ភ្នំ​ពេញៈ សហ​ព័ន្ធ​កីឡា​ឈិន​ឡូន​អាស៊ី បាន​សន្យា​ជួយគាំទ្រ​ដល់សហ​ព័ន្ធ​កីឡា​សីដក់ និង​ឈិនឡូន​កម្ពុជា ទាំង​ផ្នែក​បច្ចេក​ទេស និង​ការ​ហ្វឹក​ហាត់ ក្នុង​ដំណើរ​ត្រៀម​លក្ខខណៈ​របស់ពួក​គេ​ សម្រាប់​​ការប្រកួត​​ប្រជែង​ដណ្តើម​មេដាយ​ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ដែល​កម្ពុជា នឹង​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​ជាលើក​ដំបូង​​ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​។

ការ​សន្យា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយពី​សហ​ព័ន្ធ​កីឡា​ឈិន​ឡូន​អាស៊ី និង​សហ​ព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូន​កម្ពុជា បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លើ​អនុស្សរណៈ​យោគ​យល់​គ្នា កាលពីថ្ងៃ​ទី​ ២៤ ខែ​មិថុនា ឆ្នាំ​ ២០២២ នៅ​ឯ​ទីស្នាក់​ការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​។

លោក U Soe Naing ប្រធាន​សហ​ព័ន្ធ​កីឡា​ឈិន​ឡូន​អាស៊ី និង​ជា​ប្រធាន​សហ​ព័ន្ធ​កីឡា​ឈិន​ឡូន​មីយ៉ាន់​ម៉ា និង​លោក មាស សារិន ប្រធាន​សហ​ព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូន​កម្ពុជា បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​នេះ ក្រោម​ការ​ចូល​រួម​ជា​សាក្សី​ពីលោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) និង​ជា​អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​កា​រប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣។

ការ​ចុះ​អនុស្សរណៈ​នេះ មានន័យ​ថា សហ​ព័ន្ធ​កីឡា​ឈិន​ឡូ​អាស៊ី និង​​សហ​ព័ន្ធ​ឈិន​ឡូន​មី​យ៉ាន់​ម៉ា នឹង​ទទួល​ខុស​ត្រូវ​ ​លើ​ការ​ហូប​ចុក ស្នាក់នៅ ការ​ដឹក​ជញ្ជូន សម្រាប់​គ្រូ​បង្វឹក កីឡាករ កីឡា​ការិនី និង​មន្ត្រី​អាជ្ញា​កណ្តាល​កម្ពុជា ក្នុង​អំឡុង​ពេល​ពួក​គេ​ ធ្វើ​ដំណើរ​ទៅ​​ហ្វឹក​ហាត់​បំប៉ន​បច្ចេកទេស នៅ​ប្រទេស​មីយ៉ាន់ម៉ា រយៈ​ពេល​វែង រហូត​ដល់​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ នៅ​កម្ពុជា​តែ​ម្តង​។

ភ្នំ​ពេញ ប៉ុស្តិ៍ មិនអាច​សុំ​ការ​បំភ្លឺ​បន្ថែម​ ពី​លោក​មាស សារិន ប្រធាន​សហ​ព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូន​កម្ពុជា ទាក់​ទង​នឹង​សេចក្តី​លម្អិត​បន្ថែម​​លើ​​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​​បាន​ឡើយ។ ប៉ុន្តែ លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​​ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​ ២០២៣ បាន​បញ្ជាក់​ថា កម្ពុជា គ្រោង​បញ្ជូន​អត្ត​ពលិក គ្រូ​បង្វឹក និង​មន្ត្រី​​អាជ្ញា​កណ្តាល​​ច្រើន​ជាង​ ១០ ​នាក់ ដើម្បី​ពង្រឹង​សមត្ថភាព​បច្ចេក​ទេស​​នៅ​មី​យ៉ាន់ម៉ា ដែល​​ជាម្ចាស់​​ដើម​នៃ​កីឡាឈិន​ឡូន​នេះ​។

លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃ​ទី​ ២៦ ខែ​មិថុនា ថា៖ «នេះ​គឺ​ជាការ​ចុះ​កិច្ច​ព្រម​ព្រៀង​​ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅមក លើ​វិញ្ញា​សាជំនាញ​កីឡា​ឈិនឡូន ហើយ​ខាង​ប្រធាន​សហព័ន្ធ​កីឡា​ឈិនឡូន​អាស៊ី បាន​មក​ពិនិត្យ​លទ្ធភាព​ ក្នុងការ​ជួយ​កម្ពុជា ទាំង​លើ​​ជំនួយ​ផ្នែក​បច្ចេក​ទេស ការ​ហ្វឹក​ហាត់ និង​សម្ភារ ពីព្រោះ​កម្ពុជា ធ្លាប់​បាន​ឈ្នះមេ​ដាយ​មាស​ស៊ី​ហ្គេម​ក្នុង​កីឡា​ឈិន​ឡូននេះ​»។

បើ​យោង​​តាមលោក​ វ៉ាត់ ចំរើន ដើម្បី​ត្រៀម និង​ពង្រឹង​សមត្ថភាព​ឱ្យ​បាន​ល្អ​សម្រាប់​ព្រឹត្តិ​ការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅភ្នំ​ពេញ កម្ពុជា ត្រៀម​បញ្ជូន​ទាំង​អត្ត​ពលិក គ្រូ​បង្វឹក អាជ្ញា​កណ្តាល និង​ចៅ​ក្រម ទៅ​ទទួល​ការ​បង្វឹក​ និង​បណ្តុះ​បណ្តាល​ក្នុង​​ទីក្រុង Naypyidaw ឬ Mandalay ​នៅ​ចន្លោះ​ពី​៧ ទៅ​​ ១០ ខែ មុន​នឹង​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​។

លោក​បានឱ្យដឹងថា៖ «យើង​​កំពុង​តែ​រៀប​ចំ​ក្រុម​អត្ត​ពលិក​ឈិន​ឡូន និង​មន្ត្រី​បច្ចេក​ទេស ​របស់​​យើង ហើយ​យើង​ជំរុញ​ឱ្យ​មាន​ការ​ហ្វឹកហាត់​ផង និង​បណ្តុះ​បណ្តាល​ផង​ សម្រាប់​អាជ្ញា​កណ្តាល​ ចៅ​ក្រម​។ ហេតុនេះ យើង​កំពុង​តែ​ត្រៀម​លក្ខខណៈ​ឱ្យ​បាន​ល្អ ដើម្បី​អាច​​ហ្វឹក​ហាត់​ឱ្យ​បាន​រយៈពេល​យូរ និង​ទទួល​បាន​ជោគ​ជ័យ​ ព្រោះ​នេះ ​គឺ​ជា​កីឡា​ប្រពៃ​ណី និង​មាន​ប្រភព​មក​ពី​ប្រទេស​មីយ៉ាន់​ម៉ា​»។

ជា​មួយ​គ្នា​នេះ លោក U Soe Naing បាន​សន្យា​ថា នឹង​ធ្វើ​បដិ​សណ្ឋារ​កិច្ច​ ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ដើម្បី​ជួយ​ជំរុញ​ធ្វើ​យ៉ាង​ណា​ ឱ្យ​អត្ត​ពលិក និង​មន្រ្តី​បច្ចេក​ទេស​កម្ពុជា ​ត្រឡប់​មក​ចូល​រួម​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ​២០២៣ មាន​គុណ​ភាព​ខ្ពស់ ដោយ​អាច​រៀប​ចំ​ព្រឹត្តិ​ការណ៍​បាន​ល្អ និងប្រកួត​ដណ្តើម​មេដាយ​បាន។

ក្រៅពី​ជួយ​ហ្វឹក​ហាត់ និង​បណ្តុះ​បណ្តាល​ដល់​អត្ត​ពលិក និង​មន្ត្រី​បច្ចេក​ទេស​ ប្រធាន​សហ​ព័ន្ធ​កីឡា​ឈិន​ឡូន​អាស៊ី និងជា​សហ​ព័ន្ធ​កីឡា​ឈិន​ឡូន​មីយ៉ាន់​ម៉ា ក៏​សន្យា​ជួយ​លើ​ផ្នែក​រៀប​ចំ​មន្ត្រី​អាជ្ញា​កណ្តាល និង​ចៅក្រម នៅ​ពេល​ដែល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​កីឡា​ស៊ីហ្គេម នៅ​ឆ្នាំក្រោយ​ផង​ដែរ​។

ប្រភេទ​កីឡា​ឈិន​ឡូន​នេះ មាន​វិញ្ញា​សា​សរុប​ចំនួន​ ១២ គឺ​ផ្នែក​បុរស ៤ នារី ៤ និង​វិញ្ញា​សា​ចម្រុះ ៤ ។

​លោក​វ៉ាត់ ចំរើន បាន​ថ្លែង​អំណរ​គុណ​ដល់​លោក U Soe Naing ប្រធាន​សហ​ព័ន្ធ​ឈិន​ឡូ​អាស៊ី ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ជួយ​អភិវឌ្ឍ​ធន​ធាន​កីឡា​របស់​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​គោល​ដៅ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា ៕

អ៊ិន សុផេង