ភ្នំពេញៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងពីការព្រួយបារម្ភចំពោះអត្រានៃប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ដែលជាដូសទី ៣ នៅមានចំនួនតិចនៅឡើយ ដែលវាអាចជាការចន្លោះប្រហោងធ្វើឱ្យវីរុសកូវីដ១៩នេះ មានឱកាសវាយលុកលើអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងនេះ។
លោកបានលើកឡើងដូចនេះ តាមរយៈសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នាល្ងាចថ្ងៃទី ២៧ ខែមិថុនា នេះដោយលោកបានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូសទី ៣ ដែលមានប្រមាណជាជាង ៥លាននាក់ទៀត ត្រូវទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។
លោក ហ៊ុន សែន មានប្រសាសន៍ថា ៖ «ភាពសុំាសហគមន៍ ដែលបានមកពីការចាក់វ៉ាក់សាំង បានបង្កើតនូវស្ថានភាពល្អប្រសើរ មិនឱ្យមានមនុស្សស្លាប់ និងមិនមានមនុស្សឆ្លងបន្តទៀត ប៉ុន្តែភាពសុំាសហគមន៍នេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារមកដល់ពេលនេះ ចំនួនប្រជាពលរដ្ឋរបស់យើង ដែលបានចាក់ដូសទី ៣ ទើបតែបានជាង ៩ លាននាក់ប៉ុណ្ណោះ»។
លោកបន្ថែមថា ប្រជាពលរដ្ឋជាង ៥ លាននាក់ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទី ៣ ខណៈដែលអ្នកចាក់ដូសទី ៤ បានចំនួនជាង ២ លាននាក់ និងអ្នកចាក់ដូសទី ៥ បានជាង ២០ ម៉ឺននាក់។
លោក ថា ៖ «អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំ ដែលខ្ញុំសុំធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិ គឺការចាក់ដូសទី ៣ ដែលប្រជាពលរដ្ឋរបស់យើងមិនទាន់ទទួលបានគ្រប់នៅឡើយ ដែលវាជាចន្លោះប្រហោងសម្រាប់ការវាយលុកនៃមេរោគកូវីដ ១៩សម្រាប់អ្នកមិនទាន់បានចាក់ដូសទី ៣ ដែលវាជាដូសធានានូវភាពសុំាសហគមន៍ និងភាពសុំារបស់បុគ្គលម្នាក់ៗ»។
លោកនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា បញ្ហាលំបាកមិនមែនទៅលើវ៉ាក់សាំងនោះទេ ប៉ុន្តែអ្វីដែលលំបាកគឺប្រជាពលរដ្ឋមិនព្រមមករកវ៉ាក់សាំងតែម្តង ដែលនេះជាបញ្ហាដែលអាចបង្កនូវការលំបាកសម្រាប់ពេលក្រោយ។
លោកថា ៖ «កូវីដ ១៩ ពិតមែនតែវាមិនបានឆ្លងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែកូវីដ ១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ ហើយបើទោះបីជាក្នុងប្រទេសកម្ពុជា មិនមានករណីឆ្លង តែមិនមែនមានន័យថា មិនមានកូវីដ១៩នៅជិតយើងនោះទេ។ ដូចនេះសុំគ្រប់ប្រជាពលរដ្ឋទាំងអស់ គ្រប់ជាតិសាសន៍ សាសនា និងគ្រប់និន្នាការ ត្រូវទៅទទួលយកវ៉ាក់សាំងដូសជំរុញទាំងដូសទី ៣ ទី ៤ និងទី ៥ ដើម្បីធានាបាននូវភាពសុំាសហគមន៍»។
ជាមួយគ្នានេះដែរ លោកក៏បានស្នើឱ្យគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ ១៩ ត្រូវតែស្វះស្វែងរកប្រជាពលរដ្ឋ និងទីតាំងច្បាស់លាស់ ចំពោះអ្នកដែលមិនទាន់បានចាក់ដូសទី ៣ ដើម្បីរុញវ៉ាក់សាំងឱ្យបានដល់ពួកគេតែម្តង៕