
មន្ត្រីជំនាញក្នុងកិច្ចប្រជុំ នៅថ្ងៃទី ២៧ មិថុនា។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពន្លឿនរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការពារសុវត្ថិភាពក្រសួងស្ថាប័ន និងប្រជាពលរដ្ឋ អ្នកប្រើប្រាស់ទូរស័ព្ទ និង កុំព្យូទ័រនៅក្នុងប្រទេសកម្ពុជា ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កំណើននៃការប្រើប្រាស់សម្ភារ បច្ចេកវិទ្យានៅក្នុងប្រទេស មានការកើនឡើងយ៉ាងខ្លាំង ។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៧ ខែមិថុនាថា ដើម្បីពន្លឿនលើសេចក្តីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នេះ នៅថ្ងៃទី ទី ២៧ ខែមិថុនា ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់នេះ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធផ្សេងទៀត។
លោកបន្ត សេចក្តីព្រៀងច្បាប់នេះ ត្រូវបានរៀបចំកសាងឡើង ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់ចប់នៅឡើយទេ ដោយសារ ការរីករាលដាលនៃជំងឺកូវីដ ១៩ រយៈពេលជាង ២ ឆ្នាំ ត្រូវបានផ្អាកជាបណ្តោះអាសន្ន និង មានភាពស្មុគស្មាញច្រើននៅក្នុងច្បាប់នេះ ព្រោះពី ១ ឆ្នាំទៅ ១ ឆ្នាំ មានការកើនឡើងនូវបច្ចេកវិទ្យាថ្មីៗ ជាច្រើន ។
លោកថ្លែងថា៖«យើងមិនទាន់ហ៊ាននិយាយថា វាបញ្ចប់នៅពេលណាទេ ប៉ុន្តែ យើងកំពុងពន្លឿន និងបានជួបប្រជុំពិភាក្សា និងរំឭកឡើងវិញទៅលើច្បាប់នេះហើយ »។
បើតាម លោក ជា ពៅ ក្នុង ១ ឆ្នាំៗ ទាំងទូរស័ព្ទដៃ និងកុំព្យូទ័រ បានចេញរាប់ពាន់គ្រឿង និងសូហ្វវែរ បានអាប់ដេត រាប់រយដងក្នុងមួយថ្ងៃៗ ។ គណៈកម្មការរៀបចំសេចក្តីព្រៀងច្បាប់នេះ នឹងពន្លឿនឱ្យបានលឿនដើម្បីជួយរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងក្រសួងមន្ទីរនានា ក្លាយទៅជាអ្នករងគ្រោះ ដោយសារការវាយលុកពីបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ ។
លោក អ៊ឹម សុធី នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៧ ខែមិថុនាថា ការពន្លឿនរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ គឺជាការល្អប្រសើរមួយ សម្រាប់ការពារប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ប៉ុន្តែក្រសួងមហាផ្ទៃ ក៏គួរតែមានការពិភាក្សាជាមួយស្ថាប័ន និងភាគីពាក់ព័ន្ធឱ្យបានស៊ីជម្រៅជាមុនសិន មុននឹងដាក់ឱ្យប្រើប្រាស់។
លោកថ្លែងថា៖ « ទាក់ទងនឹងច្បាប់ហ្នឹង វាសំខាន់ដែរ ។ នៅពេលដែលមានច្បាប់ហ្នឹងទៅ ធ្វើឱ្យអ្នកលេងហ្វេសប៊ុក កុំចេះតែបង្ហោះព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់អ្នកទទួលបានព័ត៌មាននោះវាមិនល្អ និងពេលខ្លះគ្រោះថ្នាក់ថែមទៀត »។
យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើសបច្ចេកវិទ្យាព័ត៌មាន៕