ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ចុង​សប្ដាហ៍ ដោយ​ផ្ញើ​សារ​ទៅកាន់ មេឃុំ​-​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ទាំងអស់​ត្រូវ​សហការ​ផ្ដល់​សេវាសាធារណៈ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ នៅពេល​ដែល​ចូលកាន់​តំណែង​នៅក្នុង​ខែកក្កដា​ខាងមុខនេះ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) ​បញ្ជាក់ថា ការចូល​កាន់តំណែង​នឹង​ធ្វើឡើង​រយៈពេល​ ១៤ ​ថ្ងៃ ក្រោយពី​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​។

នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​ខន្តី​រស្មី​ព្រហ្ម​សែន ស្ថិតនៅ​ក្នុងភូមិ​អង្គរសរ ឃុំ​អង្គរសរ ស្រុក​មេសាង ខេត្ត​ព្រៃវែង នា​ថ្ងៃទី ​២៥ ខែមិថុនា លោក ស ខេង បាន​បញ្ជាក់​ថា សម្រាប់​អាណត្តិ​ថ្មី​នេះ ក្រុម​-​ប្រឹក្សា​ឃុំ​-​សង្កាត់ មិន​មានតែ​មកពី​​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ គឺ​មាន​មកពី​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ផ្សេងៗ​ទៀត​ផង​ដែរ ដែល​នឹង​ធ្វើឱ្យ​មានមតិ និង​គំនិត​ផ្ទុយគ្នា​ខ្លះ ដែល​នេះ​ជា​វិញ្ញាសា​ថ្មី​របស់​កម្ពុជា​។

លោក ស ខេង ថ្លែងថា​៖ «​ការប្រកួត​ប្រជែង​ការបោះឆ្នោត គឺ​ដើម្បី​យក​ឈ្នះ​លុះដល់​ពេល​ឈ្នះ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដែល​ចំណុច​នេះ​សុំឱ្យ​អស់លោក ក្រុម​ប្រឹក្សា​ក្តាប់​ឱ្យបាន​ប្រជាធិបតេយ្យ វា​អ៊ីចឹង ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​»​។

ទោះជា​យ៉ាងណា លោក ស ខេង បាន​ណែនាំ​ដល់​ក្រុមប្រឹក្សាឃុំ-​សង្កាត់​ទាំងនោះ​ត្រូវ​ចេះ​សម្របសម្រួល និង ផ្តល់ឱកាស​ឱ្យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឱ្យ​បញ្ចេញមតិ​យោបល់ ដើម្បី​យក​មតិយោបល់​នោះ​ជា​​ឧត្តមប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ ព្រោះ​ពេល​ដែល​មកកាន់​តំណែង ជា​ក្រុមប្រឹក្សា​នេះ​គឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ មិនមែន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​ណាមួយ​នោះទេ​។

ជាមួយ​គ្នានេះ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​រស់នៅ​ភូមិ​ផង​របង​ជាមួយ​គ្នា​ដែលមាន​និន្នាការ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំង​ ឬ​គណបក្ស​កាន់​អំណាច​មិនត្រូវ​ចង​អាឃាត​គ្នា និង​ត្រូវ​ចេះ​សាមគ្គី​គ្នា ដែល​នេះ​ជា​របៀប​រស់នៅ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។

លោក ស ខេង បាន​អះអាង​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កន្លង​មកនេះ គឺជា​ការបោះឆ្នោត​មួយ​ដែល​ល្អឥតខ្ចោះ ព្រោះ​ប្រជាពលរដ្ឋ​បាន​ទៅ​ចូលរួម​បោះឆ្នោត​ប្រមាណ​ជាង ៨០% នៃ​អ្នក​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ជាពិសេស​គ្មាន​អំពើ​ហិង្សា សន្តិសុខ​សុវត្ថិភាព​ល្អប្រសើរ និង​ស្របតាម​បទបញ្ជា និង​នីតិវិធី​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​មាន​ការគាំទ្រ និង​អបអរសាទរ​ជាទូទៅ និង​បាន​កសាង​នូវ​វប្បធម៌​ប្រជាធិបតេយ្យ​ដ៏ល្អ​មួយ​នៅ​កម្ពុជា​។

លោក សោម សូរីដា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ខែមិថុនា​ថា ដំណើរការ​នៃ​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដំណើរការ​ទៅដោយ​រលូន​។ ក្រោយ​ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ​រួចហើយ គ.ជ.ប បញ្ជូន​ឯកសារ​ទាំងអស់​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ប្រកាស​ចូលកាន់​តំណែង​ សម្រាប់​មេឃុំ-ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ មាន​រយៈពេល ១៤ ​ថ្ងៃ​ចាប់​ពីថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​។

លោក​បន្តថា ដោយឡែក​ការណែនាំ​របស់​លោក ស ខេង ទៅ​ដល់​ក្រុមប្រឹក្សា​ដែល​ត្រៀម​នឹង​ចូលកាន់​តំណែង​នៅពេល​ខាងមុខ​មាន​ចែង​នៅក្នុង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់ ដោយ​ពួកគេ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។

លោក​ថ្លែងថា​៖ «​ក្រុមប្រឹក្សា​​ឃុំ​-​សង្កាត់​ត្រូវមាន​ជំហរ​អព្យាក្រឹត​នៅក្នុង​មុខតំណែង​របស់ខ្លួន​ក្នុង​រយៈពេល ៥ ​ឆ្នាំ ក្នុង​អាណត្តិ​របស់ខ្លួន​»​។

លោក មឿន តុលា នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ប្រាប់​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៦ ខែមិថុនា​ថា លោក​គាំទ្រ​ចំពោះ​ការលើក​ឡើង​របស់​លោក ស ខេង ព្រោះ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​ជាប់ឆ្នោត​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​រួចហើយ គឺ​តំណាង​របស់​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​សង្កាត់​របស់​ខ្លួន មិនមែន​តំណាង​ឱ្យ​គណបក្ស​នយោបាយ​ទៀត​ទេ​។

លោក​បន្តថា បើជា​តំណាង​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ-សង្កាត់​ត្រូវតែ​បម្រើសេវា​សាធារណៈ​ជូន​ពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ទោះ​ប្រជាពលរដ្ឋ​មកពី​គណបក្ស​ណាមួយ​ក៏ដោយ ឬ​ប្រជាពលរដ្ឋ​ដែល​មិនបាន​ទៅ​បោះឆ្នោត​ក៏ត្រូវ​បម្រើ​ប្រយោជន៍​ជូន​ពួកគាត់​ដែរ​។

លោក​ថ្លែងថា​៖ «​វា​ជា​រឿង​ចាំបាច់​ដែល​ក្រុមប្រឹក្សាឃុំ​សង្កាត់ ទោះបី​មកពី​បក្ស​ណា​ក៏ដោយ ត្រូវ​ធ្វើការ​រួមគ្នា ហើយ​នៅពេល​ហ្នឹង គាត់​មិនមែន​តំណាង​បក្ស​ទៀត​ទេ គាត់​ជា​តំណាង​ឱ្យ​​ប្រជាពលរដ្ឋ​ដែល​គាត់​បោះឆ្នោត​ឱ្យ​»​។

គ.ជ.ប នៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែមិថុនា ឆ្នាំ​ ២០២២ ​នេះ​បាន​ប្រកាស​អំពី​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​ ២០២២ ​នេះ ដោយ​ក្នុងនោះ​មាន​គណបក្ស​នយោបាយ​ចំនួន ​៩​ ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​ក្នុង​ចំណោម​គណបក្ស​សរុប​ចំនួន​ ១៧​។ គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កាន់អំណាច​ទទួល​បាន​អាសនៈ​សរុប​ ៩ ៣៧៦ ទទួលបាន​តំណែង មេឃុំ​ចៅសង្កាត់​ចំនួន ១ ៦៤៨ ​នាក់ ជំទប់​ទី​១ ចំនួន​ ១ ៦១៨ ​នាក់ ជំទប់​ទី​២ ចំនួន ២៦១ ​នាក់​។ គណបក្ស​ភ្លើងទៀន​ជា​គណបក្ស​ប្រឆាំង​ទទួល​បាន តំណែង​មេឃុំ​ចំនួន​ ៤ ជំទប់​ទី​១ ចំនួន​ ២៥​ នាក់ ជំទប់​ទី​២ ចំនួន​ ១ ៣៦០ ​នាក់​។ គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​ ១៩​ អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន ១៣ ​អាសនៈ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទទួល​បាន ​៦ ​អាសនៈ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ទទួលបាន​ ៥ ​អាសនៈ គណបក្ស​យុវជន​-​កម្ពុជា​ទទួល​បាន ​៣​ អាសនៈ គណបក្ស​កម្ពុជា​និយម​ទទួល​បាន ​១​ អាសនៈ និង​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ទទួល​បាន​ ១ ​អាសនៈ​៕

វីដេអូ៖