
បណ្ដាញផ្លូវមួយចំនួនក្នុងក្រុងសៀមរាប។ ក្រសួងសាធារណការ
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានប្រកាសដាក់ឱសានវាទចំនួន ១៥ ថ្ងៃ ឱ្យប្រជាពលរដ្ឋដែលបានរំលោភចំណីផ្លូវប្រកបមុខរបរនានា ត្រូវរុះរើ ដោយខ្លួនឯងចាប់ពីថ្ងៃទី ២៣ ខែមិថុនា ក្រោយផុតឱសានវាទរដ្ឋបាលនឹងចាត់វិធានការតាមច្បាប់។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ បានឱ្យដឹងថា រដ្ឋបាលខេត្ត នឹងបន្តរៀបចំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៨ ខ្សែ នៅក្នុងក្រុងសៀមរាប បន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍផ្លូវរបស់ខេត្ត ដើម្បីប្រែក្លាយហេដ្ឋា រចនាសម្ព័ន្ធផ្លូវទាំងនោះឱ្យបានសមស្រប ដោយធានាបាននូវគុណភាព សុវត្ថិភាព សោភណភាព និង ផាសុកភាព ព្រមទាំងការពារបាននូវបរិស្ថានរស់នៅល្អ និងបម្រើដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ និងការដឹកជញ្ជូននានាក្នុងខេត្តសៀមរាប។
សេចក្តីជូនដំណឹងបន្តថា៖ «ដើម្បីឱ្យការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៨ ខ្សែ ប្រព្រឹត្តទៅដោយរលូននោះ ប្រជាពលរដ្ឋដែលជាម្ចាស់ទីតាំងអាជីវកម្ម លំនៅឋាន សំណង់ការ្យ និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលប៉ះពាល់នៅលើដីចំណីផ្លូវទាំងនោះ ត្រូវចូលរួមសហការ រុះរើដោយខ្លួនឯងតាមជើងម៉ែត្រ ដែលក្រុមការងារជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះវាស់វែង និងបាញ់គំនូសសម្គាល់ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល ក្នុងអំឡុងពេលនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ឱ្យរួចរាល់ក្នុងរយៈពេល ១៥ ថ្ងៃ ជាកំហិត ដោយគិតចាប់ពីថ្ងៃទី ២៣ ខែមិថុនា។ ក្នុងករណី ប្រជាពលរដ្ឋ ពុំរុះរើតាមកាលកំណត់ រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើ តាមនីតិវិធីច្បាប់ជាធរមាន ដោយមិនទទួល ខុសត្រូវចំពោះរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិឡើយ»។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវក្រុងសៀមរាប ប្រាប់ភ្នំពេញប៉ុស្តិ៍ថា រដ្ឋបាលខេត្តបានចុះអប់រំផ្សព្វផ្សាយច្រើនលើកច្រើនសាមកហើយទាក់ទងគម្រោងនេះ ហើយពលរដ្ឋខ្លះបានចូលរួមសហការ ប៉ុន្តែពលរដ្ឋខ្លះទៀតមិនបានចូលរួមនោះទេ។
លោកថា៖ «យើងបានជូនដំណឹងដល់ប្រជាពលរដ្ឋរួចហើយ ហើយផ្លូវដែលរដ្ឋបាលខេត្តកំពុងធ្វើនេះ សុទ្ធតែជាផ្លូវបានចុះបញ្ជីប្រព័ន្ធដីធ្លីមានប្លង់រឹងអស់ហើយ ប៉ុន្តែពលរដ្ឋខ្លះនៅតែយកចំណីផ្លូវធ្វើអាជីវកម្មដោយដាក់អីវ៉ាន់ ធ្វើសំយ៉ាប និងខ្លះទៀតសង់តូប ធ្វើឱ្យប៉ះពាល់ដល់សោភណឌភាពក្រុង»។
លោកថា ក្នុងករណីពលរដ្ឋមិនសុខចិត្តអាចមកសង្កាត់ដើម្បីសាកសួរព័ត៌មានបន្ថែម ហើយក្នុងករណីសង្កាត់ដោះស្រាយមិនបានលោកនឹងស្នើសុំអភិបាលក្រុងមកជួយសម្របសម្រួល ។
យ៉ាងណាមិញលោកគូសបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី ២៦ ខែមិថុនានេះ ពុំមានពលរដ្ឋមកតវ៉ារឿងនេះឡើយ។
បើតាមលោក ក្អោប រ៉ន គម្រោងស្ថាបនាផ្លូវចំនួន ៨ ខ្សែនេះគឺជាគម្រោងរបស់ថ្នាក់ខេត្តដើម្បីកែលម្អ និងលើកកម្ពស់សោភណភាពក្រុង ហើយផ្លូវនេះគឺជាគម្រោងដាច់ដោយឡែកពីផ្លូវ ៣៨ ខ្សែ ដែលរដ្ឋាភិបាលកម្ពុជាបានស្ថាបនានាពេលកន្លងមក៕
វីដេអូ៖