The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សារមន្ទីរ​ជាតិ​តាំង​បង្ហាញ​សិប្បកម្ម​សហគមន៍ ផ្ដោតលើ​ស្លឹកត្នោត​ក្នុង​វប្បធម៌​ខ្មែរ​

សារមន្ទីរ​ជាតិ​តាំង​បង្ហាញ​សិប្បកម្ម​សហគមន៍ ផ្ដោតលើ​ស្លឹកត្នោត​ក្នុង​វប្បធម៌​ខ្មែរ​

Content image - Phnom Penh Post
សារមន្ទីរ​ជាតិបង្ហាញ​ផលិតផល​ហត្ថកម្ម​ពី​សហគមន៍​សិប្បកម្ម​ស្ដ្រី​ខ្មែរ។ ហេង ជីវ័ន

សារមន្ទីរ​ជាតិ​តាំង​បង្ហាញ​សិប្បកម្ម​សហគមន៍ ផ្ដោតលើ​ស្លឹកត្នោត​ក្នុង​វប្បធម៌​ខ្មែរ​

ភ្នំពេញៈ ​សារមន្ទីរ​ជាតិ​ស្វាគមន៍​សាធារណជន និង​សិស្ស​និស្សិត​មក​ទស្សនា និង​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​អ្នក​ផលិត ក្នុង​ការតាំង​បង្ហាញ​ផលិតផល​ហត្ថកម្ម​ពី​សហគមន៍​សិប្បកម្ម​ស្ដ្រី​ខ្មែរ ដោយ​ផ្តោត​ជាពិសេស​លើ​វប្បធម៌​ប្រើប្រាស់​ស្លឹកត្នោត នៅក្នុង​បរិវេណ​សារមន្ទីរ ជា​ផ្នែក​មួយ​នៃ​កម្មវិធី «​ជំនួប​វប្បធម៌​សហគមន៍​៖ ផលិតផល​មួយ អត្តសញ្ញាណ​មួយ​» ប្រចាំខែ​មិថុនា ចាប់ពី​ថ្ងៃទី ​២៨ ដល់​ថ្ងៃទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០២២​។​

លោក ឆាយ វិសុទ្ធ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​គោលដៅ​របស់​យើង​គឺ​លើក​កម្ពស់​សិប្បកម្ម​តម្បាញ​ដោយ​ដៃ​របស់​ខ្មែរ​យើង​ដែល​បន្តធ្វើ​ពី​បុរាណ​មក ឬ​បច្ចេកទេស​ហ្នឹង​យើង​អាចធ្វើ​ការផ្លាស់ប្ដូរ​បន្តិចបន្តួច​ប៉ុន្តែ​រក្សា​ទម្រង់​ដើម យើង​ណែនាំ​ឱ្យ​កូនសិស្ស និង​សាធារណជន​បាន​ស្គាល់​»​។​

លោក វិសុទ្ធ ថ្លែងថា កម្មវិធី​មាន​២​គឺ​ការធ្វើ​បាឋកថា​មុននឹង​ការតាំង​បង្ហាញ ដែល​នឹងមាន​ការនាំយក​សិស្សានុសិស្ស​មក​ទស្សនា សិ​ក្សា ស្វែងយល់ នឹង​អនុវត្ត​​ជាមួយ​អ្នកជំនាញ​ពី​សហគមន៍ ដោយមាន​ការរៀបចំ​ដោយសារ​មន្ទីរ​ជាតិ​កម្ពុជា​សហការ​ជាមួយ​អង្គការ Nomi Network Cambodia និង​អង្គការ Villageworks​។​

លោក​ថា​៖ «​ទាក់ទង​នឹង​ប្រធានបទ​ស្លឹកត្នោត​ហ្នឹង គោលដៅ​របស់​យើង​គឺ​កូនសិស្ស លើក​នេះ​យើង​នាំ​កូនសិស្ស​ប្រមាណ​២០០​នាក់​ពីសា​លា​រដ្ឋ និង​ឯកជន ដើម្បីឱ្យ​ពួកគាត់​ជួប​ជាមួយ​អ្នកភូមិ ឬ​សិប្បករ​ធ្វើ​តម្បាញ​ពី​ស្លឹកត្នោត ដោយ​រៀន​ធ្វើ​អ្វីដែល​ងាយស្រួល ដើម្បីឱ្យ​ពួកគាត់​ស្វែងយល់ និង​រៀន​ពី​ការងារ​ហ្នឹង​»​។​

នេះ​ជា​លើក​ទី ​២ នៃ​កម្មវិធី «​ជំនួប​វប្បធម៌​សហគមន៍​៖ ផលិតផល​មួយ អត្តសញ្ញាណ​មួយ​» ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​សារមន្ទីរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ទាប់ពី​កម្មវិធី​លើក​ទី ​១ គឺ​ការតាំង​បង្ហាញ​ផលិតផល​ហត្ថកម្ម​ពី​សូត្រ​របស់​សហគមន៍​កី​ខ្មែរ ក្រោម​ការចូលរួម​ពី​សិស្សានុសិស្ស​ប្រមាណ​ ៣០០​ នាក់មក​សិក្សា​ស្វែងយល់​តម្បាញ​សូត្រ ជា​មរតក​បេតិកភណ្ឌ​អរូបី​នៅ​សារមន្ទីរ​ជាតិ​កាលពី​ខែឧសភា ឆ្នាំ​ ២០២២​។​

លោក ឆាយ វិសុទ្ធ ថ្លែង​ដោយ​រំពឹងថា ការរៀបចំ​កម្មវិធី «​ជំនួប​វប្បធម៌​សហគមន៍​៖ ផលិតផល​មួយ អត្តសញ្ញាណ​មួយ​» នឹង​ជួយ​ស្វែងរក​ទីផ្សារ​ដល់​សិប្បករ​នៅ​សហគមន៍ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ស្វែងយល់​នៅ​សារមន្ទីរ​ជាតិ​។​

លោក​ថ្លែងថា​៖ «​ថ្ងៃក្រោយ​នៅពេល​ដែលមាន​លំហូរ​ទេសចរ​ច្រើន​ឡើងវិញ យើង​មានកម្ម​វិធី​តាម​ខែ​នីមួយៗ​ស្រាប់​។ លើក​នេះ​យើង​យកតែ​ក្រុម​សហគមន៍​មួ​យមក​តាំង​បង្ហាញ ហើយ​នៅ​ឆ្នាំក្រោយ​យើង​នឹងធ្វើ​ធំ​ជាង​មុន​ដោយ​នាំយក​សហគមន៍​ពី​ខេត្ត​ផ្សេងៗ​ជាច្រើន ដែល​ទាក់ទង​នឹង​ស្លឹកត្នោត ឬ​ផលិតផល​សិប្បកម្ម​វប្បធម៌​ប្រពៃណី​ផ្សេងទៀត​មក​ជុំគ្នា​ដាក់តាំង​បង្ហាញ »​។​

អ្នកស្រី ណោម ប៊ុន​ណាក់ នាយក​ប្រតិបត្តិ​សហគ្រាស​សង្គម​ភូមិ​សិប្បកម្ម​ថ្លែង​ដោយ សង្ឃឹមថា ការនាំយក​ផលិតផល​ច្នៃ​ពី​ស្លឹកត្នោត​របស់ខ្លួន​មក​តាំង​បង្ហាញ​នៅ​បរិវេណ​សារមន្ទីរ បានឱ្យដឹងថា សហគមន៍​សិប្ប​កម្ម​ស្ត្រី​ខ្មែរ នៅ​ភូមិ​ស្រែ​តា​សុខ ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ បានកកើតឡើង​តាំងពី​ឆ្នាំ​ ១៩៩៦ ហើយ​បន្ត​រហូតដល់​បច្ចុប្បន្ន​។​ ផ្ដើមចេញពី​ការផលិត​ជា​កន្ទេល សហគមន៍​បាន​ច្នៃ​ស្លឹកត្នោត​ជា​ផលិតផល និង​សិល្បៈ​តម្បាញ​ពី​ស្លឹក​រុក្ខជាតិ​ជាច្រើន ដូចជា កាបូប ការ​វេច​ខ្ចប់ គ្រឿង​ដាក់តាំង​លម្អ និង​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​អ្នកស្រី ប៊ុន​ណាក់ បាន​បន្តទៀតថា​៖ «​សហគមន៍​នេះ​ផ្ដួចផ្ដើមឡើង​ដោយអ្នក​តម្បាញ​ជា​ស្ត្រី​ទាំងចាស់ទាំងក្មេង​ដែល​គាត់​នៅផ្ទះ​ទំនេរ ស្រប​ពេលដែល​គាត់​អាចធ្វើ​កិច្ចការ​ជុំគ្នា និង​រកប្រាក់​ចំណូល​បាន​»​។

អ្នកស្រី ថ្លែងថា​៖ «​ការ​តម្បាញ​ស្លឹកត្នោត​ក៏​ជា​អត្តសញ្ញាណ​ជាតិ​មួយ​ដែរ ដោយ​សារភាព​អត់ធ្មត់ និង​សិល្បៈ​ជំនាញ​ក្នុងការ​អង្គុយ​ត្បាញ ក្នុង​ការជួយ​ការពារ​បរិស្ថាន និង​ធ្វើឱ្យ​សហគមន៍​មាន​ភាពរស់រវើក ដោយ​មិនចាំបាច់ធ្វើ​ចំណាកស្រុក​ទៅរក​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ​»​។

ជុំវិញ​ប្រធានបទ​អំពី​ស្លឹកត្នោត​ក្នុង​វប្បធម៌​ខ្មែរ លោក អាន រស្មី មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ បាន​ដកស្រង់​ពីសិលាចារឹក​សម័យអង្គរ បង្កប់ន័យ​សេចក្ដី​ថា «​ស្រុក​នៃ​ដើមត្នោត​» ដែល​លោក​បាន​ថត​ពី​ប្រាសាទ​ចារ នៅ​ទឹកដី​ខេត្តសៀមរាប​។​

អតីត​និស្សិត​សាកលវិទ្យាល័យ​បុរាណវិទ្យា​រូបនេះ​បាន​ពន្យល់ថា​៖ «​បើ​គ្រាន់តែ​ឮឈ្មោះ​ប៉ុណ្ណេះ​យើង​ប្រាកដជា​ដឹងថា ត្នោត​ហ្នឹង​វា​សំខាន់ វា​លេចធ្លោរ​ប៉ុនណា បាន​ក្លាយជា​អត្តសញ្ញាណ​សម្គាល់​តំបន់​មួយ​ហ្នឹង​»​។​

មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រូបនេះ​បាន​លើក​យកតែ​ចំណុច​ស្លឹកត្នោត ដែល​ផ្សារភ្ជាប់​នឹង​វប្បធម៌​ប្រពៃណី​ខ្មែរ ចាប់តាំងពី​ការប្រើប្រាស់​ប្រចាំថ្ងៃ រហូតដល់​ពិធី​តាម​ជំនឿ​សាសនា ដែលជា​តម្រូវ​ការតាំង​ពី​មនុស្ស​កើត រហូតដល់​ស្លាប់​។​

លោក​ថ្លែងថា​៖ «​ទោះបីជា​កន្ទេលនីឡុង​ចូលមក​កម្ពុជា ក៏​កន្ទេលស្លឹក​ត្នោត​នៅតែ​ត្រូវបាន​ប្រើប្រាស់​នៅ​កម្ពុជា ជាពិសេស​នៅតាម​ស្រុកស្រែ​ចម្ការ និង​ពេល​ស្ត្រី​ឆ្លងទន្លេ​រួច​ត្រូវ​ដេក​ឆ្អើរភ្លើង​តាម​ជំនឿ​»​។​

លោក​បន្តទៀតថា​៖ «​ស្លឹកត្នោត​អាច​ប្រើ​ក្នុង​សំណង់​ស្រាលៗ​ដូចជា​ភ្នំយោង (​សម្រាប់​បូជាសព​) កន្ទេលស្លឹកត្នោត​សម្រាប់​ដាក់​ក្នុង​មឈូស ដោយ​យកមក​រុំ​ឆ្អឹង និង​ធាតុ​។ មនុស្ស​ស្លាប់​ត្រូវ​បញ្ចុះ​ក្នុង​ដី​ ២ ឬ​ ៣ ​ឆ្នាំ​តាម​លទ្ធភាព រួច​គេ​លើកសព ឆ្អឹង​ធាតុហ្នឹង​មក​បូជា​។ ពេលដែល​គេ​លើក​ហ្នឹង​គេ​ត្រូវការ​កន្ទេល​វេច​ខ្ចប់​ធាតុ​អ្នកស្លាប់​ហ្នឹង​»​។​

ស្លឹកត្នោត​ត្រូវបាន​ប្រើប្រាស់​ក្នុង​ពិធី​សាសនា​ដូចជា​អាសនៈ ឆ​ត្រ​រួត គ្រែ​ព្រះធម៌ កន្ទោង និង​ជំនឿ​អូមអាម​នានា ដូចជា​ការ​កាត់​ស្លឹកត្នោត​ជា​រូប​សារិកាកែវ​ក្នុង​ពិធីលាងអារក្ស ដោយមាន​ពិ​តានចង​រូប​សត្វ​ធ្វើ​ពី​ស្លឹកត្នោត​។​

ចំពោះ​មុខងារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ លោក រស្មី បាន​លើកឡើងថា​៖ «​ស្លឹកចាក់ស្មុគ​ធ្វើបាន​ទម្រង់​ជាច្រើន ជា​រាង​មូល បំពង់ ស្មុគដាក់​ម្លូ​ស្លា រហូតដល់​ដាក់​ម្ហូបម្ហា​នៅ​ភោជនីយដ្ឋាន​ដែល​គិតគូរ​បរិស្ថាន និង​មិន​ចង់​ប្រើ​ប្លា​ស្ទិ​ក​»៕

អត្ថបទគួរចាប់អារម្មណ៍