឆ្នាំ ​២០០៦ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ផ្ទាល់​របស់​លោក​ សៅ សុខា បាន​ខិតខំ​ប្រឹង​ប្រែង​ស្វះ​ស្វែង​រក​ដៃគូ​សហការ និង​បាន​ចងក្រង​ជាក្បួន​ច្បាប់ ដើម្បី​រុញ​ឱ្យ​បាល់​ទាត់​ មានការ​វិវឌ្ឍ​ជា​បណ្តើរៗ រហូត​មាន​ការ​អភិវឌ្ឍ និង​រីក​ចម្រើន ហើយ​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​កសាង​សង្គម​ជាតិ​ទៀត​ផង​។

លោក សៅ សុខា បាន​រំឭក​​ថា នៅ​មុន​ឆ្នាំ​ ១៩៧៥ វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា មាន​កេរ្ដិ៍​ឈ្មោះ ទាំង​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​អាស៊ី​អាគ្នេយ៍ និង​អាស៊ី ប៉ុន្ដែ​ជាសំណាង​អាក្រក់ ចាប់​ពី​ឆ្នាំ ​១៩៧៥ រហូត​ដល់​ថ្ងៃទី​ ៦ ខែ​មករា ឆ្នាំ ១៩៧៩ គឺ​មិន​ថា ​វិស័យ​បាល់​ទាត់​នោះ​ទេ​ ប៉ុន្តែ​ គ្រប់​វិស័យ​ទាំង​អស់​ ត្រូវ​បាន​បំផ្លាញ​ចោល ដោយសារ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល​ ពត។

លោក សៅ សុខា បញ្ជាក់​​ថា ៖​ «កីឡា​បាល់​ទាត់​កម្ពុជា ដែល​ចាប់​ផ្ដើម​សកម្ម​ភាព​ឡើង​វិញ នៅ​ឆ្នាំ​ ២០០៦ បាល់​ទាត់​កម្ពុជា គឺ​ប្រៀប​បាន​ដូច​ជា​ទូក​អណ្ដែត​លើ​ទឹក ដែល​គ្មាន​ចង្កូត គឺ​ម្ដង​មាន​សកម្ម​ភាព ម្ដង​អត់​សកម្ម​ភាព ហើយ​ច្បាប់​គ្រប់​​គ្រង​បាល់​ទាត់ ក៏មិន​មាន​អ្វីជាក់​លាក់។ ចំណែក​យុទ្ធសាស្ដ្រ​បាល់​ទាត់ ក៏គ្មាន​អ្វី ដែល​ប្រាកដ​ប្រជា ក្នុង​​​ការ​អនុវត្ត និង​អភិវ​ឌ្ឍន៍​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​ដែរ​»។

លោក​បន្ថែម​ថា តែ​ទោះបី​ជា​យ៉ាង​ណា ចាប់​ពី​ឆ្នាំ ​២០០៦​មក សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​រៀបចំ​ច្បាប់​គ្រប់​គ្រង ពិសេស​អំពីលក្ខ​ន្ដិកៈ បទ​បញ្ជាការ​ប្រកួត និង​រៀបចំ​​នូវ​យុទ្ធ​សាស្ដ្រ​ការ​អភិវឌ្ឍ​បាល់​​ទាត់​កម្ពុជា ហើយ​ក៏​ជា​សំណាង​ល្អ ដែល​សហ​ព័ន្ធ ​បាន​ទទួល​នូវ​ការ​គាំទ្រ​ផ្នែក​មូល​និធិ ពីក្រុម​ហ៊ុន​មិត្ដ​ហ្វូន ដោយ​ក្រុម​ហ៊ុន​នេះ បាន​ជួយ​ដល់វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា រហូត​ទទួល​បាន​​ផ្លែផ្កា ​នា​ពេល​បច្ចុប្បន្ន។

ការ​បរិយាយ ពីប្រវត្តិ​ដ៏វែង​ឆ្ងាយ នៃ​ការ​អភិវឌ្ឍ​វិស័យ​បាល់​ទាត់ នៅ​កម្ពុជា​នេះ ត្រូវ​បាន​លោក សៅ សុខា លើក​ឡើង នៅ​ក្នុងពិធី​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា (MoU) រវាង​ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរ​លីគ (CPL) នៃ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និង​ក្រុម​ហ៊ុន វៀត​ធេល (ខេម​បូឌា) នៅ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២៣ ខែ​មិថុ​នា ឆ្នាំ ​​២០២២ ដោយ​ក្រុម​ហ៊ុន​នេះ បាន​បន្ត​ឧបត្ថម្ភ​ដល់ FFC នូវ​ទឹក​ប្រាក់​ចំនួន ១ ៥០០ ០០០​ដុល្លារ ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ចំនួន​ ៣ ឆ្នាំ​ទៀត គឺ​មាន​ន័យ​ថា ក្នុង​ ១ ​ឆ្នាំ មិត្តហ្វូន នឹង​​ផ្តល់​​ជូន​ដល់ FFC ចំនួន​ ៥០ ម៉ឺន​ដុល្លារ។

នៅក្នុង​ពិធី​នោះ​ដែរ លោក សៅ សុខា បាន​អះ​អាង​ថា បាល់​ទាត់ ​បាន​ក្លាយ​​ជា​ប្រភេទ​កីឡា​ការ​ទូត​យ៉ាងសំខាន់ ក្នុងការ​ផ្សព្វ​ផ្សាយពី​កម្ពុជា ទៅកាន់ឆាក​អន្តរជាតិ ហើយបាល់​ទាត់ ក៏​ត្រូវបាន​ប្រើ​ប្រាស់ សម្រាប់​ជួយ​នៅក្នុង​សង្គម​ជាតិ​ផងដែរ គឺ​ទី ​១ ជួយ​កាត់​បន្ថយ​នូវ​ការ​បោះ​បង់​សាលា​របស់​យុវជន។

ទី ​២ កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​​ ក្នុង​ចំណោមយុវជន។ ទី​ ៣ កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ចំណោម​យុវជ​ន និង​អ្នក​គាំទ្រ​បាល់​ទាត់។ ទី ​៤ បង្កើន​ការ​យល់​ដឹង​អំពី​​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង ពិសេស​ជំងឺអេ​ដស៍ ហើយប​ច្ចុប្បន្ន​នេះ គឺជំងឺ​កូវីដ ១​៩។

ទី ​៥ ផ្ដល់​ឱ្យ​​យុវ​ជន​កម្ពុជា និង​អ្នកគាំទ្រ​កីឡា​បាល់​ទាត់​កម្ពុជា ជៀស​ផុត​​ពី​យុទ្ធ​ភ័ណ្ឌ មិន​ទាន់​ផ្ទុះ​ដោយ​សង្គ្រាម និងទី​ ៦ បាន​អប់រំ​ដល់​ពលរដ្ឋ និង​យុវជន​កម្ពុជា ឱ្យ​រួមគ្នា​ក្នុង​ការ​ថែរក្សា​បរិស្ថាន និង​អនា​ម័យ។

លោក សៅ សុខា បាន​សង្កត់​ធ្ងន់​ថា ៖ «បាល់​ទាត់​បាន​កសាង​មិត្ត​ភាព សាមគ្គី​ភាព ក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ ពូជ​សាសន៍ សាសនា ពណ៌​សម្បុរ ព្រម​ទាំង​​កសាង​បាន​មិត្ត​ភ័ក្រ្ដ​ក្នុង​តំបន់ និង​នៅ​លើពិភព​លោក​ថែម​ទៀត។ មិន​តែប៉ុណ្ណោះ​ បាល់​ទាត់ បាន​រួម​ចំណែក​ដល់​ការ​កសាង​សង្គម​កម្ពុជា ដែល​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ កាន់​តែ​មាន​ការ​រីក​លូត​លាស់ ពិសេស គឺក្នុង​ផ្នែក​សេដ្ឋ​កិច្ច»។

លោក​បាន​បញ្ជាក់​ថា៖ «តាម​រយៈ​បាល់​ទាត់ ធ្វើ​ឱ្យ​គេ​ស្គាល់​កម្ពុជា ដែល​ជា​ប្រទេស​សម្បូរ​ដោយ​តំបន់​ទេសច​រណ៍ ពិសេស​ប្រាសាទ​បុរាណ ហើយ​តាម​រយៈបាល់​ទាត់ យើង​ទាក់​ទាញ​បាន​អ្នក​ទេសចរ និង​ធ្វើឱ្យ​អ្នក​​​វិនិយោគ ​បាន​ចាប់​អារម្មណ៍​កម្ពុជា រួច​បាន​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា បង្កើន​​ការ​ងារ​ជូន​ប្រជា​ជន​កម្ពុជា បង្កើន​ប្រាក់​ចំណូល​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា មាន​ការ​រីក​ចម្រើន​»។

ជាមួយ​គ្នា​នេះ បាល់​ទាត់​ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​កីឡាអា​ស៊ីអាគ្នេយ៍​ លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ (CAMSOC) បានចាត់​ទុក​ជាប្រភេទ​កីឡា ដែល​មាន​សារ​សំខាន់​ជាង​គេ ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា ងាក​មក​ចាប់​អារម្មណ៍ ព្រម​ទាំង​រួម​គ្នា​ជួយ និង​គាំទ្រ​កម្ពុជា​ក្នុង​ការ ​ធ្វើ​ជា​ម្ចាស់​ផ្ទះស៊ី​ហ្គេម ជាលើក​ដំបូង​។

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ CAMSOC ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​ «សម្រាប់​ការ​ប្រកួត ស៊ីហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ជា​ប្រវត្តិសាស្រ្ត លើក​ដំបូង នៅ​កម្ពុជា​នេះ ប្រភេទ​កីឡា​បាល់​ទាត់ គឺ​ជា​ក្បាល​ម៉ាស៊ីន​យ៉ាង​សំខាន់ ក្នុងការ​​ស្រូប​យក​ចំនួន​អ្នក​ទស្សនាដ៏​ច្រើន ឱ្យ​ចូល​មក​គាំ​ទ្រក្នុង​ព្រឹត្តិការណ៍​របស់​យើង។ អ៊ីចឹង​បើ​សិនជា​ ក្រុម​ជម្រើស​ជាតិបាល់​ទាត់របស់​យើង បាន​ឡើង​ទៅ​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ គឺ​មាន​ន័យ​ថា ហ្គេម​របស់​យើង នឹង​ទទួល​បាន​ជោគ​ជ័យ ទៅ​តាម​ការ​គ្រោង​ទុក ជា​មិន​ខាន»៕

អត្ថបទគួរចាប់អារម្មណ៍