ភ្នំពេញៈអភិ​បា​លខេត្ត​កំពង់ធំ ​លោក​ ងួន​ រតនៈ បាន​បញ្ជា​ឱ្យ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​រៀប​ចំ​កម្លាំង​និង​ផែន​កា​ចុះ​ល្បាត​ការពារ​ព្រៃ​អង់​តែ​នឱ្យបាន​តឹង​រ៉ឺង ​និង​ប្រកបដោ​យ​ប្រសិទ្ធ​ភាព​ដោយ​ធ្វើយ៉ាង​ណា​កុំ​ឱ្យ​ក្រុម​ជន​ទុច្ចរិត​ចូល​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ទន្ទ្រាន​យក​ដីព្រៃ​ក្នុង​តំបន់​នេះ​ធ្វើជា​កម្ម​សិទ្ធិ​ខុស​ច្បាប់​។

ការ​ដាក់​ចេញ​នូវ​បទ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រូបលោក​បាន​ដឹកនាំ​ក្រុម​ការងារ​ និង​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​នៅ​តំបន់​ព្រៃ​អង់​តែន​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ល្វា​ និង​ឃុំ​ក្រយា ស្រុ​ក​សន្ទុក ខេត្ត​កំពង់​ធំ​ កាល​ពី​ថ្ងៃទី ​២៤ ​ខែមិថុនា​ឆ្នាំ​ ២០២២ ​ហើយ​បាន​កត់​សម្គាល់​ឃើញ​ថា ព្រៃឈើ​ក្នុង​តំបន់​នេះ​ជា​ច្រើន​កន្លែង​បាន​រង​ការ​កាប់​បំផ្លាញ​ ដើម្បី​ទន្ទ្រាន​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ក្រុម​ជន​ទុច្ចរិត​។

លោក​ថ្លែង​ថា៖ «ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់ធំ​ត្រូវ​នាំគ្នា​ធ្វើការ​ស្រាវ​ជ្រាវ​រកមុខ​សញ្ញា​ក្រុម​ជន​ល្មើស ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ដើម្បី​មាន​ចំណាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​ និង​ត្រូវ​រៀបចំ​សំណុំ​ឯក​សារ​ឱ្យបាន​ត្រឹម​ត្រូវ​និង​ច្បាស់​លាស់ ​ដើម្បី​ធ្វើ​សំណើ​រឹប​អូស​យក​ដី​ទាំងនោះ​ត្រឡប់​មក​ដាក់​ចូល​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ»​។

ព្រៃ​អង់​តែ​នគឺជា​ច្រក​របៀង​អភិ​រក្ស​ជីវ​ចម្រុះ​មួយ​ស្ថិត​ក្រោម​ការគ្រប់​គ្រងរ​បស់​ក្រសួង​បរិស្ថាន ​មាន​ផ្ទៃដី​សរុប​ទំហំ ​៣១ ៤១៦​ហិកតា និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​សន្ទុក​ និង​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ។ កាល​ពីពេល​ថ្មីៗ​នេះ ច្រក​របៀង​អភិរក្ស​ជីវ​ចម្រុះ​ដ៏​មាន​សក្ដា​នុពល​នេះ ​ត្រូវបាន​រាជ​រដ្ឋាភិ​បាល​ប្រកាស​ផ្ទេរ​ការ​គ្រប់​គ្រង​ និង​ការ​ទទួល​ខុសត្រូវ​ទៅឱ្យ​រដ្ឋ​បាល​ព្រៃឈើ​នៃ​ក្រសួង​កសិក​ម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ ដើម្បី​អភិ​វឌ្ឍនូវ​គម្រោង​រ៉េត​បូក​ ។

ទន្ទឹម​នឹង​នេះ លោក​ រតនៈ បាន​ជំរុញ​ឱ្យ​គ្រប់​មន្ទីរ​អង្គ​ភាព​ពាក់​ព័ន្ធ ​រួម​សហការ​គ្នា បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្ម​ជាតិ​ក្នុង​តំបន់​ព្រៃ​អង់​តែ​ន ដោយ​រក្សា​ឱ្យបាន​នូវ​សាមគ្គី​ភាព និង​កិច្ច​សហកា​រ​ល្អ​ប្រកប​ដោយ​បរិ​យា​ប័ន្ន ​ធ្វើយ៉ាង​ណា​កុំ​ជះ​ទឹក​សាច​ដាក់​គ្នា ដែល​នាំឱ្យ​បរា​ជ័យ​នៅ​ក្នុង​ការអនុ​វត្ត​តួនាទី​និង​ភារកិច្ច នៃ​អង្គ​ភាព និង​ស្ថា​ប័ន​នីមួយៗ​ ដែល​រាជ​រដ្ឋាភិ​បាល​បាន​ប្រគល់​ជូន​។

លោក​បាន​បញ្ជាក់​ថា៖ «យើង​ត្រូវ​រួមគ្នា​អនុវត្ត​ច្បាប់ឱ្យមាន​ប្រសិទ្ធ​ភាព និង​ប្រកប​ដោយ​បរិ​យា​ប័ន្ន​ដោយ​កុំ​បណ្ដោយ​ឲ្យ​ដំបៅ​តូច​មួយ​ក្លាយ​ជា​ដំបៅ​ងា ឬដំបៅ​មហា​រីក ដែល​នាំឱ្យ​ពិបាក​ទៅ​ថ្ងៃ​ក្រោយ»​។

លោក​បាន​ព្រមាន​ផង​ដែរ​ថា មន្ត្រី​រាជ​ការ និងកង​កម្លាំង ដែល​មាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណីកាប់​ទន្ទ្រាន​ដីព្រៃ​យក​មក​ធ្វើជា​កម្ម​សិទ្ធិ​ខុស​ច្បាប់ត្រូវ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់ ​បើ​ពុំនោះ​នឹងត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ​ជា​ធ​រមាន​។

ជុំវិញ​ករណីនេះ​ លោក​ មុំ សុផល នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​កំពង់​ថ្មនៃ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំពង់​ធំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ពេល​នេះ​ខណ្ឌ​រដ្ឋបា​ល​ព្រៃឈើ​ខេត្ត​កំពុង​រៀបចំ​ផែនកា ​និង​កម្ម​វិធី​ចុះ​ល្បាត​ការពារ​ព្រៃ​ឈើ នៅ​ក្នុង​តំបន់​ព្រៃ​អង់​តែ​ន​នេះ ដោយ​ស្នើសុំ​កម្លាំង​មន្ត្រី​កងរាជ​អាវុធហត្ថ​មួយចំនួន​ន្ថែ​ម​ទៀត ដើម្បី​ចូល​រួម​ល្បាត​ការ​ពារ​ព្រៃឈើ​។

លោក​​ថ្លែងថា​៖ «នៅ​ពេលនេះ​យើង​បានរៀបចំ​ផែនកា​រ​ និងកម្មវិធី​សម្រាប់​ការចុះ​ល្បាត​ព្រៃ​រួចជា​ស្រេច​ហើយ ​នៅតែ​ការ​កម្លាំង​អន្ត​រាគ​មន៍​ពី​កងរាជ​អាវុធ​ហត្ថដែល​ត្រូវ​មក​ចូល​រួម​ប៉ុណ្ណោះ»​។

លោក​បាន​បន្ត​ថា យ៉ាង​ណាក៏​ដោយ ស្នាក់​ការ​បរិស្ថាន​ចំនួន​ ២ ​កន្លែងក្នុង​តំបន់​ច្រក​របៀង​អភិរក្ស​ជីវ​ចម្រុះ​ព្រៃ​អង់​តែ​ន​នេះ​នៅតែ​បន្ត​ដំណើ​ការ​ ដោយ​មាន​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មួយ​ចំនួន កំពុង​បន្ត​ចុះ​ល្បាត​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នេះ រហូត​ដល់​ថ្ងៃ​ប្រកាស​ផ្ទេរ​ភារ​កិច្ច និង​ការគ្រប់​គ្រង​ជា​ផ្លូវការ​ដល់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំពង់​ធំ ដែល​ទំនង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​ខាង​មុខ​នេះ៕​ ​