
នគរបាល កំពុងពិនិត្យសាកសពក្មេងរងគ្រោះ ដែលលង់ទឹកស្លាប់កាលពីថ្ងៃទី ២៥ មិថុនា។ រូបថត នគរបាល
កំពង់ធំ រយៈពេល ៦ ខែឆ្នាំ ២០២២ នេះ មានក្មេងប្រុសស្រីចំនួន ៨ នាក់ហើយ ត្រូវបានស្លាប់ដោយសារលង់ទឹកក្នុងស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលឧបទ្ទវហេតុនេះ ភាគច្រើនបណ្តាលមកពីការធ្វេសប្រហែសរបស់ឪពុកម្តាយឬអាណាព្យាបាលក្មេង។
លោក ម៉ៃ វុន នាយករដ្ឋបាល សាលាស្រុក ប្រាសាទសំបូរ ទទួលបន្ទុកផ្នែកគ្រប់គ្រងគ្រោះមហន្តរាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ មិថុនាថា គិតពីដើមខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ នេះ មានក្មេងប្រុសស្រីចំនួន ៨ នាក់ (ស្រី ៤ នាក់) ត្រូវបានស្លាប់ ដោយសារលង់ទឹក។
ក្មេងរងគ្រោះទាំងនោះ មានអាយុចន្លោះពី ៤ ឆ្នាំ ដល់ ១៣ ឆ្នាំ ដែលមូលហេតុនៃការស្លាប់ដោយសារឹការលង់ទឹកនេះ ត្រូវបានរកឃើញថា បណ្តាលមកពីការធ្វេសប្រហែសរបស់អាណាព្យាបាល ឬ ឪពុកម្តាយដែលទៅប្រកបរបរផ្សេងៗហើយទុកកូនរបស់ពួកគាត់ឱ្យមនុស្សចាស់មើលថែជំនួស។
លោកបន្តថា៖ «និយាយរួមទៅមកពីការធ្វេសប្រហែសរបស់ម្តាយឪពុកហ្នឹង ដោយក្មេងទើបមានអាយុ ៤ ទៅ ៥ ឆ្នាំអីហ្នឹង ម្តាយឪពុកពួកគេ ទុកផ្ញើនឹងយាយអ៊ីចឹងទៅ។ គ្រោះថ្នាក់ស្លាប់នេះយើងចាត់ទុកថា មិនមែនស្លាប់ដោយគ្រោះធម្មជាតិទេ»។
លោកបញ្ជាក់ថា ពាក់ព័ន្ធការជួយឧបត្ថមដល់គ្រួសារក្មេងរងគ្រោះ ដោយលង់ទឹកវិញ គឺគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយស្រុកប្រាសាទសំបូរ តែងតែជួយជ្រោមជ្រែងយកចិត្តទុកដាក់ជានិច្ច មិនឱ្យរំលងឡើយបើទោះជាជនរងគ្រោះ មិនស្ថិតនៅក្នុងតារាងនៃជនរងគ្រោះដោយគ្រោះធម្មជាតិក៏ដោយ។ ក្នុងនោះក៏មានអនុសាខាកាកបាទក្រហមស្រុក ជួយចូលរួមរំលែកទុក្ខផងដែរ ដូចជាជួយជាអង្ករ ប្រាក់ និងសម្ភារប្រើប្រាស់ផ្សេងៗដល់គ្រួសាររងគ្រោះ។
បើតាមលោក ម៉ៃ វុន ជារឿយៗ អាជ្ញាធរស្រុក តាមរយៈអាជ្ញាធរភូមិ-ឃុំ គឺតែងតែធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ ក្នុងស្រុកប្រាសាទសំបូរ ត្រូវតែប្រុងប្រយ័ត្នមើលថៃទាំកូនៗរបស់ពួកគាត់ កុំធ្វេសប្រហែសទាំងកុមារតូចៗ ឬឱ្យមានការប្រុងប្រយ័ត្នទាំងភ្លើងផ្សែងកុំឱ្យមានការឆេះផ្ទះសំបែងផងដែរ។
ឧបទ្ទវហេតុដែលនាំឱ្យបាត់បង់ទ្រព្យសម្បត្តិពិសេសការបាត់បង់អាយុជីវិតក្មេងដោយសារការលង់ទឹកនេះ គឺជាសោកនាដកម្មដ៏សោកសង្រេងបំផុត របស់អាណាព្យាបាល ឬឪពុកម្តាយ។
ពាក់ព័ន្ធគ្រោះថ្នាក់ដោយលង់ទឹកនេះ ត្រូវបានលោកឃុត វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ បានឱ្យដឹងនៅថ្ងៃទី ២៧ មិថុនាថា កាលពីថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០២២ មានក្មេងប្រុសស្រីជាសិស្សសាលារៀនថ្នាក់ទី៧នៃសាលាអនុវិទ្យាល័យអាត់ស៊ូ បានលង់ទឹកបឹងស្លាប់ចំនួន ៤ នាក់ ខណៈពួកគេជិះទូកទៅបេះផ្លែឈូកហូប ដែលបានកើតហេតុនៅបឹងទឹកល្អក់ ស្ថិតនៅក្នុងភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។
លោកបន្តថា ក្មេងរងគ្រោះទី១- ឈ្មោះ ភាន់ សុខជឿន ភេទស្រី អាយុ១ ៣ ឆ្នាំ, ទី២- ឈ្មោះ ចិត្រ រស្មី ភេទស្រី អាយុ ១២ ឆ្នាំ, ទី៣- ឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ ១២ ឆ្នាំ និង ទី៤- ឈ្មោះ ភឿន ចាន់ណា ភេទស្រី អាយុ ១៣ ឆ្នាំ។ ពួកគេរស់នៅភូមិអាត់ស៊ូ ឃុំ សំបូរ ស្រុក ប្រាសាទសំបូរ ។
លោករំឭកថា សិស្សសាលារៀនតែពេលព្រឹកទេ ហេតុដូច្នេះហើយ ក្មេងៗរងគ្រោះ មានពេលទំនេរក៏នាំគ្នាទៅបឹងកើតហេតុ មានចម្ងាយពីភូមិដែលពួកគេរស់នៅប្រមាណជា ៥០០ ម៉ែត្រ។ ពេលទៅដល់ទីនោះពួកគេឃើញទូក ១ ចតនៅមាត់បឹង ហើយក្មេងៗមានប្រុសមានស្រីចំនួន ៧ នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់ មិនបានជិះទូកជាមួយគេទេ ដោយរង់ចាំនៅលើគោក។
ពេលនោះស្រាប់តែទូកដែលក្មេងៗជិះនោះបានផ្អៀងហើយក៏ក្រឡាប់តែម្តងធ្វើឱ្យក្មេងទាំង ៦ នាក់ ដែលជិះទូក ធ្លាក់ក្នុងទឹកតែមាន ២ នាក់នាក់ចេះហែល។ ដោយឃើញបែបនេះ ក្មេងប្រុសម្នាក់អាយុ ១២ ឆ្នាំ ដែលនៅលើគោកបានរត់សំដៅទៅរកផ្លូវដែលមានចម្ងាយពីបឹងប្រហែលជា ១ គីឡូម៉ែត្រ ដើម្បីស្ទាក់ម៉ូតូអ្នកធ្វើដំណើរឱ្យមកជួយសង្គ្រោះ។
លោកនិយាយថា៖ «អាក្មេងតូចជាងគេហ្នឹង នៅលើគោក ដល់ពេលឃើញទូកលិចវាស្រែកហៅឱ្យគេជួយដែរតែគ្មានមនុស្សនៅក្បែរៗនោះទេ។ ពេលនោះវារត់មកផ្លូវថ្នល់ ស្ទាក់ម៉ូតូប្រាប់ឱ្យគេជួយតែដោយសារផ្លូវឆ្ងាយពន្យាពេលជិត ១ ម៉ោងឯណោះ ទំរាំគេទៅជួយ គឺក្មេងៗទាំងនោះដាច់ខ្យល់ស្លាប់អស់ទៅហើយ»៕