​ព្រះសីហនុៈ ​រដ្ឋបាល​ក្រុងព្រះសីហនុ ជូនដំណឹង​ដល់​ពលរដ្ឋដែល​បើក​កន្លែង​លក់ដូរ​ចល័ត អនាធិបតេយ្យ តាម​ឆ្នេរសមុទ្រ​នានា​ក្នុង​ក្រុងព្រះសីហនុ ត្រូវ​បញ្ឈប់ និង​រុះរើ​ការដាក់​តុ កៅអី និង​ដាក់​ចង្ក្រាន​ដាំ​ស្ល​ម្ហូបអាហារ​ នៅលើ​ឆ្នេរសមុទ្រ​ត្រឹម​ថ្ងៃទី ​៧ ខែ កក្កដា ឆ្នាំ​ ២០២២ ​នេះ​តទៅ ដើម្បី​ថែរក្សា​បរិស្ថាន សណ្ដាប់ធ្នាប់ ​និង​សោ​ភណ​ភាព​ឆ្នេរ​។ នេះ​បើតាម​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​។​

លោក ឃាង ភារ​ម្យ ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ២៧ មិថុនា​នេះ​ថា សេចក្ដីជូនដំណឹង​នេះ​គឺជា​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ ស្ដីអំពី​ការរៀបចំ​សណ្ដាប់ធ្នាប់ បិ​រិ​ស្ថាន និង​សោភណភាព​តំបន់ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ដ​ក្រុងព្រះសីហនុ ខេត្ដ​ព្រះសីហនុ​។

លោក​ថា កន្លងមក រដ្ឋបាល​ខេត្ដ​បានធ្វើ​ការកែលម្អ​សោភណភាព តាម​តំបន់​ឆ្នេរសមុទ្រ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយបាន​រៀបចំ​ជា​លម្ហសាធារណៈ គឺ​តំបន់ឆ្នេរ​នេះ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ចូល​ទៅលេង​កម្សាន្ត សប្បាយ ដោយ​មិន​គិតថ្លៃ​សេវា​ឡើយ​។

លោក​ថ្លែងថា​៖ «​ប៉ុន្ដែ​យើង​សង្កេតឃើញថា ក្នុង​រយៈកាល​ចុងក្រោយ​នេះ បងប្អូន​អ្នកលក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​មួយចំនួន ហាក់បីដូចជា​មិនបាន​ចូលរួម​សហការ ដោយមាន​ការតាំង​តូប តុ កៅអី សម្ភារ​ច​ង្ក្រា​ន្ត ចម្អិន ដាំ​ស្លរ នៅលើ​ឆ្នេរសមុទ្រ និង​នៅលើ​កា​រូ​ឡា​ដែលជា​ផ្លូវ​ថ្មើរជើង​ក៏មាន ដែល​បង្ក​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​ប៉ះពាល់​ដល់​សោភណភាព​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​»​។​

លោក​បន្តថា​៖ «​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ចុះ​ធ្វើការ​អប់រំ ណែនាំ​ជាប្រចាំ​លើ​បញ្ហា​នេះ ប៉ុន្ដែ​ហាក់បីដូចជា​អត់​មាន​ប្រសិទ្ធភាព​។ អ៊ីចឹង​ដើម្បី​ជាការ​រៀបចំ​ឱ្យមាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ថែ​រក្សាបាន​នៅ​សោភណភាព​នៅ​តំបន់ឆ្នេរ រដ្ឋបាល​ក្រុងព្រះសីហនុ​បានកំណត់​ឱ្យ​អ្នកលក់ដូរ​ចល័ត​នៅ​តំបន់ឆ្នេរ​ទាំងអស់​រុះរើ និង​រៀបរយ​សណ្ដាប់ធ្នាប់​ឡើងវិញ​ឱ្យបាន​រួចរាល់​នៅត្រឹម​ថ្ងៃទី​ ៧ ខែ កក្កដា ​ឆ្នាំ​ ២០២២ ​នេះ​»​។​

យោងតាម​សេចក្តីជូនដំណឹង​នេះ​ថា ឆ្នេរសមុទ្រ​ក្នុង​ក្រុងព្រះសីហនុ គឺធ្វើឡើង​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទៅមក​សម្រាក កម្សាន្ត មិនមែនជា​ទីតាំង​បើកហាង​លក់ដូរ អនាធិបតេយ្យ​ពេញ​ឆ្នេរ​នោះទេ​។ ដូច្នេះ​រដ្ឋបាល​ក្រុង​បាន​អំពាវនាវ​ដល់​អ្នក់លក់​ដូរ​ចល័ត​ទាំងអស់ បញ្ឈប់​ការដាក់​តុ ដាក់​កៅអី និង​ដាក់​ចង្ក្រាន​ដាំ​ស្ល​ម្ហូបអាហារ​នៅលើ​ឆ្នេរ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ៧ ខែ កក្កដា ឆ្នាំ​២០២២ ​នេះ​តទៅ ដើម្បី​ថែរក្សា​បរិស្ថាន សណ្ដាប់ធ្នាប់ និង​សោភណភាព​ឆ្នេរ​។

លោក ភា​រម្យ​ ថា​៖ «​យើងខ្ញុំ​សង្ឃឹមថា បងប្អូន​អ្នកលក់ដូរ​ចល័ត​ទាំងអស់ និង​ចូលរួម​សហការ​អនុវត្ត​តាម​ការណែនាំ​នេះ​ទាំងអស់គ្នា​។ ករណី​នៅតែ​បន្ត​លក់ និង​មិន​ស្ដាប់​តាម​ការណែនាំ អាជ្ញាធរ​ និង​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ចាប់យក​សម្ភារ​ទាំងអស់​នោះ នឹងមិន​ប្រគល់ជូន​វិញ​ទេ​»​។​

លោក មាស បាន អាយុ ៤០ ឆ្នាំ បច្ចុប្បន្ន​ជា​អ្នកលក់​ភេសជ្ជៈ បុកល្ហុង និង​ម្ហូបអាហារ​មួយចំនួនទៀត នៅ​ឆ្នេរ​អា​រី​ស្ដុ​ន ឬ​ឆ្នេរ​អូរ​ឈើទាល​ ២ បានឱ្យដឹងថា បច្ចុប្បន្ន​នៅ​តំបន់ឆ្នេរ​អា​រី​ស្ដុ​ន មាន​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ជាង ១០០ គ្រួសារ បាននាំគ្នា​មក​លក់ដូរ​ចំណីអាហារ និង​ភេសជ្ជៈ​នៅ​តំបន់​នេះ ដើម្បី​បាន​ថវិកា​ខ្លះៗ​ផ្គត់ផ្គង់​គ្រួសារ​។

លោក​បានឱ្យដឹងថា​ កន្ល​ង​មក​មន្ដ្រីរដ្ឋបាល​ក្រុងព្រះសីហនុ​បាន​ចុះមក​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ជា​បន្តបន្ទាប់ ​ឱ្យ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូ​រ និង​ថែរក្សា​អនាម័យ និង​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​ណែនាំ យើង​នឹង​អនុវត្តតាម​។ ប៉ុន្ដែ​យើង​ឃើញថា ​ក្នុងចំណោម​ពលរដ្ឋ​អ្នកលក់ដូរ​ជិត ១០០ គ្រួសារ មាន​ពលរដ្ឋ​តែ ៣-៤ គ្រួសារ​ប៉ុណ្ណោះ ​ដែល​នៅ​បន្ត​លក់ដូរ​ដល់ពេល​យប់​ដោយ​មិន​រុះរើ​ចេញ​។ បើ​រដ្ឋបាល​ក្រុង​មិនឱ្យ​រៀបចំ តុ កៅអី លក់ដូរ​នៅលើ​តំបន់ឆ្នេរ​យើង​មានតែ​រៀបចំ​លក់ដូរ តាមរ​ម៉ក់​វិញ​។ បើ​រដ្ឋបាល​ក្រុង​មិនឱ្យ​លក់ដូរ យើង​មិនអាច​ប្រឆាំង​គាត់​បានទេ​»​។​

លោក លឹម ភ​ត្រី មន្ដ្រីរដ្ឋបាល​ក្រុងព្រះសីហនុ​ទទួលបន្ទុក​រដ្ឋបាល​សាធារណៈ បានឱ្យដឹងថា ឱ្យតែ​តំបន់ឆ្នេរ​នៅក្នុង​ក្រុងព្រះសីហនុ គឺ​រដ្ឋបាល​ក្រុង​មិន​អនុញ្ញាត​ឱ្យមាន​អ្នកលក់ដូរ​អនាធិបតេយ្យ​ទៀតឡើយ ពីព្រោះ​ឆ្នេរសមុទ្រ​គឺជា​ឆ្នេរ​សាធារណៈ សម្រាប់​ពលរដ្ឋ និង​សាធារណជន​ទូទៅ​មកលេង​កម្សាន្ត​ដោយ​ឥតគិតថ្លៃ​។

លោក​បន្តថា​៖ «​ឆ្នេរសមុទ្រ​ទាំងនេះ មិនមែនជា​របស់​អាជីវ​ករ​សម្រាប់​រៀបចំ តុ កៅអី លក់ដូរ​អនាធិបតេយ្យ​បែបនេះ​ទេ​។ កន្លងមក អ្នកលក់ដូរ ចាប់យក​ទីតាំង​សម្រាប់​លក់ដូរ​ជា​របស់​ខ្លួនឯង ប៉ុន្ដែ​តាមពិត​ឆ្នេរសមុទ្រ​គឺជា​ឆ្នេរ​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​មកលេង​កម្សាន្ត​»​។​

លោក​បានឱ្យដឹងថា បច្ចុប្បន្ន ពលរដ្ឋ​មក​ចាប់​ទីតាំង​លក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​ច្រើន បណ្ដាលឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ បង្កើត​សំរាម ប៉ះពាល់​ដល់​សោភណភាព​ឆ្នេរសមុទ្រ​ខេត្ដ​ព្រះសីហនុ ដែល​ជាប់​ឈ្មោះថា​ជា​ឆ្នេរ​ស្អាត​របស់​ពិភពលោក​៕

វីដេអូ៖