The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រីថា​ តំបន់​ទន្លេ​មេគង្គ​នៅ​កម្ពុជា ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍​ទាក់ទង​នឹង​ជីវិត​អាថ៌កំបាំង​របស់​សត្វ​កម្រ

មន្ត្រីថា​ តំបន់​ទន្លេ​មេគង្គ​នៅ​កម្ពុជា ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍​ទាក់ទង​នឹង​ជីវិត​អាថ៌កំបាំង​របស់​សត្វ​កម្រ

Content image - Phnom Penh Post
ត្រីបបែលដ៏ធំ ១ ក្បាលត្រូវបានអ្នកនេសាទចាប់បានក្នុងខែមិថុនា នៅខេត្តស្ទឹងត្រែង។ រូបថត Wonders of the Mekong

មន្ត្រីថា​ តំបន់​ទន្លេ​មេគង្គ​នៅ​កម្ពុជា ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍​ទាក់ទង​នឹង​ជីវិត​អាថ៌កំបាំង​របស់​សត្វ​កម្រ

ស្ទឹងត្រែងៈ តំបន់​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ​ទាក់​ទង​នឹង​ការរស់រាន​មាន​ជីវិត​ដ៏​អាថ៌កំបាំង​របស់​ប្រភេទ​សត្វ​កម្រ​និង​ជិត​ផុតពូជ​មួយចំនួន ​រួមទាំង​ជីវចម្រុះ​ជាច្រើន​ទៀត។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​ផ្នែក​វិស័យ​ទេសចរណ៍ ​និង ​ធន​ធាន​ជល​ផល។

ការលើក​ឡើង​របស់​ក្រុមមន្ត្រី​ជំនាញ​ទាំងនោះ ​បានធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមអ្នក​វិទ្យាសាស្ត្រ ​នៃ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ ​និង ​រដ្ឋបាល​ជលផល​កម្ពុជា ​អះអាងថា ​ត្រី​បបែល​យក្ស​ទឹកសាប ​ដែលប្រជា​នេសាទ​នៅ​ភូមិ​-ឃុំ​កោះព្រះ ​ស្រុក​សៀមបូក ​ខេត្ត​ស្ទឹងត្រែង ​ចាប់​បាន​កាលពី​ពេលថ្មីៗ​កន្លង​ទៅ​នេះ ​គឺ​ វា​ជាត្រី​បបែល​ទឹក​សាប​ដ៏ធំ​បំផុត​របស់​ពិភព​លោក ​ដែលបាន​បំបែក​កំណត់​ត្រា​ចាស់​របស់​ត្រីរាជ​ដែលចាប់​បាន​ក្នុង​ទន្លេ​មេគង្គ​នៃ​ប្រទេស​ថៃ ​កាល​ពី​ឆ្នាំ ២០០៥ ​ដែល​មាន​ទម្ងន់​ ២៩៣ ​គីឡូ​ក្រាម។

លោក​ អ៊ិន ប៉ោសឿន ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​វត្តមាន​របស់​ត្រីបបែល​យក្ស​ទឹកសាប​ដ៏ធំ​បំផុត​ក្នុង​លោក ​១ ក្បាល​នោះ​ គឺជា​ផលិតផល​ទេសចរណ៍​ដ៏សំខាន់​មួយទៀត ​សម្រាប់​អ្នកសិក្សាស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ​ដែល​ចង់ស្វែង​យល់​ពី​ភាពអាថ៌កំបាំង​នៃ​ការរស់រាន​មាន​ជីវិត​របស់​ប្រភេទ​សត្វកម្រ ​និង​ជិត​ផុត​ពូជ​ក្នុង​ទន្លេ​មេគង្គ​នៅ​ប្រទេស​កម្ពុជា ​ ខណៈ​ប្រទេស​ដែលមាន​ទន្លេមេគង្គ​ហូរ​ឆ្លងកាត់ ​ដូចជា ​ចិន​ មីយ៉ាន់ម៉ា​ ថៃ ​ឡាវ ​និង​វៀតណាម ​ មិន​ត្រូវបាន​គេ​ជួបប្រទះ​វត្តមាន​របស់​វា​ដ៏ធំ​សម្បើម ​ដូចជា​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក​ថា​៖ «ទន្លេ​មេគង្គ​នៅ​កម្ពុជា ​គឺជា​ទីជម្រក​ដ៏​សុខសាន្ត ​សម្រាប់​សត្វ​មាន​ជីវិត​គ្រប់​ប្រភេទ​រស់នៅ​ ជាពិសេស​ ប្រភេទ​សត្វកម្រ ​និង​ជិត​ផុតពូជ​ក្នុង​ពិភពលោក ​ដូចជា​ សត្វផ្សោត​អ៊ីរ៉ាវ៉ាឌី ​និង​ត្រីបបែល​យក្ស​ដ៏​ធំបំផុត​ក្នុង​ពិភព​លោក​នេះ​ជា​ដើម។ អ៊ីចឹង​ទេ ​ទៅថ្ងៃ​អនាគត ​ទន្លេ​មេគង្គ​នៅ​កម្ពុជា​យើង ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ ​អំពី​ការរស់រាន​មាន​ជីវិត​ របស់​ប្រភេទ​សត្វកម្រ​និង​ជិត​ផុត​ពូជ​លើ​ពិភព​លោក​ទាំង​នេះ»។

បើ​តាម​លោក​ប៉ោសឿន ​នៅ​ពេលនេះ ​ក្រុម​ការងារ​របស់​លោក​កំពុង​រៀបចំ​ចងក្រង​ឯកសារ​អំពី​តំបន់​ ដែល​មាន​សត្វ​បបែល​យក្ស​រស់នៅ ​ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន​បានដឹង ​និង​ស្វែងយល់​ពី​តំបន់​ដ៏​មាន​សក្ដានុពល​ទាំង​នេះ ​បើទោះជា​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ជីវសាស្ត្រ​របស់​សត្វ​បបែល​យក្ស​ទឹក​សាប​នេះ​ក៏​ដោយ។

ទន្ទឹម​នឹង​នេះ ​លោក​បានអំពាវនាវ​ដល់​ប្រជាសហគមន៍​អេកូ​ទេសចរណ៍​ក្នុង​តំបន់​អន្លង់​ផ្សោត​ទាំងអស់ ​ចូលរួម​គាំ​ទ្រ​និង​ផ្សព្វផ្សាយ​អំពី​តំបន់ ​ដែល​មាន​សត្វ​បបែល​យក្ស​នេះ​រស់​នៅ​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ​ដែល​មក​ទស្សនា​សត្វ​ផ្សោត​នៅ​ខេត្ត​ស្ទឹងត្រែង ​ដើម្បី​ជាការទាក់​ទាញ​ចំណាប់​អារម្មណ៍​បន្ថែម​ទៀត​ពី​ក្រុម​ទេសចរ។

ចំណែក​លោក​ ផេង បឿន ​ប្រធាន​សហគមន៍​នេសាទ ​កោះព្រះ ​ដែល​មាន​បម្រើ​សេវាកម្ម​ទូក​ទេសចរណ៍ ​សម្រាប់​អ្នក​ដែល​ចង់​ទស្សនា​សត្វផ្សោត​នៅ​តំបន់​អន្លង់​កាំង​កូន​សត្វ ​អន្លង់​កោះសន្ទក់ ​និង​អន្លង់​ត្បូងខ្លា ​នៃ​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ពួកគាត់ ​បានធ្វើ​ការផ្សព្វផ្សាយ​អំពី​ករណី​នេះ ​តាំងពី​មាន​អ្នកនេសាទ​ម្នាក់​បាន​ បង្កៃ​សន្ទូច​ជាប់​ត្រី​បបែល​យក្ស ​ដែល​មាន​ទម្ងន់​ ១៨០ គីឡូក្រាម ​នា​អំឡុង​ខែឧសភា ​កន្លង​ទៅ​ម្ល៉េះ។

លោក​ថ្លែងថា​៖ «ជាទូទៅ ​ក្រៅពី​ជាប់​សន្ទូច​អ្នកនេសាទ ​យើង​កម្រ​ឃើញ​ត្រី​បបែល​យក្ស ​ផុស​ចេញ​លើ​ផ្ទៃទឹក​ បណ្ដែត​ខ្លួន​ឱ្យ​យើង​ឃើញ​ដូចជា​សត្វ​ផ្សោត​ទេ។ ប៉ុន្តែ​ពួក​វា​ពិតជា​មាន​ជីវិត​រស់នៅ​ច្រើន​ជាង​ការរកឃើញ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​ទៅ​ទៀត»។

បើ​តាម​លោក ​ផេង បឿន ​កន្លងមក​ក្រុមប្រជា​នេសាទ​នៅ​ក្នុង​សហគមន៍​របស់​លោក ​បានជួប​ប្រទះ​ហ្វូង​របស់​វា​ ដែល​មាន​ទម្ងន់​ប្រមាណ​ចន្លោះ​ពី​ ៣០-៤០ គីឡូក្រាម ​ជាង​១០ក្បាល ​នៅ​ចំណុច​កាំង​កូន​សត្វ។ ប៉ុន្តែ​មិន​ធ្លាប់​ជួប​ប្រទះ​ពួក​វា​ដែល​មាន​ទម្ងន់​ ៣០០ គីឡូក្រាម​ដូច​កាលពី​ពេល​ថ្មីៗ​នេះ​ឡើយ។

លោកប្រាប់​ថា ​តាម​ដែល​ប្រជានេ​សាទ​នៅ​ក្នុង​សហគមន៍​របស់​លោក ​បានជួប​ប្រទះ​ហើយ​និយាយ​ត​គ្នា​មក​នោះ​ ត្រី​បបែល​យក្ស​នេះ​មាន​២ប្រភេទ ​គឺ ​ ត្រី​បបែល​ពណ៌ខ្មៅ ​ដែល​អ្នកភូមិ​របស់​លោក​ហៅថា ​«ត្រី​បបែល​ក្របី» ​ និង​ត្រីបបែល​ពណ៌​ក្រហម ​ដែល​អ្នកភូមិ​របស់​លោក​ហៅ​ថា ​«ត្រី​បបែល​គោ»។

ទោះ​យ៉ាងណា ​ក្រុម​អ្នកវិទ្យាសាស្ត្រ ​នៅ​មិនទាន់​ធ្វើការ​បកស្រាយ​ថា ​ត្រី​បបែល​យក្ស​ទឹកសាប​មាន​ប៉ុន្មាន​ប្រភេទ​នៅ​ឡើយ​ទេ ​ក្រៅពី​មាន​សម្បុរ​ខ្មៅ ​និង​ចូលចិត្ត​រស់នៅ​ក្នុង​អន្លង់​ទឹកជ្រៅ ​ដែល​មាន​បរិស្ថាន​ស្អាត។ នេះ​បើ​តាម​លោក​ស្រី ​សម វិចិត្រ ​នាយ​ខណ្ឌរដ្ឋបាល​ជលផល​ខេត្ត​ស្ទឹង​ត្រែង។

លោក​និយាយថា​៖ «ផ្អែក​តាម​ជីវសាស្ត្រ​របស់​ត្រី​បបែល​ទឹកសាប ​គឺ​ពួកវា​មិន​ផុស​នៅលើ​ផ្ទៃទឹក ​ដូចជា​សត្វផ្សោត​ ដែល​អាចឱ្យ​អ្នកទេសចរ​ទូទៅ​ទស្សនា​វា​ដូចជា​ទស្សនា​សត្វផ្សោត​ឡើយ។ ដូច្នេះ​តំបន់​ដែល​មាន​ពួកវា​រស់នៅ​នេះ​ មិនមែន​ជាគោលដៅ​ទេសចរណ៍​សម្រាប់​មនុស្ស​ទូទៅ​នោះ​ទេ ​ប៉ុន្តែ ​វា​ជាគោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​មួយ​ សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ ​ផ្នែក​វិទ្យាសាស្ត្រ ​ដែល​ផ្ដោត​សំខាន់​ទៅលើ​ធនធាន​ជលផល​ទឹក​សាប»។

លោក​ សម វិចិត្រ ​បន្តថា ​ត្រី​បបែលយក្យ​ទឹកសាប​ទន្លេមេគង្គ ​មិនមែន​មាន​នៅ​តែ​ក្នុង​តំបន់​កោះព្រះ​ ស្រុក​សៀម​បូក​នោះ​ទេ ​វា​មាន​នៅ​ក្នុង​តំបន់​រ៉ាមសា ​នៃ​ស្រុក​សៀមប៉ាង​ផង​ដែរ។ ប៉ុន្តែ​មកទល់​ពេលនេះ ​ក្រុមអ្នក​សិក្សា​ស្រាវ​ជ្រាវ ​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​ចំនួន​និង​ការបំផ្លាស់​ទី​របស់​ពួកវា​ ឱ្យបាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

កាល​ពី​ ២ សប្ដាហ៍​មុន ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ​បានធ្វើការ​ដាក់​ពង្រាយ​ឧបករណ៍​ផ្ដល់សញ្ញា ​acoustic tag ​ចំនួន​៣៦​គ្រឿង ​នៅតាម​ដង​ទន្លេមេគង្គ​លើ​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​តាមដាន​ពី​ដំណើរ​ និង​អាកប្បកិរិយា​របស់​ត្រី​បបែលយក្ស​ទន្លេមេគង្គ ​ដ៏ធំ​បំផុត​របស់​ពិភព​លោក។ ប៉ុន្តែ​មកទល់​ពេលនេះ​ គេ​នៅ​មិន​ទាន់​ចុះ​ប្រមូល​ទិទ្នន័យ​ពី​ឧបករណ៍​ទាំង​នោះ ​មកធ្វើ​ការវិភាគ ​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​សកម្មភាព​រស់នៅ​ដ៏​អាថ៌កំបាំង​របស់​ពួកវា​នៅ​ឡើយ​ទេ៕

អត្ថបទគួរចាប់អារម្មណ៍