ភ្នំពេញៈ មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ ​តេជោ​សន្តិភាព ​នៅ​សង្កាត់​គោករការ ​ខណ្ឌ​ព្រែកព្នៅ ​ដែល​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ​ជិត ​៨ ហិកតា ​និង​អាច​ដាក់គ្រែ​បាន​រហូត​ដល់​ ១១ ០០០ គ្រែ ​កំពុង​ដំណើរការ​សាងសង់​សម្រេច​លទ្ធផល​បាន​ជាង ​៣០%​ ហើយ។

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​និង​ក្រុមការងារ​បច្ចេកទេស ​បាន​ចុះ​ពិនិត្យ​ និង​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាងសង់ ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព ​នៃ​ការសាងសង់​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ ​តេជោ​សន្តិភាព​នេះ ​កាល​ពី​ថ្ងៃ​ទី ២៤ ​ខែមិថុនា។​

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា ​ក្នុង​ការចុះ​ពិនិត្យ​នេះ ​ក្រុមហ៊ុន​សាងសង់ ​បានធ្វើ​បទបង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការសាងសង់ ​ដោយបាន​បញ្ជាក់ថា ​គម្រោង​នេះ ​សម្រេច​ការសាងសង់​បាន​ប្រមាណ​ជាង ​៣០%។ មណ្ឌល​ព្យា​បាល​ជំងឺ​កូវីដ​នេះ ​មាន​អគារ​ចំនួន៩ ​ក្នុង​នោះ​មាន​អគារព្យាបាល​ចំនួន​ ៧ ​អគាររដ្ឋបាល​ចំនួន​ ១ ​និង​អគារ​បុគ្គលិក​ចំនួន​ ១។

លោក​ស្រី ​យក់ សម្បត្តិ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បាន​ឱ្យ​ដឹងថា ​ក្រសួង​បាន​ស្នើ​ដល់ក្រុមហ៊ុន​សាងសង់​ ធ្វើការ​ពន្លឿន ​ដើម្បី​បញ្ចប់​ឱ្យបាន​រួចរាល់​ នូវ​អគារ​ចំនួន ​៥ ​ក្នុង​ចំណោម​អគារ​ទាំង​៩ ​នៃ​មណ្ឌល​ព្យាបាល​នេះ​ក្នុង​ខែកុម្ភៈ ​ឆ្នាំ​ ២០២៣។

អគារ​ដែល​នឹង​សាងសង់​រួចរាល់​មុន​គេ​នោះ ​គឺ​អគារព្យាបាល​អ្នកជំងឺ​ អគារ​សង្គ្រោះ​បន្ទាន់​ អគារ​ផ្នែក​រដ្ឋបាល​ និង​អគារ​សម្រាប់​ក្រុមគ្រូពេទ្យ​ព្យាបាល​ស្នាក់​ ដើម្បី​អាច​ដំណើរការ​ទទួល​អ្នក​ជំងឺ​បាន ​ព្រមទាំង​អាច​មាន​លទ្ធភាព​ ទទួល​អ្នកជំងឺ​កូវីដ ១៩ ​ក្នុង​ករណី​មាន​ឆ្លង​រាលដាល​ដែល​បង្ក​ដោយ​វីរុស​កូវីដដ ១៩ ​និង​មេរោគ​បំប្លែង​ថ្មី ​ក្នុង​ទ្រង់​ទ្រាយ​ណាមួយ​ជាយថា​ហេតុ។ នេះ​បើ​តាម​លោកស្រី​យក់ សម្បត្តិ។

លោកស្រី​យក់ សម្បត្តិ ​បាន​ថ្លែងថា​៖ «ចំណែក​អគារ​ដែល​នៅសល់​ចំនួន ​៤ ផ្សេង​ទៀត ​នឹង​បញ្ចប់​នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ ២០២៣ ផង​ដែរ។​មណ្ឌល​ព្យាបាល​នេះ​នឹង​ក្លាយជា​សមិទ្ធផល​ថ្មី​មួយ ​និង​ដំបូង​បំផុត ​នៅ​ប្រទេស​កម្ពុជា ​ដែល​ជាមណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ ​ដោយ​មាន​បំពាក់​នូវ​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើបៗ ​ស្របតាម​លក្ខណៈ​ស្តង់ដា​ទៀត​ផង»។

គួរ​បញ្ជាក់ថា ​កាល​ពី​ចុង​ឆ្នាំ ​២០២១ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល ​និង​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ធ្វើការ​សាងសង់​មណ្ឌល​ព្យាបាល​កូវីដ ១៩ ​ដែលជា​មណ្ឌល​ព្យាបាល​មួយ​ដ៏ធំ​ ដោយ​មាន​ការបំពាក់​ដោយ​ឧបករណ៍​ទំនើបៗ ​និង​អាច​ដាក់​អ្នកជំងឺ​បាន​រាប់ពាន់​នាក់​ផង​ដែរ។​​

ទាក់ទង​នឹង​ការបង្ការ​ ការប្រុង​ប្រយ័ត្ន​ ពី​ជំងឺ​ឆ្លង ​និង​ជំងឺ​មិនឆ្លង​ក្នុង​ប្រទេស​កម្ពុជា ​រដ្ឋលេខាធិការ​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​លោកស្រី​ ឱ វណ្ណឌីន ​ក៏​បាន​ថ្លែង​ដែរថា ​ក្រសួង​សុខាភិបាល​បានដាក់​ចេញ​នូវ​គោល​ការណ៍​មួយ​ដោយ​ពង្រឹង​សមត្ថភាព​មន្រ្តី​រាជការ​ស៊ីវិល​ក្នុង​វិស័យ​សុខាភិបាល ​ជាពិសេស​ក្រុម​គ្រូពេទ្យ​តែម្តង។​

លោកស្រី​បន្ថែមថា ​ក្នុង​ការបង្ការ​ជាមុន​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ ក៏​បាន​សម្រេច​ធ្វើការ​ពង្រីក​សមត្ថភាព​មន្ទីរ​ពេទ្យ​ ដែល​ក្នុង​នោះ ​គឺ​ការសាងសង់​មន្ទីរពេទ្យ​មួយ ​ដែល​មាន​រហូត​ដល់​ជាង​១ម៉ឺន​គ្រែ​ ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការការពារ​នា​ពេល​ខាង​មុខ ​ក្នុង​ករណី​មាន​ការផ្ទុះ​ចេញ​នូវ​ជំងឺ​រាតត្បាត​ណាមួយ​ដែល​មើល​មិន​ឃើញ។​​

លោកស្រី​មាន​ប្រសាសន៍ថា​៖ «ការពង្រឹង​សមត្ថភាព​របស់​មន្រ្តី​ជា​ការចាំបាច់ ​ការពង្រឹង​សមត្ថភាព​របស់​មន្ទីរពេទ្យ​ក៏​ជា​ការចាំបាច់ ​ដោយ​មាន​ការបំពាក់​នូវ​គ្រឿង​បរិក្ខារ ​សម្ភារ​ផ្សេងៗ​ដើម្បី​ជួយ​ដល់​ការគាំទ្រ ​ទាំង​ការត្រួត​ពិនិត្យ​ឆ្លើយ​តប​នឹង​ជំងឺ​ឆ្លង​ផង ​និង​ការពិនិត្យ​ព្យាបាល​អ្នកជំងឺ​មិន​ឆ្លង​ផង​ដែរ»។

កម្ពុជា​មិនមាន​ការរកឃើញ​អ្នកឆ្ល​ងវីរុស​កូវីដ ១៩ ​ហើយ​ក៏​មិនមាន​អ្នកស្លាប់​ដោយសា​រមេរោ​គកូ​វីដ ១៩ ​ផងដែរ ​ក្នុង​រយៈ​ពេល​៥០ថ្ងៃ​កន្លង​មក​ហើយ។​

គិត​ត្រឹម​ថ្ងៃ​ទី ២៦​ ​ខែមិថុនា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​ទូទាំង​ប្រទេស​ចំនួន ​១៣៦ ២៦២ នាក់​ អ្នកជា​សះស្បើយ ​សរុប​ចំនួន​ ១៣៣ ២០៦ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​ ៣ ០៥៦ នាក់៕​​​​​​​​​​