ភ្នំពេញៈ ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានដាក់​ចេញ​នូវ​ផែនការ ​៣ ចំណុច​សំខាន់ៗ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ ដោយសារ​ទឹកជំនន់​ឆ្នាំ ​២០២២ ដោយ​ក្នុង​វិធានការ​នោះ​ផ្តល់​ជា​ជំនួយ​សង្គម​ទាំង មុនពេល​ទឹកជំនន់ អំឡុងពេល និង​ក្រោយ​ទឹកជំនន់​ជាដើម​។​

វិធានការ​ទាំងនោះ​ត្រូវបាន​លើកឡើង អំឡុង​ពេលដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​រៀន​ចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី “​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​ទៅនឹង គ្រោះមហន្តរាយ​ទឹកជំនន់​ឆ្នាំ​ ២០២២” ក្នុង​គោលបំណង​ប្រមូល​ធាតុ​ចូល​បន្ថែម ដើម្បី​បំពេញ​ក្នុង​ផែនការ និង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ងាយ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា​។​

រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​លោក វង សូត បាន​ថ្លែងថា សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ផែនការ​គ្រប់គ្រង​គ្រោះទឹកជំនន់​ដល់​រាជធានី ខេត្ត​គោលដៅ និង​ការស្វែងរក​ធាតុ​ចូល​បន្ថែម​ក្នុងការ​កសាង​នូវ​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប និង​ត្រៀម​បម្រុង​ក្នុង​ក្របខណ្ឌ​ជំនួយ​សង្គម ក្នុង​វិស័យ​សង្គមកិច្ច ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ក្របខណ្ឌ​ការងារ ស្តីពី​ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ជាស​កល ២០១៥-២០៣០​។

​លោក​ថា​៖ «​លើសពីនេះ​ទៀត ការរៀបចំ​នូវ​ឯកសា​រ​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប និង​ត្រៀម​បម្រុង​ក្នុង​ក្របខណ្ឌ​ជំនួយ​សង្គម​ក្នុង​វិស័យ​សង្គមកិច្ច​នេះ ក៏​អនុលោម​ទៅតាម​ច្បាប់​ស្តីពី ការគ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​តម្រូវឱ្យ​ក្រសួង ស្ថាប័ន បង្កើត​យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​វិស័យ​របស់ខ្លួន ដើម្បី​ត្រៀម​បង្ការ កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​ឆ្លើយតប​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​បំពេញបាន​នូវ​តម្រូវការ​ជា​មូលដ្ឋាន​របស់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​»​។​

លោក​គូសបញ្ជាក់ថា ជា​ទិដ្ឋភាព​រួម​គោលនយោបាយ​ចម្បង​របស់​រាជរដ្ឋាភិបាល​គឺ​រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ ដែលជា​បុ​រេ​លក្ខខណ្ឌ​ដ៏​ចាំបាច់​ដើម្បី​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន ​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​គាំពារ​សង្គម​នានា​។​

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ថ្លែងថា ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​ទៅនឹង គ្រោះមហន្តរាយ​ទឹកជំនន់​ឆ្នាំ ២០២២ ជាពិសេស​គ្រោះទឹកជំនន់​នេះ គឺជា​ផែនការ​ដំបូង​ដែល​ក្រសួង​សង្គមកិច្ច​រៀបចំឡើង​ក្ន​ង​ក្របខណ្ឌ​ជំនួយ​សង្គម​។

លោក​បន្តថា ក្នុង​ផែនការ​នេះ ក្រុមការងារ​បានធ្វើកា​រដក​ស្រង់​ពិសោធន៍​កាលពី​ឆ្នាំកន្លងមក​ពាក់ព័ន្ធ បញ្ហា​ប្រឈម និង​ដំណោះស្រាយ ថា​តើ​ភាគី​ពាក់ព័ន្ធ​ណាខ្លះ​បាន​ចូលរួម​ នៅពេល​ដែលមាន​គ្រោះមហន្តរាយ​កើតឡើង​ដោយ​ទឹកជំនន់​។ លោក​បាន​គូសបញ្ជាក់ថា ជាក់ស្តែង​គ្រប់ភាគី​បាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម ប៉ុន្តែ​គ្រាន់តែ​មិន​ស៊ីចង្វាក់​គ្នា ខណៈដែល​ការបែងចែក​ភារកិច្ច​នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​។

លោក​ថា​៖ «​ទោះបី​មានការ​អន្តរាគមន៍​ពី​គ្រប់ភាគី ប៉ុន្តែ​នៅមាន​ភារកិច្ច​ខ្លះ​មានការ​ជាន់គ្នា​អ៊ី ចឹ​ង​បានជា​យើង​រៀបចំ​សិក្ខាសាលា ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម ថា​តើ​នៅពេល​មាន​ទឹកជំនន់​ឆ្នាំ ២០២២ ខាងមុខ តើ​ភាគី​និ​មួយៗ​ត្រូវធ្វើ​អ្វីខ្លះ​។ អ៊ីចឹង​ការគ្រោង​ថវិកា​កម្រិតណា​នោះ គឺ​យើង​មិនទាន់​ប្រាប់​បានទេ ហើយ​កន្លង​យើង​អត់​ទាន់​មាន​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​ចឹ​ង​ដែរ ចឹ​ង​បានជា​ឆ្នាំនេះ ពេល​រៀបចំ​ផែនការ​នេះ យើង​ចាប់ផ្តើម​ផ្គូផ្គង​ពី​តួនាទី និង​ភារកិច្ច ហើយ​អាច​ដឹង​អំពី​ខ្ទង់ចំណាយ​ថវិកា​បាន​»​។​

យ៉ាងណាមិញ​លោក សុ​បញ្ញា បាន​ថ្លែងថា ក្នុងការ​ផែនការ​លើកដំបូង​នេះ ក្រសួង​បាន រៀបចំ​នូវ​ផែនការ​ ៣​ ចំណុច ទី​ ១ គឺ​ផែនការ​ត្រៀម​បម្រុង​មុនពេល​ទឹកជំនន់​កើតឡើង ដែលជា​ការរៀបចំ​អំពី​ការ​បំប៉ន​សមត្ថភាព ក្នុងការ​ឆ្លើយតប​ទៅតាម​រាជធានី ខេត្ត និង​ឃុំ​សង្កាត់​នីមួយៗ ជាមួយនឹង​ការពិនិត្យ​មើល​លើ​បទពិសោធ​ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំកន្លងមក​ថា​អ្វី​ជា​បញ្ហា ហើយ​យក​យន្តការ​ទាំងនោះ​ទៅធ្វើជា​កម្មវត្ថុ​ដើម្បី​ធ្វើការ​ពិភាក្សា ស្វែងរក​ដំណោះស្រាយ ដើម្បី​ត្រៀម​ឆ្លើយតប​ឆ្នាំ ២០២២​។

ទី ​២ ឆ្លើយតប​នៅពេល​ដែលមាន​ទឹកជំនន់​តែម្តង គឺ​អំឡុងពេល​ទឹកជំនន់​ក្រសួង​បាន​ត្រៀម​នូវ​ស្ថានភាព​មួយចំនួន​ដូចជា អំពី​តួនាទី​ភារកិច្ច​របស់​ក្រសួង​ស្ថាប័ន ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ពិសេស​មូលនិធិ​សង្គ្រោះ​។ « ថា​តើ​តួនាទី​យើង​នៅ​កន្លែង​ណា​? ហើយ​យើង​ធ្វើ​អ្វី យើង​រៀបចំ​ក្នុងការ​ឆ្លើយតប​ឱ្យទាន់​ពេលវេលា​របៀប​ម៉េច អ្វី​ដែលជា​កត្តា​ចម្បង​សំខាន់​មុនគេ​នោះ​គឺ​ការ​ផ្តល់នូវ​ជំនួយ​សង្គ្រោះបន្ទាន់​ជាមុនសិន ក្រោយពី​ផ្តល់ជំនួយ​បន្ទាន់ យើង​ចាប់ផ្តើម​រៀបចំ​បន្តទៀត​នូវ​ការផ្តល់​យន្តការ​សម្រាប់ ការផ្តល់​នូវ​កម្មវិធី​ជំនួយ​សង្គម ដូចជា​ការផ្ទេរ​សាច់ប្រាក់​ជាដើម​»​។​

លោក​បន្តទៀត ចំណុច ទី ​៣ ក្រោយពេល​គ្រោះមហន្តរាយ ក្រសួង​រៀបចំ​ជា​ផែនការ​ក្នុងការ​ឆ្លើយតប ក្នុង​ក្របខណ្ឌ​ជំនួយ​សង្គម ដោយ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​រក្សាបាន​នូវ​តុល្យភាព​នៃ​ជីវិត​របស់គាត់​ដូច​មុនពេល​ទឹកជំនន់​មិនទាន់​កើតឡើង​។​

លោក​ថា​៖ «​ដូច្នេះ​ដើម្បី​បញ្ចៀស​បញ្ហា​ទាំងអស់នេះ ក្នុងនាម​ក្របខណ្ឌ​រដ្ឋា​ភិ​បាល​ជា​ក្របខណ្ឌ​គាំពារ​សង្គម​គឺ​យើង​មើល​ទៅលើ​ផ្នែក​ទាំងអស់នេះ ដើម្បី​ផ្តល់ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ជា​ចាំបាច់​»៕