ភ្នំពេញៈ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដុតបំផ្លាញ​គ្រឿងញៀន​ជាង​ ៦ ​តោន ​ក្នុង​ចំណោម​គ្រឿងញៀន​ដែល​​រឹបអូស​បាន​ជាង​ ៩០ ​តោន ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​ ២៦​ មិថុនា​ នៅក្បែរ​អគារ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ​។

ចំណែក​សល់​ពី​នោះ​នឹង​បន្សាប​ និង​បំផ្លាញចោល​តាម​លក្ខណៈ​បច្ចេកទេស​នាពេល​ក្រោយ​។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹងថា គ្រឿងញៀន​ដែល​ត្រូវ​ដុត​កម្ទេច​នេះ​គណៈកម្មការ​បាន​រៀបចំ​តាម​លក្ខណៈ​បច្ចេកទេស និង​សុវត្ថិភាព​។ នៅ​ចំពោះមុខ​អង្គពិធី​គឺ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តី​សម្រេច​រឹបអូស​បំផ្លាញ​ចោល​មាន​ចំនួន​ ៥៥ ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​មាន​ទម្ងន់​សរុប​ ៩០ ​តោន​ ៨០​ គីឡូក្រាម​ និង ​៦៦៤,៣០ ​ក្រាម​ដែល​សមត្ថកិច្ច​បង្ក្រាប​ក្នុង​ឆ្នាំ​ ២០២១-២០២២​។

លោក​បញ្ជាក់ថា គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿងញៀន និង​មន្ទីរពិសោធន៍​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​សម្រេច​បំផ្លាញ​គ្រឿងញៀន​ ដោយ​វិធីសាស្ត្រ​ដុត​នូវ​សារធាតុ​ញៀន និង​សារធាតុ​គីមី​ទម្ងន់ ៦ ​តោន ២៥៩ គីឡូក្រាម និង ​៥៣០,៣២ ​ក្រាម​ប៉ុណ្ណោះ​។ រីឯ​សារធាតុ​ញៀន សារធាតុ​គីមី និង​សារធាតុ​គីមី​ផ្សំ​ទម្ងន់​ ៨៣ ​តោន ៨២១​ គីឡូក្រាម និង​ ១៣៣,៩៨ ​ក្រាម ដែល​ជា​សារធាតុ​រំលាយ ហើរ ជា​អាស៊ីត និង​គីមី​ពុល​ឆាបឆេះ​ខ្លាំង​មិនអាច​បំផ្លាញ​តាម​ការដុត​បាន គឺ​គណៈកម្មការ​សម្រេច​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​បន្សាប​ និង​បំផ្លាញចោល​តាម​លក្ខណៈ​បច្ចេកទេស​នាពេល​ក្រោយ​។

លោក​បាន​ថ្លែងថា​៖ «​បរិមាណ​គ្រឿងញៀន​ដ៏ច្រើន​នេះ​ ប្រសិន​បើ​​សមត្ថកិច្ច​យើង​បង្ក្រាប​មិនទាន់​ពេលនោះ​ទេវា​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​អនាគត​យុវវ័យ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​រាប់ពាន់​ម៉ឺន​នាក់​ជាក់​ជាមិនខាន​។ នោះ​គឺជា​មហា​សោកនាដកម្ម​សម្រាប់​មនុស្ស​ជាតិ​គ្រប់រូប​»​។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នា​ថ្ងៃទី​ ២៦ មិថុនា​នៅក្នុង​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ​នេះ លោក ឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឱ្យដឹងថា​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ការដណ្តើម​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច​របស់​មហាអំណាច​ធំៗ និង​វិបត្តិ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាដើម គេ​តែង​បំភ្លេច​ ឬ​ចាត់ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យនៅ​ដោយឡែក ប៉ុន្តែ​កម្ពុជា​មិន​ត្រឹមតែ​មិន​បំភ្លេច​ទេ តែ​ថែមទាំង​បង្កើន​ការយក​ចិត្តទុកដាក់​ទៀតផង​។

ជាក់ស្តែង​ក្នុងពេល​មាន​ឆ្លង​​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ខ្លាំង​គឺ​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​ និង​បង្ក្រាបបាន​គ្រឿងញៀន​ ១០ ៤៦១ ​ករណី ដោយ​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​ចំនួន​ ៣​ តោន ​៨៧៥​ គីឡូក្រាម និង​ ៨៩៨​ ក្រាម​ក្នុង​ឆ្នាំ​ ២០២០ និង​ឃាត់ខ្លួន ជនសង្ស័យ​បាន​ ២១ ៥៦៦ ​នាក់ និង​ក្នុង​ឆ្នាំ​ ២០២១ បង្ក្រាបបាន​ ៦ ៣០៨​ ករណី រឹបអូស​គ្រឿងញៀន​​បាន​ ៤​ តោន ​៦៨៩ ​គីឡូក្រាម ៦១១ ៤៧ ​ក្រាម​ និង​បាន​ឃាត់ខ្លួន មនុស្ស​ចំនួន​ ១៣ ៩៧៩​ នាក់​។

គ្រឿងញៀន​ដែល​សមត្ថកិច្ច​រៀបចំ​ដុត​ពី​ម្សិលមិញ​។ហុង មិនា

លោក ស ខេង បន្តថា បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស​បាន​ក្នុង​ឆ្នាំ ​២០២០ និង​ ២០២១ មាន​ការ​កើនឡើង​គួរឱ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​នឹង​មុន​មាន​កូវីដ​ក្នុង​ឆ្នាំ​ ២០១៨ និង​​ឆ្នាំ ២០១៩​។ ​ជាមួយ​គ្នា​នោះ ការងារ​អប់រំ​ផ្សព្វផ្សាយ បើទោះបី​ជា​ជួប​ឧបសគ្គ​មួយចំនួន ដូចជា​ការមិន​អនុញ្ញាត​ឱ្យ​មាន​ការជួប​ជុំ​មិនឱ្យ​មានការ​រៀបចំ​ពិធី​ប្រមូលផ្តុំ​ជាដើម ក៏​កម្ពុជា​នៅតែ​អាច​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ និង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ ដើម្បី​អប់រំ​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ឱ្យ​បាន​ដល់​គោលដៅ​ក្នុងសង្គម​។

បន្ថែម​លើ​នោះ​ទៀត ក្រសួង ស្ថាប័ន អង្គភាព​ជា​សមាជិក​ក៏ដូចជា ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ អង្គការ សមាគមជាតិ​អន្តរជាតិ វិស័យ​សាសនា វិស័យ​ឯកជន ក៏បាន​ខិតខំ​ចូលរួម​តាម​គ្រប់​លទ្ធភាព ដោយ​បាន​បញ្ជ្រាប​ការអប់រំ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ទៅក្នុង​សកម្មភាព​ស្នូល​របស់ខ្លួន​។

ចំណែក​ការព្យាបាល​ និង​ស្តារនី​តិសម្បទា​អ្នកញៀន​គ្រឿងញៀន​ក៏បាន​បង្កើន​ការយកចិត្ត​ទុកដាក់​ខ្លាំង​ផងដែរ​ក្នុង នោះ​ក្រៅពី​ការពង្រឹង​សមត្ថភាព និង​គុណភាព​នៃ​ការផ្តល់​សេវា​ព្យាបាល និង​ស្តារនីតិសម្បទា​ក៏បាន​ចាត់វិធានការ​ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ ក្នុង​ចំណោម​អ្នកញៀន​គ្រឿងញៀន ជាពិសេស​អ្នក​ដែល​ទទួល​ការព្យាបាល និង​ស្តារនីតិសម្បទា​ទទួល​បាន​ជោគជ័យ​គួរឱ្យ​កត់សម្គាល់​។

លោក ស ខេង បាន​បញ្ជាក់ថា បើទោះបី​ជា​កម្ពុជា​សម្រេច​បាន​លទ្ធផល​ល្អ​ក៏ដោយ ក៏​ស្ថានភាព​​ និង​និន្នាការ​នៃ​ការផលិត ការ​ចរាចរ និង​ការប្រើ​គ្រឿងញៀន​​ក្នុង​តំបន់ និង​នៅលើ​សកលលោក​នៅតែ​គ្មាន​ការថយចុះ ហើយ​​ថែមទាំង​មានការ​កើនឡើង​គួរ​​ឱ្យ​ព្រួយបារម្ភ ពិសេស​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​វិបត្តិ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន​នាពេល​​បច្ចុប្បន្ននេះ​។

លោក​ថ្លែងថា​៖ «​យើង​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល និង​ផលវិបាក​នៃ​វិបត្តិ​ទាំងនេះ​ផងដែរ ដោយ​កន្លងមក ក៏ដូចជា ក្នុងពេល​ថ្មីៗ​​នេះ ក្រុម​ឧក្រិដ្ឋ​គ្រឿងញៀន​មិន​ត្រឹមតែ​ព្យាយាម​លួចលាក់​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់ និង​ចូលមក​​កម្ពុជា​ប៉ុណ្ណោះ​ទេ ពួកនេះ​បាន​​ព្យាយាម​ម្តង​ហើយ​ម្តងទៀត​ក្នុង​ការ​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​ទីតាំង​ផលិត​គ្រឿងញៀន​»​។

ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នេះដែរ តាមរយៈ​សារលិខិត​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ណែនាំ​ក្រសួង​ស្ថាប័ន អង្គភាព និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រាជធានី​-​ខេត្ត ដែលជា​សមាជិក អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា ក្រសួង ស្ថាប័ន និង​​អង្គភាព​ពាក់ព័ន្ធ​ព្រមទាំង​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​​សាសនា វិស័យ​ឯកជន សប្បុរសជន អង្គការ​សមាគមជាតិ​-​អន្តរជាតិ​ជា​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត ​បន្ត​យកចិត្តទុកដាក់​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត លើ​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។

លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​សូម​អំពាវនាវ​ដល់​បងប្អូន​កូន-​ក្មួយ ព្រមទាំង​ចៅៗ​ជា​ជនរួមជាតិ​ទាំងអស់ ពិសេស​មាតាបិតា និង​អាណាព្យាបាល​សូម​បន្ត​ចូលរួម​ និង​គាំទ្រ​ឱ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត​ ដើម្បី​រួមគ្នា​បង្ការ ទប់ស្កាត់ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​អាច​កើតមាន​នៅក្នុង​សហគមន៍​»​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹងថា ៣​ ខែ ដើមឆ្នាំ​នេះ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី-​ភ្នំពេញ​បាន​ចុះ​អប់រំ​ផ្សាយ​តាម​មូលដ្ឋាន​បាន​ ១២៩ ​លើក ដោយ​មាន​អ្នកចូលរួម​សរុប ៣ ៧៤៦ ​នាក់​។ ​ជាមួយ​គ្នា​នោះបាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល និង​ទប់ល្មើស​គ្រឿងញៀន​តាម​គោលដៅ​ងាយ​រងគ្រោះ​ ដោយ​បាន​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង​ក្នុង​មូលដ្ឋាន​ ៦០ ​លើក​ស្មើនឹង​ ៦៦​ គោលដៅ​ដែល​ភាគច្រើន​នៅ​តំបន់​ស្មុគស្មាញ​៕