
លោក លោក សាប់ ប៊ុនសឿន ពេលកំពុងបំពេញការងារនៅសាលាឃុំស្រអែម ។ រូបថត សហការី
ព្រះវិហារៈនៅក្នុងដំណើររលាក់ដោយសារផ្នែកជើងម្ខាងដើរមិនព្រមគ្នា ព្រោះតែប្រើជើងសិប្បនិមិ្មតដែលទប់ទ្រខ្លួនធំក្រអាញ បុរសវ័យ ៥៨ ឆ្នាំ ដែលមានសម្បុរស្រអែម ច្រមុះសំប៉ែតធំ សក់ស្លូតពណ៌ខ្មៅគឺជាអតីតយោធាម្នាក់ ដែលបានវិវឌ្ឍខ្លួនពីការកាន់កាំភ្លើងក្នុងសមរភូមិមកជាអ្នកកាន់ប៉ិចធ្វើជាសមាជិកក្រុមប្រឹក្សាឃុំស្រអែមនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាមួយនឹងមោទនភាព ដែលលោកបានបំពេញទាំងមុន និងពេលបច្ចុប្បន្ន។
ក្នុងទឹកមុខស្រស់ស្រាយកំពុងអង្គុយនៅក្នុងបន្ទប់ការិយាល័យធ្វើពីឈើនៃសាលាឃុំស្រអែមដែលនៅផ្នែកជញ្ជាំងនៃបន្ទប់មានព្យួរផែនទីប្រទេសកម្ពុជាមួយផ្ទាំង និងនៅជុំវិញខ្លួនមានគំនរឯកសារនៅលើតុផងនោះ លោក សាប់ ប៊ុនសឿន បានរៀបរាប់ថា ឆ្នាំនេះលោកមានអាយុ ៥៨ ឆ្នាំគត់ និងបានរៀបអាពាហ៍ពិពាហ៍ជាមួយនារីខ្មែរម្នាក់ជាង ២០ ឆ្នាំ ថែមទាំងមានកូនប្រុសស្រីចំនួន ៣ នាក់ផង។ បើទោះជាលោកធ្លាប់បានទទួលរងនូវការឈឺចាប់យ៉ាងជោកជាំនៅក្នុងជីវិតក៏ដូចជាធ្លាប់ឆ្លងកាត់ព្យុះភ្លៀងនៃគ្រាប់រំសេវក្នុងសមរភូមិយ៉ាងណាក្តី ប៉ុន្តែលោកនៅតែមានមោទនភាពក្នុងខ្លួន និងស្រឡាញ់ពេញចិត្តចង់ជួយការងារសង្គម ដោយសារលោកក៏នៅមានកម្លាំងធន់នឹងបម្រើការជាសមាជិកក្រុមប្រឹក្សាឃុំស្រអែម ស្រុកជាំក្សាននេះដែរ។
លោកបានរំឭកពីអតីតកាលថា នៅថ្ងៃមួយលោកមិនបានចាំថ្ងៃខែទេ ប៉ុន្តែក្នុងអំឡុងឆ្នាំ ១៩៨៥ ដែលកាលនោះលោកធ្វើជាទាហានរដ្ឋកម្ពុជាហើយបានបោះបន្ទាយឈរជើងនៅក្នុងសមរភូមិជួរមុខនៅចំណុច (ទំនប់ព្រះប្រឡាយ ហៅ ង-១៨) ក្នុងខេត្តបន្ទាយមានជ័យ។
លោកបានរៀបរាប់ថា កាលនោះនៅវេលាថ្ងៃលោកបានចេញពីបន្ទាយដើម្បីដើរល្បាតហើយក៏ជាន់មីនលេខបូក១គ្រាប់ផ្ទុះឡើងកក្រើកព្រៃបណ្តាលឱ្យលោកត្រូវរបួសខ្ទេចឆ្អឹងជើងខាងស្តាំធ្ងន់ធ្ងរ ខណៈជើងខាងឆ្វេងក៏ត្រូវអំបែងគ្រាប់មីនបែកឆ្អឹងស្មងជើងអស់ដែរ។ នៅពេលនោះលោកសន្លប់ហើយត្រូវបានមិត្តរួមការងារយកអង្រឹងសែងកាត់ភ្នំដងរែក ហើយលោកនិងក្រុមជួយសង្គ្រោះបានសម្រាកនៅជើងភ្នំដងរែកបាន ១ យប់ទើបក្រុមមិត្រួម
ការងារដឹកបញ្ជូនលោកតាមរថយន្តមកឃុំស្រអែម ខេត្តព្រះវិហារ ទៅស្នាក់នៅព្យាបាលបណ្តោះអាសន្នក្នុងកងពលលេខ ៣០៧ របស់កងទ័ពវៀតណាម និងសម្រាកបាន ៥ ថ្ងៃទើបគ្រូពេទ្យបញ្ជូនលោកតាមឧទ្ធម្ភាគចក្រ (Helicopter)ទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងបាន ១ សប្ដាហ៍ រួចក៏បន្ដឡើងយន្តហោះជិះមកព្យាបាលនៅមន្ទីរពេទ្យ ១/៧៩ នៅរាជធានីភ្នំពេញ។តែដោយសារស្ថានភាពរបួសធ្ងន់ពេកលោកត្រូវបានគ្រូពេទ្យកាត់ជើងស្តាំ
ត្រឹមភ្លៅ។
លោករំឭកបន្តថា នៅតំបន់ចំណុចទំនប់ព្រះប្រឡាយនោះគឺជាសមភូមិក្តៅមួយប្រយុទ្ធប្រទាញប្រទង់គ្នាយ៉ាងខ្លាំងរវាងទាហានខ្មែរក្រហម និងទាហានរដ្ឋកម្ពុជាហើយនៅជំនាន់នោះក៏មានពលករ (ក៥) ដាក់មីនផងដែរ ដើម្បីការពារកន្លែងស្នាក់នៅរបស់ពួកគេ។ ហេតុដូច្នេះគ្រាប់មីនដែលត្រូវបានកប់ក្នុងដី លោកមិនដឹងថា ខាងណាជាអ្នកដាក់ពិតប្រាកដនោះទេ ព្រោះគ្រាប់មីនបើត្រូវខាងទ័ពខ្មែរក្រហមដោះបានគឺខ្មែរក្រហមក៏យកទៅកប់វិញ។
ចំណែកឯគ្រាប់មីនទាំងនោះជាប្រភេទគ្រាប់មីនលេខបូកដែលពេលមនុស្សជាន់វាទៅវាផ្ទុះដាច់តែត្រឹមជើងទេ។
ពេលនិយាយដល់ជីវិតពិការភាពនេះលោក ប៊ុនសឿន បានងើបមុខឡើងហើយពោលទាំងអារម្មណ៍ក្តុកក្តួលថា លោកខ្លួនឯងផ្ទាល់មិនត្រឹមតែប្រែប្រួលពីមានកាយសម្បទាគ្រប់គ្រាន់មកជាជីវិតពិការទេ សូម្បីតែសមាជិកនៅក្នុងគ្រួសារក៏ក្លាយទៅជាមនុស្សពិការដូចគ្នាដែរ តែពួកគេពិការចិត្ត ព្រោះត្រូវប្រឈមនឹងបញ្ហាជីវភាពក្នុងគ្រួសារគ្មានអ្នករកចំណូលមកផ្គត់ផ្គង់ចិញ្ចឹមប្រពន្ធកូននៅតូចៗនៅឡើយ។
លោកបានថ្លែងទៀតថា ប៉ុន្តែក្រោយពីលោកធ្លាក់ខ្លួនពិការមក លោកបានវិលត្រឡប់មកស្រុកកំណើតក្នុងស្រុកជាំក្សាន្ដខេត្តព្រះវិហារវិញ។ បន្ទាប់មកលោកត្រូវបានជ្រើសរើសធ្វើជាសមាជិកក្រុមប្រឹក្សាឃុំស្រអែម ដែលក្នុងតំណែងនេះមានរយៈពេល ១៥ ឆ្នាំហើយគិតមកទល់ឆ្នាំ ២០២២ នេះ។
ចំពោះការធ្វើដំណើរទៅបំពេញការងារជាសមាជិកក្រុមប្រឹក្សាឃុំ លោកបានប្រាប់ថា ជារៀងរាល់ថ្ងៃលោកតែងតែជិះម៉ូតូទៅធ្វើការនៅសាលាឃុំស្រអែមក្នុងចម្ងាយផ្លូវពីផ្ទះប្រហែល ១ គីឡូម៉ែត្រ។ ការប្រើម៉ូតូជាមធ្យោបាយនេះលោកក៏តែងតែជួបឧបសគ្គខ្លះៗដែរដូចជា ពេលដាក់លេខម៉ូតូ និងពេលជាន់ហ្វ្រាំង ព្រោះជើងម្ខាង ដែលជាជើងសិប្បនិម្មិតបំពាក់ត្រឹមភ្លៅគឺវាមិនដូចប្រើជើងសិប្បនិម្មិតត្រឹមក្រោមក្បាលជង្គង់នោះទេ។
ក៏ប៉ុន្តែនៅពេលនិយាយរំឭកដល់ការងារក្រុមប្រឹក្សាឃុំវិញស្រាប់តែលោក ប៊ុនសឿន បែរជាថ្លែងទាំងត្រេកអរថា៖ «ខ្ញុំពេញចិត្តនឹងការងារធ្វើជាសមាជិកក្រុមប្រឹក្សាឃុំនេះណាស់។ ព្រោះខ្ញុំជាអ្នកទទួលបន្ទុកចុះបញ្ជីអត្រា
នុគោលដ្ឋានជូនពលរដ្ឋ ខ្ញុំពេញចិត្តនឹងបម្រើប្រជាពលរដ្ឋរបស់ខ្ញុំ និងសង្គមខ្ញុំ»។
ពាក់ព័ន្ធនឹងបញ្ហាគ្រាប់មីននេះដែរ លោក លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន ធ្លាប់ផ្តល់បទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍ថាផ្ទៃដីចម្ការមីនដែលនៅសល់ក្នុងប្រទេសកម្ពុជាមានប្រមាណ ៨០០ គីឡូម៉ែត្រការ៉េ។ ចំណែកការត្រួតពិនិត្យគុណភាព ការស្រាវជ្រាវចម្ការមីន និងការបោសសម្អាតមីននេះគឺធ្វើទៅតាមខេត្ដគោលដៅអាទិភាព ដែលជាខេត្ដមានមីនច្រើនជាងគេដូចជា ខេត្ដបាត់ដំបង បន្ទាយមានជ័យ និងខេត្ដសៀមរាប ជាដើម។
ចំពោះការត្រួតពិនិត្យនេះលោក លី ធុជ បញ្ជាក់ថាគឺ ដើម្បីពង្រឹងគុណភាពការងារស្រាវជ្រាវចម្ការមីន និងការបោសសម្អាតមីនដែលអនុវត្តដោយប្រតិបត្តិករជាតិ-អន្តរជាតិនៅតាមបណ្តាខេត្ត ដែលទទួលរងផលប៉ះពាល់ដោយសារមីន។ បើតាមលោក លី ធុជ ខេត្ដដែលក្រុមត្រួតពិនិត្យអាជ្ញាធរមីនបានបន្តចុះពិនិត្យទៀតនោះ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ជាដើម។
លោកថ្លែងថា៖ «ក្រុមត្រួតពិនិត្យនៃអាជ្ញាធរមីនកំពុងចុះពិនិត្យកិច្ចប្រតិបត្តិការស្រាវជ្រាវចម្ការមីនមូលដ្ឋាន ការបោសសម្អាតមីននិងផ្ទៃដី ក្រោយពេលបោសសម្អាតនៅតាមបណ្តាខេត្ត ដែលរងផលប៉ះពាល់ដោយសារមីន ដើម្បីកំណត់ផ្ទៃដីដែលមានមីនឡើងវិញឱ្យបានច្បាស់លាស់ និងពន្លឿនគោលដៅបោសសម្អាតមីនឱ្យអស់ពីកម្ពុជាក្នុងឆ្នាំ ២០២៥»៕