ភ្នំពេញៈ ក្នុង​រយៈ​ពេល ២ ឆ្នាំ គិត​ចាប់​ពីថ្ងៃទី​ ២៥ ខែ​មិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​២៥ ខែ​មិថុ​នា​ឆ្នាំ ២០២២ ​នេះ​ រាជរដ្ឋា​ភិបាល​​ បាន​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ ក្នុង​អំឡុង​ពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ បាន​ចំនួន​ ២៩ លើក​ ដោយ​បាន​ចំណាយ​ថវិការដ្ឋ​ប្រមាណ ៧១៤,៩ លាន​ដុល្លារ​អាមេរិក​​ ដល់​​ពលរដ្ឋ​ក្រីក្រ​ប្រមាណ ៧០ ម៉ឺន​គ្រួសារ។ នេះ​បើតាម​ លោក​ តូច ចាន់នី អ្នកនាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា។

លោក​ តូច ចាន់​នី បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី ​២៦ មិថុនា​ថា កាល​ពី ២-៣ ខែ​ដំបូង នៃការ​ចាប់ផ្ដើម​អនុវត្ដ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយរង​គ្រោះ ក្រុម​ការងារ​ទាំង​នៅថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ជួបការ​លំបាកច្រើន​​ក្នុងការ​អនុវត្ដ​ការងារ​នេះ ដោយសារ​ការ​ងារ​ថ្មី​ហើយ​ផ្ដោត​សំខាន់​លើ​ការ​គ្រប់​គ្រង​ទិន្នន័យ​ និង​សាច់​ប្រាក់​ ដែល​ទាម​ទារ​ចំណេះដឹង​ លើ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​កុំព្យូ​ទ័រ​ សម្រាប់​អនុវត្ដ​ការងារ​នេះ​។ ប៉ុន្ដែ​ក្រោយ​មក​មន្រ្ដី​ទទួល​បាន​បទ​ពិសោធ​លើ​ការអ​នុវត្ដងារ​ងារ​នេះ ​​​ដំណើការ​បាន​ល្អ មិន​មាន​បញ្ហា​ប្រឈម​កើត​ឡើង​ទៀត​ទេ​។

លោក​ថ្លែង​ថា​៖ «កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះគឺមាន​តែ​ប្រទេស​កម្ពុ​ជា​​យើង​ទេ​ដែល​ធ្វើ ប្រទេស​នៅលើ​ពិភព​លោក​គ្មាន​ប្រទេស​ណាមួយ​ធ្វើ​ដូច​ប្រទេស​យើង​បាន​ទេ​​ ក្នុង​ពេល​ជួប​វិបត្ដិ​កូវីដ ​១៩​ បែប​នេះ»​។

លោក ចាន់នី​ បាន​ឱ្យ​ដឹ​ង​ថា រយៈ​ពេល ២ ឆ្នាំ គិត​ចាប់​ពីថ្ងៃទី​ ២៥ ខែ​មិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី ​២៥ ខែ​មិថុនា ឆ្នាំ​ ២០២២ ​នេះ​ រាជ​រដ្ឋា​ភិបាល​​ បាន​ឧបត្ថម្ភ​សាច់​ប្រាក់​ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​កូវីដ​ ១៩ បានចំនួន ​៩ ជុំ ស្មើ​នឹង ២៩ លើក ដល់​​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ប្រមាណ ៧០ ម៉ឺនគ្រួសារ ដោយ​បា​ន​ចំណាយ​ថវិកា​រដ្ឋ​ជាង ២ ៨៥៦,៣៤ ប៊ីលាន​រៀល ស្នើនឹង​ប្រមាណ ៧១៤,៩ លាន​ដុល្លារ​អា​មេរិក​​។

លោក​ថ្លែងថា​៖ «បើគិត​ជាលេខ​មូលពលរដ្ឋ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​សាច់ប្រាក់​សរុប​មាន​ប្រមាណ ៧០ ម៉ឺន​គ្រួសារ ស្មើ​នឹង​ចំនួន​ពល​រដ្ឋ​ប្រមាណ ៣ លាន​នាក់​»។

លោក ទូច សុវឌ្ឍនា ប្រធាន​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា ខេត្ដ​កំពង់​ចាម បាន​ឱ្យ​ដឹង ពាក់ព័ន្ធ​នឹង​ការ​អនុវត្ដ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ នេះថា​ យន្តការ​របស់​មន្ទីរ​សង្គម​កិច្ច គឺបាន​ធ្វើការ​បណ្ដុះបណ្ដាល​ទៅ​ដល់​មន្រ្តី​ជាអ្នក​អនុវត្ដ​ផ្ទាល់​ ជាមួយ​ប្រជា​ពលរដ្ឋ​ក្រីក្រ នៅ​តាម​​ក្រុង ស្រុក និង​​ឃុំ សង្កាត់ លើការ​ផ្ដល់​សេវា​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ តម្លាភាព ដល់​ប្រជា​ពលរដ្ឋ​។​

លោកថ្លែង​ថា​៖ «យើង​មាន​ក្រុមការងារ​មួយ សម្រាប់​រង់ចាំ​សម្រប​សម្រួល នៅពេល​ខាង​រដ្ឋ​បាល​ឃុំ​ សង្កាត់ មាន​បញ្ហា​អ្វី​ យើង​​នឹង​ជួយ​ដោះ​ស្រាយ និង​ជួយ​បង្រៀន ណែ​នាំ​ភ្លាមៗ​លើ​បញ្ហា​ដែល​កើត​មាន​ឡើង​នោះ​»។

បញ្ហា​ចំពោះ​ពលរដ្ឋ​ក្រីក្រ​ដែល​ជាអ្នក​ទទួល​បាន​ការ​ឧបត្ថម្ភ​សាច់​ប្រាក់ គឺ​ភាគ​ច្រើន​ពលរដ្ឋ ភ្លេច​លេខ​កូដ ​​គណនី​វីង​សម្រាប់​បើក​ប្រាក់ និង​មាន​ពលរដ្ឋ​ខ្លះ បាន​ទៅបើក​ប្រាក់​ឧបត្ថម្ភ​មុន​ពេល​កំណត់ ដែល​ធ្វើ​ឱ្យ​បណ្ណ​បើក​ប្រាក់​របស់​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន (block)។ បញ្ហា​នេះ​ពលរដ្ឋ​ត្រូវ​ទៅ​ដាក់​ពាក្យ ឬទៅ​ជួប​ជាមួយ​អាជ្ញា​ធរ​ឃុំ សង្កាត់ ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ បើក​បណ្ណ​​ឧបត្ថម្ភ​សាច់​ប្រាក់​នោះ​ឡើង​វិញ​។

លោក​បន្តថា ក្រុម​ការងារ​របស់មន្ទីរ​សង្គម​កិច្ច​​ខេត្ត​កំពង់​ចាម ​បានចុះ​ផ្សព្វផ្សាយ​តាម​បណ្ដា​បញ្ជរវីង កុំ​ឱ្យ​​កាត់​ប្រាក់​ដែល​រាជរដ្ឋា​ភិបាល​​ឧបត្ថម្ភ​ដល់​ប្រជាពល​រដ្ឋ ពីព្រោះ​ប្រាក់ដែលរាជរដ្ឋា​ភិបាល​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​នោះ រដ្ឋា​ភិបាល​បាន​ចំណាយ​​ថ្លៃ​សេវា​ដល់​​ភ្នាក់​ងារ​វីងរួច​រាល់​ហើយ​។

លោក សុវឌ្ឍនា បាន​ឱ្យ​ដឹង​ថា​ រយៈ​ពេល ២ ឆ្នាំ​កន្លង​មក​នេះ ​ខេត្ដ​កំពង់​ចាម រាជ​រដ្ឋា​ភិបាល​បាន​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដែល​មាន​បណ្ណ​ក្រីក្រ ១ ក្រីក្រ ​២ មាន​ចំនួន ៤៨ ១៤៤ គ្រួសារ ដែល​បច្ចុប្បន្ន​គ្រួសារ​ក្រីក្រ​​ទាំង​នេះ​កំពុង​បន្ត​ទទួល​បាន​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ជុំទី​ ៩ លើក​ទី ​៣​​។

លោក​ថ្លែង​ថា​៖ «គ្រួសារ​ក្រីក្រទាំង​ជាង ៤ ម៉ឺន​គ្រួសារ​នេះ ពួក​គាត់​នៅតែ​បន្ត​ទទួល​បាន​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ពីរាជ​រដ្ឋា​ភិ​បាល​​​​រហូត លុះ​ត្រាតែ​រាជរដ្ឋា​ភិបាល​ប្រកាស​បញ្ចប់​ការអនុវត្ដ​​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់នេះ​ ទើប​ពួក​គាត់​លែង​ទទួល​​​បាន​​​ទៀត​​​»។

បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សង្គម​កិច្ច​ស្ដីពី​លទ្ធ​ផល​នៃការ​អនុវត្ដ​កម្មវិធី​ឧត្ថម្ភ​សាច់​ប្រាក់​នេះ​បានឱ្យដឹ​ង​ថា កាល ពីថ្ងៃទី​ ២៤ ខែ​មិថុ​នា ឆ្នាំ ​២០២០ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ដ​ជាផ្លូវ​ការ​កម្មវិធី​ឧបត្ថ​ម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយរង​គ្រោះ​ក្នុង​អំឡុង​ពេល​កូវីដ ១៩ ហើយ​ក្រសួង​សង្គម​កិច្ច​បាន​ចាប់​ដំណើ​រការ​កម្មវិធីនេះ​កាលពី​ថ្ងៃទី ២​៥ ខែ​មិថុនា ឆ្នាំ​២០២០ មក​ដល់​បច្ចុប្បន្ន​បាន​ចំនួន ៩ ជុំ មាន​ ២៤ លើក​ រួច​មក​ហើយ​។

ក្រសួង​ឱ្យ​ដឹង​ថា សម្រាប់​ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជុំទី​ ៩ លើក​ទី ៣ នឹង​ចាប់​ផ្ដើម​ពីថ្ងៃ​ទី​ ២៥ ខែ​មិថុនា ឆ្នាំ​ ២០២២ រហូត​ដល់​ថ្ងៃទី ​២៤ ខែ​កក្កដា​ ឆ្នាំ​ ២០២២ មាន​រយៈ​ពេល​ ៣០ ថ្ងៃ នឹង​ត្រូវ​អនុវត្ដ​តាម​នីតិវិធី​ដែល​ក្រសួង​បាន​ដាក់​ចេញ​៕