
សមត្ថកិច្ចបង្ហាញអាវុធដែលរឹបអូសបាន។ រូបថត នគរបាល
ព្រះសីហនុៈ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដល់ឫសគល់ ក្នុងករណីផ្ទុះអាវុធកាលពីថ្ងៃទី ១៥ ខែមិថុនា នៅខេត្តព្រះសីហនុ សមត្ថកិច្ចនគរបាលបានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ៦ នាក់ និង អាវុធ ៤២ ដើម។
លោក ជួន ណារិន្ទ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៦ ខែមិថុនាថា សមត្ថកិច្ចនគរបាលបានដកហូតអាវុធស្វ័យប្រវត្តិ ចំនួន ១១ ដើម ក្នុងនោះមានអាវុធវែង ២ ដើម និងខ្លី ៩ ដើម និងអាវុធ កែច្នៃប្រើប្រាស់បាញ់គ្រាប់ជ័រ គ្រាប់ឃ្លីដែក ចំនួន ៣១ ដើមទៀត ដែលក្នុងនោះមានអាវុធវែង ៣ ដើម និង ខ្លី ២៨ ដើម។ ព្រមទាំង កូនម៉ាស៊ីនកែច្នៃគាបកាត់គ្រាប់ និងជួសជុលអាវុធចំនួន ២ គ្រឿង និងគ្រាប់គ្រប់ប្រភេទប្រើប្រាស់ដោយអាវុធវែងនិងខ្លីមួយចំនួនធំ។
លោកបញ្ជាក់ថា អាវុធទាំងនេះដកហូតបាន បន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវបង្ក្រាបបានដល់ឫសគល់ ចាប់បានជនសង្ស័យ ៦ នាក់ ដែលបានផ្ទុះអាវុធ ២ គ្រាប់ បណ្តាលឱ្យសមត្ថកិច្ចនគរបាលម្នាក់ជាអធិការនគរបាលក្រុងព្រះសីហនុត្រូវរបួសធ្ងន់ចំជើងស្តាំ កាលពីថ្ងៃទី ១៥ ខែមិថុនា នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្រោយផ្ទុះអាវុធភ្លាមៗសមត្ថិច្ចបង្ក្រាបបាន ជនសង្ស័យ ៤ នាក់ និងកាំភ្លើង ១ ដើម។
លោកស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ភាគច្រើនករណីផ្ទុះអាវុធ បង្ករបួសស្នាម ឬបណ្តាលឲ្យមានមនុស្សស្លាប់ ភាគច្រើនចាប់បានតែជនសង្ស័យ និងបាត់ដានត្រឹមការដកហូតអាវុធពីជនសង្ស័យតែប៉ុណ្ណោះ ប៉ុន្តែទោះជាបាត់ដានក៏សមត្ថកិច្ច បន្តកិច្ចប្រតិបត្តិការជាមួយស្ថាប័នច្បាប់រហូតដល់ថ្ងៃទី ១៨ ខែមិថុនា តាមរយៈការស្រាវជ្រាវតាមវិធានការជំនាញរបស់នគរបាល ដោយមានកិច្ចសហប្រតិបត្តិការពីនាយកដ្ឋានជំនាញពាក់ព័ន្ធ និងស្ថាប័នច្បាប់ ដែលមានទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល ឧត្តរមានជ័យ រហូតដល់ ខេត្តរតនគិរី ទើបឃាត់បានដល់ឫសគល់ជនសង្ស័យ។
លោកថ្លែងថា៖ «យើងបង្ក្រាបបានអ្នកកុម្ម៉ង់ទិញអាវុធយកមកចែកចាយបំពាក់ដោយខុសច្បាប់ អ្នកដែលចែកចាយ រក្សាទុកអាវុធខុសច្បាប់ក៏យើងបង្ក្រាបបាន ហើយអ្នកកុម្ម៉ង់យកចេញពីប្រទេសជិតខាងចូលមកយើងនេះ ក៏យើងបង្ក្រាបបាន ទាំងអាវុធ និងជនសង្ស័យ ៦ នាក់ ដែលមិនរាប់ថ្ងៃទី ១៥ ដែលយើងឃាត់ចាប់ខ្លួនជាក់ស្តែងនោះទេ» ។
លោកបញ្ជាក់ថា ក្រុមជនទាំង ៦ នាក់នេះមានខ្សែបណ្តាញស៊ីចង្វាក់គ្នាបានល្អដោយមានម្នាក់ជាអ្នកចែកចាយ កែច្នៃគ្រាប់ ដែលមានគ្រាប់ជ័រ និងគ្រាប់កែច្នៃបាញ់គ្រាប់ពិត ម្នាក់ទៀត មានសម្ភារមួយកំផ្លេគឺជួសជុលនិងកែច្នៃកាំភ្លើង ដែលការងារនេះ ជាការងារដែលច្បាប់បានចែងថាជាមុខរបរពិសេស ដែលសមត្ថកិច្ចត្រូវមានវិធានការគ្រប់គ្រងហ្មត់ចត់។
ជុំវិញរឿងនេះ លោក ជួន ណារិន្ទ បានធ្វើសន្និសីទសារព័ត៌មាន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថ្ងៃទី ២៥ ខែមិថុនា ដើម្បីផ្តល់ព័ត៌មានជូនធារណជនឱ្យបានយល់ ដឹងពីការខិតខំយកចិត្តទុក ដាក់ថែរក្សា សុវត្ថិភាពសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅក្នុងខេត្តព្រះសីហនុ និងស្រាយចម្ងល់ពលរដ្ឋដែលបានលើកឡើងថា ឮតែសមត្ថកិច្ចសហការបង្ក្រាបតែមិនបញ្ចេញព័ត៌មាន។
លោកពន្យល់ថា៖ « ហេតុអ្វីមិនបញ្ចេញព័ត៌មាន ដោយសារក្នុងកិច្ចប្រតិបត្តិការពួកយើងខ្ញុំជាវិធានការ ជំនាញសុទ្ធសាធ យើងមិនអាចកំពុងធ្វើ ធ្វើឲ្យបែកធ្លាយទេ ទី ១ គឺអាចគ្រោះថ្នាក់ដល់អាយុជីវិតកងកម្លាំងដែលកំពុងតាមបង្ក្រាប ទី២ធ្វើឲ្យជនសង្ស័យដឹងខ្លួនរត់គេច»។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ២៤ មិថុនា សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី ១- ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់), ទី ២- ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិវៀតណាម (ប្រពន្ធជនដៃដល់), ទី ៣- ឈ្មោះ DINH THANH XUYEN អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម (បក្ខពួក), ទី ៤- ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ), ទី ៥- ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ) និងទី ៦- ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)៕