ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់មេដឹកនាំមកពីប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោបង្កើនកិច្ចសហការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មីសម្រាប់ជួយដល់ប្រទេសដែលមានកម្រិត អភិវឌ្ឍន៍ទាបឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
លោកអំពាវនាវដូច្នេះ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្តីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកលសម្រាប់យុគសម័យថ្មី ដើម្បីរួមគ្នាអនុវត្តរបៀបវារៈ ឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» កាលពីថ្ងៃទី ២៤ ខែមិថុនា ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងគួរផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការបង្កើនកិច្ចសហការក្នុងការពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេសជួយប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល»។
លោកថែមទាំងជំរុញឱ្យមានការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដែលលោកចាត់ទុកជាផ្នែកមួយមិនអាចខ្វះបាន សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការគាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ជាដើម។
នៅចំពោះមុខប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពីប្រទេសចិន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា អាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត លោក ហ៊ុន សែន ថ្លែងថា ការរីករាលដាលនៃវិបត្តិជំងឺកូវីដ ១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ដែលសម្រេចបាន ក្រោមក្របខ័ណ្ឌរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោកអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ការបើកចំហ ការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម សម្រាប់ពិភពលោក ក្រោយវិបត្តិជំងឺកូវីដ ១៩ ស្របពេលតំបន់ និងសកលលោកកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ និងមិនអាចប៉ាន់ប្រមាណបានចំពោះការអភិវឌ្ឍ ដែលរួមមានការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយជាដើម។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពង្រឹងពហុភាគីនិយម ជាពិសេសលើកកម្ពស់ការបើកចំហ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ ជាពិសេសលើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀងអាហារ ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់នៃខ្សែចង្វាក់តម្លៃតំបន់ និងសកល»។
លោកថា បច្ចុប្បន្ន តំបន់ និងសកលលោកបាននិងកំពុងបន្តប្រឈមកាន់តែស្មុគស្មាញចំពោះការអភិវឌ្ឍ រួមមានការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមយោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការរឹតបន្ដឹងនូវគោលនយោបាយរូបិយវត្ថុ។
លោកអះអាងថា កត្តាទាំងនេះបាននិងកំពុងបង្កឱ្យមានការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោក និងបន្ទច់បង្អាក់ចរន្តសកលភាវូបនីយកម្មដែលធ្វើឱ្យខ្សែចង្វាក់ តម្លៃសកល និងផលិតភាពសកលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។
លោក ហ៊ុន សែន បន្ថែមថា ស្ថិតក្នុងបរិការណ៍ដែលការរីករាលដាលនៃជំងឺកូវីដ ១៩ បានស្រាកស្រាន្ត និងការខិតខំស្តារសេដ្ឋកិច្ចសកលលោកជាអាទិភាពចំពោះមុខ BRICS ដែលជាសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយសក្តានុពលមានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការពង្រីក និងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រឡប់ទៅរកកំណើនសក្តានុពល ដើម្បីពន្លឿនការសម្រេចគោលដៅអភិវឌ្ឍន៍។
លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការប្រ៊ីកបូក (BRICS Plus) ជាកាលានុវត្តភាពមួយដ៏សំខាន់ សម្រាប់ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗក្នុងការបង្កើតវេទិកា សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និងថាមពលជាដើមក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។
លោក ហ៊ុន សែន បញ្ជាក់ពីការប្តេជ្ញារបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានថានឹងខិតខំដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូក្នុងគោលដៅ ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ ១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពថ្លែងថា សេដ្ឋកិច្ចឌីជីថលមានសារៈសំខាន់ណាស់ ហើយការអំពាវនាវរបស់លោក ហ៊ុន សែន បែបនេះ គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែ BRICS ទំនងជាមិនផ្តល់ប្រយោជន៍ជាដុំកំភួនអ្វីទេ ដោយសារ BRICS បង្កើតឡើងដើម្បីប្រឈមនឹងក្រុមប្រទេសមានឧស្សាហកម្មនាំមុខទាំង ៧ (G7)។
លោកថា៖ «ប្រទេសទាំងអស់ហ្នឹងសុទ្ធតែជាប្រទេសធំៗ ប្រទេសទាំងអស់ហ្នឹង ក៏ជាទីផ្សារសម្រាប់លក់ផលិតផលច្រើនដែរ បើយើងមានផលិតផលក្នុងការលក់ដូរ បើសិនជាសម្រាប់ផលប្រយោជន៍ទៅថ្ងៃអនាគត។ BRICS ហាក់ដូចជានៅតែមានការប្រុងប្រយ័ត្នគ្នាទៅវិញទៅមក។ យើងឃើញថា ទំនាក់ទំនងរវាង BRICS ក៏នៅមាន ភាពរកាំរកូសមួយចំនួនពាក់ព័ន្ធបញ្ហាជម្លោះ បញ្ហាព្រំដែនជាពិសេស ចិន-ឥណ្ឌាជាដើម»៕