The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ថាន​​ទូត​អូស្ត្រាលី គាំទ្រ​មហោស្រព​ភាពយន្តអន្តរ​ជាតិកម្ពុជា ​លើកទី ១១​ ក្នុងឱកាស​ខួបទី ៧០ ឆ្នាំ នៃ​​ទំនាក់​​​ទំនង​​​ការ​ទូត​​កម្ពុជា​-អូស្ត្រាលី​​

ស្ថាន​​ទូត​អូស្ត្រាលី គាំទ្រ​មហោស្រព​ភាពយន្តអន្តរ​ជាតិកម្ពុជា ​លើកទី ១១​ ក្នុងឱកាស​ខួបទី ៧០ ឆ្នាំ នៃ​​ទំនាក់​​​ទំនង​​​ការ​ទូត​​កម្ពុជា​-អូស្ត្រាលី​​

Content image - Phnom Penh Post
អ្នក​ទៅទស្សនាការបញ្ចាំងភាពយន្ត​នៅសាលសន្និសីទចតុមុខ កាលពីឆ្នាំ ២០១៨។ រូបថត Cambodia International Film Festival

ស្ថាន​​ទូត​អូស្ត្រាលី គាំទ្រ​មហោស្រព​ភាពយន្តអន្តរ​ជាតិកម្ពុជា ​លើកទី ១១​ ក្នុងឱកាស​ខួបទី ៧០ ឆ្នាំ នៃ​​ទំនាក់​​​ទំនង​​​ការ​ទូត​​កម្ពុជា​-អូស្ត្រាលី​​

ភ្នំពេញៈ ស្ថានទូត​​អូស្រា្តលី ជួយ​គាំទ្រ​ដល់​​មហោស្រព​ភាព​យន្ត​អន្តរ​​​​ជាតិ​​​​កម្ពុជា ​​លើក​​ទី ​១១​ (The 11th CIFF) ខណៈ​កម្ម​វិធី​ឆ្នាំ ​២០២២ នេះ គឺ​ជាឆ្នាំ​ដ៏​សំខាន់​ សម្រាប់ខួប​ ៧០ ឆ្នាំ នៃ​​ទំនាក់​ទំនង​ការទូត ​រវាង​ប្រទេស​អូស្រ្តាលី និង​កម្ពុជា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ស្ថាន​ទូត​អស្រ្តាលី​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា៖ «យើង​​ជា​ដៃគូ​ដ៏សំខាន់ ​​របស់​មហោស្រព​ភាព​យន្ត​អន្តរ​ជាតិ​កម្ពុជា​ Cambodia International Film Festival ​ក្នុងឆ្នាំនេះ។​ វាជា​ឆ្នាំ​ដ៏សំខាន់មួយ ​សម្រាប់​យើង ខណៈ​​ដែល​​​យើង​កំពុង​ប្រារព្ធ​ខួប​ទី ៧០ ឆ្នាំ ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​អូ​ស្ត្រា​លី និង​កម្ពុជា។​ យើង​រង់​​ចាំ​មើល​ទាំង​អស់គ្នា​នូវភាព​យន្តអូស្ត្រាលី​ផ្សេងៗ​គ្នា ​ពីគ្រប់​សម័យ​កាល​​នៃទំនាក់​ទំន​ង​នេះ ​បញ្ចាំង​​​​ក្នុង​រោង​​ភាពយន្ត»។ ​​

ស្ថាន​ទូត​អូស្រ្តាលី​ប្រចាំនៅ​កម្ពុជា ​រង់ចាំ​ស្វាគមន៍ ផលិត​ករ​ភាព​យន្ត​ជន​ជាតិ ខ្មែរ-អូ​ស្ត្រាលី ​អ្នក​នាង ​Allison Chhorn ផលិត​ករ​ភាព​យន្ត​ជន​ជាតិ​អូស្ត្រាលី​ លោក James Gerrand និងអ្ន​កវាយតម្លៃ និង​ថែ​​រក្សា​​ភាពយន្ត​ Richard Kuipers មក​កាន់​មហោ​ស្រព​ភាព​យន្ត​នេះ។

កម្ម​វិធីមហោស្រព​ភាព​យន្ត​អន្តរ​​​​ជាតិ​​​​កម្ពុជា​​លើក​​ទី​ ១១ នឹង​សម្ពោធ នៅ​​ថ្ងៃ​អង្គារ ទី ២៨ ខែមិថុនា វេលាម៉ោង ៥ និង ៣០ នាទីល្ងាច​ នៅ​សាល​​សន្និ​សីទចតុ​មុខ រាជ​ធានី​ភ្នំពេញ។

លោក ជា សុភាព នាយក​ប្រតិ​បត្តិ បុប្ផា​ណា មាន​ប្រសាសន៍​ថា​៖ «ដោយ​សារ​តែ​ចំ​ពេល​នៃ​ការ​ប្រារព្ធ​ធ្វើ​ពិធី​​ខួប​ ៧០ ឆ្នាំ នៃ​​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​អូ​ស្ត្រា​លី និង​កម្ពុជា ទើប​ស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា បាន​គាំទ្រ​កម្ម​វិធី​​ម​ហោស្រព​ភាព​យន្ត​អន្តរ​​​​ជាតិ​​​កម្ពុជា​​លើក​ទី​ ១១ នេះ​ ដើម្បី​រឹត​បន្តឹង​ចំណង​មិត្ត​ភាព​កម្ពុជា-អូស្ត្រាលី​ ថែម​មួយ​កម្រិត​ទៀត​ ទៅ​លើ​វិស័យ​សិល្បៈ​វប្បធម៌​ ជា​​​ពិសេស​​វិស័យ​ឧស្សាហកម្ម​ភាព​យន្ត​ តួ​យ៉ាង​​ផលិត​ករ​​ជាតិ​អូស្រ្តាលី លោក​​ James Gerrand ដែល​បាន​​​ថត​កុន​ខ្មែរ​ក្នុង​ទសវត្សរ៍​ទី​ ៧០ និង​មាន​កញ្ញា​​ Allison Chhorn គឺ​ជា​ផលិត​ករ ភាព​យន្ត​ជនជាតិ​ខ្មែរ​​-អូស្ត្រាលី និងជា​សិល្បករ​ពហុជំនាញ ដែល​​នឹង​ចូល​រួម​ជា​មួយ​​យើង​លើក​ដំបូង​នៅ​ឆ្នាំ​នេះ»។

លោក​ ជា សុភាព បាន​បន្ថែម​ថា តាម​រយៈ​កម្ម​វិធី​មួយ​ឈ្មោះ​ថា Panorama of Australian Cinema features Cambodia-Australian​ ​គឺ​ជា​​កិច្ច​សហ​ការ​ផ្នែក​ផលិត​កម្មភាព​យន្ត​ ដូចជា​​ករណី​ភាព​យន្ត​រឿង ​​«Buoyancy» គឺ​ជាភាពយន្ត​អូស្ត្រាលី​ ឆ្នាំ ២០១៩ ដែល​ដឹកនាំ​ដោយ​ផលិត​ករ​ភាព​យន្ត​ ជន​ជាតិ​អូស្ត្រា​លី លោក Rodd Rathjen ជាដើម។

លោក​បន្តថា៖ «តែ​យើង​ក៏​នៅមានខ្សែ​​ភាព​យន្ត ​ដែល​មាន​គុណ​ភាព​ល្អ និង​ផលិត​​នៅ​អំឡុង​ពេល​​ ៧០ ឆ្នាំ នៃ​ទំនាក់ទំនងការទូត​រវាងប្រទេស​អូ​ស្ត្រា​លី និងកម្ពុជា​ ចំនួន​ប្រមាណ​ ១៦ រឿងទៀតដែរ​។ កម្ម​វិធីនេះ វា​នឹងក្លាយ​វេទិកា​​វិស័យ​ភាព​យន្ត​​​​ដ៏​ធំ​មួយនៅ​តំបន់​​​អា​ស៊ី​អាគ្នេយ៍​ និង​ជា​ឱកាស​សម្រាប់​ទស្សនិកជន​​កម្ពុជា​​អាច​ឃើញ និង​យល់​ដឹង​ពី​ ​អូស្រ្តាលីបាន​ច្រើន​​ដូច​ជា​ វប្បធម៌ មនុស្ស និង​ទេស​ភាព​នានា»។​​

លោក​ Andreas Zurburgg ជា​ភារធារី​ស្ថានទូត​អូស្រ្តាលី​ មាន​ប្រសាសន៍​ថា៖ «មិន​ខុស​ពី​ផ្នែក​ផ្សេងៗ​នៅក្នុង​ឧស្សាហកម្ម​ច្នៃ​ប្រឌិត​ទេ ម​ហោស្រព​ភាព​យន្ត​​​​ ត្រូវ​បាន​រង​ការ​ប៉ះពាល់​ ដោយសារ​តែជំងឺ​កូវីដ ​១៩ ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ។ យើង​រីក​រាយ​ ដែល​កម្ម​វិធី​​ម​ហោស្រព​ភាព​យន្ត​អន្តរ​​​​ជាតិ​​​កម្ពុជា​​ បាន​វិល​ត្រឡប់​មក​វិញ​នៅ​ក្នុង​ឆ្នាំ​នេះ សម្រាប់​ការ​ប្រារព្ធ​លើក​ទី​ ១១»។​

លោក​បន្ត​ថា ដើម្បី​អបអរ​សាទរ​ខួប​ ៧០ ឆ្នាំ នៃទំនាក់​ទំនងការ​ទូត​រវាងប្រទេស​អូ​ស្ត្រា​លី និងកម្ពុជា​​ ស្ថាន​ទូត​អូស្ត្រាលី ​នឹង​មាន​ចាក់​បញ្ចាំង​ភាព​យន្ត​អូស្រ្តាលី​ប្រហែល​ ២០ រឿង ដែល​បាន​ផលិត​នៅ​អំឡុង​​ឆ្នាំ​ ១៩៥២ ដល់​ឆ្នាំ ​២០២២។

ខ្សែ​ភាព​យន្ត​ទាំង​នេះ រួមមាន​ភាព​យន្ត​ទាក់​ទង​នឹង​សហគមន៍​ និង​ភាព​យន្ត​អប់រំ​ ដែល​បង្ហាញ​ពី​បញ្ហា​នានា​ស្តី​ពី​បរិស្ថាន និង​ការ​ការ​គ្រប់គ្រង​ទឹក​ទន្លេ​មេគង្គ​ កសិកម្ម​ ក្រុមជន​ជាតិ​ដើម​ភាគ​តិច​ និង​សមភាព​យេនឌ័រ។

ជាមួយ​គ្នា​នេះ​ ឯកអគ្គរាជ​ទូត Pablo Kang បាន​ថ្លែង​ថា លោក​មាន​កិត្តិយ​ ដែល​បាន​ប្រគល់​ពាន​រង្វាន់​ទេព​កោសល្យ CIFF ឆ្នាំ ២០២២ ជូ​ន​យុវ​ជន សំ ហេង (Sarm Heng ) ជាតា​រាសម្តែងខ្មែរ​វ័យ​ក្មេង​ក្នុង​ភាព​យន្ត​​អូ​ស្ត្រា​​លី រឿង«Buoyancy» ក្នុង​កម្ម​វិធី​សន្និសីទ​សារព័ត៌មាន ​​មហោ​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​កម្ពុជា កាល​​​ពី​ថ្ងៃ​ទី ​១៥ ខែ​​មិថុនា ឆ្នាំ​ ២០២២ នៅ​សាល​សន្និ​សីទ​នៃ​​សណ្ឋាគារ​រ៉ូស​វូដ​​ភ្នំពេញ​។ ​

លើស​ពី​នេះ ក៏​មាន​កញ្ញា Allison Chhorn គឺជា​ផលិតករ​ភាព​យន្តជន​ជាតិ ខ្មែរ-អូស្ត្រា​លី និង​​ជា​​​សិល្បក​រ​ពហុ​ជំនាញ ដែល​ការងារ​នាង​ គឺ​ស្វែង​យល់​ពីប្រធាន​បទ​ទាក់​ទង​នឹង ជន​ភៀស​ខ្លួន ការ​​​ផ្លាស់​លំនៅ និង​កា​រប៉ះទង្គិចផ្លូវ​ចិត្ត។

កញ្ញា Allison Chhorn ​ជា​កូ​ន​ស្រី ​ដែល​មាន​ឪពុក​ម្តាយ​ជាជន​ចំណាក​​ស្រុក ​ចេញ​ពី​ប្រទេស​កម្ពុជា​​ ​ដើម្បីភៀសខ្លួន​ពីរបប​ខ្មែរក្រ​ហម នា​ពាក់​កណ្តាល​ទសវត្សរ៍ទី​ ៨០ ហើយ​​​បាន​​ធំធាត់​នៅ​ភាគ​ខាង​ត្បូង នៃ​ប្រទេស​អូស្ត្រាលី ​ និង​​បាន​បញ្ចប់​ការ​សិក្សា​ពីកម្មវិធី ​Visual Arts នៅ​​សាកល​វិទ្យា​ល័យ ​South Australia ក្នុងឆ្នាំ ២០១៤។​​​

កញ្ញា Allison Chhorn​ នឹង​មក​ចូលរួម​កម្មវិធី​មហោ​ស្រព​ភាព​យន្ត អន្តរ​ជាតិ​កម្ពុជា​ (CIFF)​ក្នុង​ឆ្នាំ​នេះ ​ហើយ​​នឹង​​ចូលរួម​ក្នុង​កិច្ច​សន្ទនា​ ស្តីពី​ស្ត្រី​ក្នុងវិស័យ​ភាពយន្ត រួម​​ជា​មួ​យ​នឹង​ផលិត​ករ​ភាព​យន្ត​​ស្ត្រី​ ជា​ច្រើន​រូប​​ទៀត​មក​ពីអាស៊ី​អាគ្នេយ៍៕

អត្ថបទគួរចាប់អារម្មណ៍