ភ្នំពេញៈ នៅលើ​គ្រែ​ដែក​តូច​មួយ ដែលមាន​ពូក​គ្រប​ដោយ​កម្រាល​ព័ណ៌​ផ្កាឈូក បុរស​ពិការ​ជើង​វ័យ ​៧៥ ​ឆ្នាំ​ម្នាក់ បាន​អង្គុយ​ដកដង្ហើម​វែងៗ ដើម្បី​បន្ធូរ​ភាព​តានតឹង​នៅក្នុង​ខ្លួន​របស់គាត់ ដែល​បណ្ដាលមកពី​អាកា​រៈ​នៃ​ជំងឺ​ទឹកនោមផ្អែម​ធ្វើ​ទុក​។​

លោក យួ​ង សារ៉ាត់ ដែល​រស់នៅ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម​អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ​នោះ បាន​និយាយថា ពេលខ្លះ​គាត់​មាន​ការឈឺ​ចុកចាប់​ពេញ​សព៌ាង្គកាយ ស្ទើរតែ​ពុំ​អាច​ទ្រាំ​បាន នៅពេលដែល​ជាតិ​ស្ករ​ក្នុង​សរសៃឈាម​ឡើង​លើស​កម្រិត​។

លោក​បាន​បន្តថា​ដោយសារ​ការវិវឌ្ឍ​ន៍​នៃ​ជំងឺ​ទឹកនោមផ្អែម​របស់គាត់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ កាលពី​២​ឆ្នាំមុន គាត់​ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ធ្វើការ​វះកាត់​ជើងឆ្វេង​ម្ខាង​របស់គាត់​ត្រឹម​ស្មងជើង ដោ​សារ​វា​មាន​របួស​ហើយ​បង្ក​ជា​ដំបៅ​ហើមរលួយ​ជើង​របស់គាត់​។ បច្ចុប្បន្ន គាត់​មិនអាច​ដើរ​ទៅណា​បាន​ឆ្ងាយ ក្រៅពី​អង្គុយ​នៅលើ​រទេះរុញ និង​គ្រែ​ដែក​ដែល​គាត់​សម្រាក​ស​ម្រា​ន​នោះទេ​។

លោក និយាយថា​៖ «​នៅពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​សរសៃឈាម​ឡើង​ខ្ពស់​ហួសប្រមាណ វា​ធ្វើឱ្យ​រាងកាយ​របស់ខ្ញុំ​ឈឺ​ចុកចាប់ នៅ​គ្រប់​សន្លាក់​ទាំងអស់ ពិសេស​គឺ​ជើង​។ ជើង​មិន​ត្រឹមតែ​ចុក​រោយ​នោះទេ​ថែមទាំង​រមាស់ និង​ក្ដៅ​ផ្សារ​សព្វ​សាច់​និង​ស្បែក ហើយ​បង្ក​ជា​ដំបៅ ដែល​មិនអាច​នឹង​ជា​សះ ដូច​មនុស្ស​ធម្មតា​។ ទីបំផុត​ខ្ញុំ​ត្រូវ​បាត់បង់​ជើង​ម្ខាង​ដោយសារតែ​ជំងឺ​នេះ ហើយ​បច្ចុប្បន្ន​វា​នៅតែ​បន្ត​បង្ក​ភាពឈឺចាប់​ពេញ​ក្នុង​សព៌ាង្គកាយ​ខ្ញុំ​ដដែល​»​។​

មិនមែន​តែ​លោក យួ​ង សារ៉ាត់ ទេ​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​។ ប្រជាជន​កម្ពុជា​ដែលមាន​វ័យ​ចន្លោះ​ពី​ ២០​ ឆ្នាំ​ដល់​ ៧៩​ ឆ្នាំ ចំនួន​ជាង​ ៤៣ ​ម៉ឺន​នាក់ កំពុង​រស់នៅ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម ខណៈ​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​បាន​កើនឡើង​ដល់​ ៣៣៦២​ នាក់ ឬ​ស្មើ​ ៣,៧៥​ ភាគរយ​នៃ​ចំនួន​អ្នកជំងឺ​ដែល​បាន​ស្លាប់​សរុប​។ នេះ​បើ​យោងតាម​ទិន្នន័យ​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ​ ២០២០​។​

ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​កំណត់​លក្ខណៈ​ដោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង ដែលនាំឱ្យ​ខូច​ដល់​បេះដូង សរសៃឈាម ភ្នែក តម្រងនោម និង​សរសៃប្រសាទ​ធ្ងន់ធ្ងរ​។ ជាពិសេស​គឺ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ ២ ដែលជា​ធម្មតា​បាន​កើតមាន​ចំពោះ​មនុស្សពេញវ័យ ដែល​រាងកាយ​មាន​ភាព​ធន់​នឹង​ អាំង​ស៊ុយ​លីន ឬ​មិន​ផលិត​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់​។

ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុងក្រោយ​នេះ អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ ២ បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​គ្រប់​ប្រទេស​ទាំងអស់​ទូទាំង​ពិភពលោក​។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ ១ ដែល​គេ​ធ្លាប់​ស្គាល់​ថា​ជា​ជំងឺ​ទឹកនោមផ្អែម​អនីតិជន ឬ​ជំងឺ​ទឹកនោមផ្អែម​ដែល​ពឹង​ផ្អែកលើ​អាំង​ស៊ុយ​លីន​សុទ្ធសាធ គឺជា​ស្ថានភាព​រ៉ាំរ៉ៃ ដែល​លំពែង​ផលិត​អាំង​ស៊ុយ​លីន​តិចតួច ឬ​គ្មាន​ដោយ​ខ្លួនឯង​។

«​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ការទទួលបាន​ការព្យាបាល​ដែលមាន​តម្លៃ​សមរម្យ រួមទាំង​អាំង​ស៊ុយ​លីន​គឺ​សំខាន់​ណាស់​សម្រាប់​ការរស់រាន​មានជីវិត​របស់​ពួកគេ​។ យើងទាំងអស់គ្នា​ត្រូវ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​អត្រាកំណើន​នៃ​ជំងឺ​ទឹកនោមផ្អែម ស្ថិតនៅ​កម្រិត​សូន្យ​ភាគរយ​ត្រឹម​ឆ្នាំ ​២០២៥» នេះ​បើ​យោងតាម​ទិសដៅ​នៃ​កិច្ចព្រមព្រៀង​ជា​សកល​របស់ WHO Global Diabetes Compact ដែលជា​ផ្នែក​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ផ្ដោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​ទឹកនោមផ្អែម​ជាស​កល​។​

យ៉ាងណាក៏ដោយ និន្នាការ​នៃ​អ្នក​កើត​និង​អ្នកស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​នៅលើ​ពិភពលោក នៅតែ​បន្ត​កើន​ឡើងជា​លំដាប់​គួរឱ្យ​ព្រួយបារម្ភ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ ខណៈ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​បន្ថែមទៀត​ចំពោះ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​។​

យោងតាម​ការផ្សព្វផ្សាយ​របស់ World Life Expectancy មនុស្ស​ប្រហែល ​៤២២​ លាន​នាក់ នៅ​ទូទាំង​ពិភពលោក​មាន​ជំងឺ​ទឹកនោមផ្អែម ភាគច្រើន​រស់នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម ហើយ​មនុស្ស​ចំនួន ១,៥​ លាន​នាក់ ត្រូវបាន​បញ្ជាក់ថា បាន​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា គិត​ត្រឹម​ថ្ងៃទី ​២២ ខែមិថុនា ឆ្នាំ​ ២០២២ អត្រា​ស្លាប់​នៃ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​បាន​កើន​ដល់ ៨៣២៥ ​នាក់ ខណៈ​អត្រា​អ្នក​កើត​ជំងឺ​នេះ​បាន​កើន​ដល់​ជិត​ ៥០​ ម៉ឺន​នាក់​។

ទន្ទឹមនឹងនេះ​សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ (International Diabetes Federation) បាន​វាយតម្លៃថា ក្នុង​ ១​ ឆ្នាំៗ​ប្រជាជន​កម្ពុជា បាន​ចំណាយ​ថវិការ ប្រមាណ ​១០៣ ​លាន​ដុល្លារ​អាមេរិក ទៅលើ​ថ្លៃ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម របស់​ពួកគេ​។

ស្ថាប័ន​មួយ​នេះ ក៏បាន​ប៉ាន់ប្រមាណ​ផងដែរ​ថា ក្នុង​ឆ្នាំ​ ២០៣០ ការចំណាយ​លើ​ថ្លៃ​ព្យាបាល​លើ​ជំងឺ​ទឹកនោមផ្អែម​របស់​ប្រជាជន​កម្ពុជា​អាច​នឹង​កើន​ដល់​ជាង ​១៤៥​ លាន​ដុល្លារ​អាមេរិក ប្រសិនបើ​ពួកគេ​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ នៅក្នុង​ការទទួល​ទាន​នៃ​របប​អាហារ​របស់​ពួកគេ​ទេនោះ​។​

ជុំវិញ​ករណីនេះ លោក ស៊ុំ ស​ត្ថា វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទឹកនោម ក្រពេញ និង​អ័រម៉ូន​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ជា​ភាត​រៈ សមាជិក American College of Endocrinology (FACE) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំងឺ​ទឹកនោមផ្អែម​មាន​ ៣ ​ប្រភេទ ក្នុងនោះ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ កើតឡើង​ចំពោះ​កុមារ ដោយសារ​លំពែង​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​បាន​។ ខណៈ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ​២ កើតឡើង​ចំពោះ​មនុស្សពេញវ័យ និង​មនុស្ស​ចាស់ ដោយសារ​លំពែង ខ្សោយ​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់ ឬ​មិន​ដំណើរការ​ពេញលេញ​។ ចំណែក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ៣ ច្រើន​កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​នៅពេល​មាន​ផ្ទៃពោះ រាងកាយ​របស់​ស្ត្រី​មានការ​ប្រែប្រួល​អ័រម៉ូន​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​លំពែង​។​

លោក​បាន​ពន្យល់ថា​៖ «​ដោយសារ​លំពែង​មិនអាច​ផលិត ឬ​ផលិត​អាំង​ស៊ុយ​លីន​មិន​គ្រាប់​គ្រាន់ ឬ មិនអាច​ឆ្លើយតប​នឹង​ការប្រែប្រួល​នៃ​អ័រម៉ូន​បាន​នោះ ជាតិ​ស្ករ​មិនអាច​ជ្រាបចូល​ទៅក្នុង​កោសិការ​បាន នៅពេលដែល​អ្នកជំងឺ​បរិភោគ​ចំណីអាហារ​ដែលមាន​ជាតិ​ស្ករ​ចូលទៅក្នុង​ខ្លួន ដូច្នេះ​ជាតិ​ស្ករ​នឹង​ស្រូប​ចូលទៅក្នុង​សរសៃឈាម ធ្វើឱ្យ​ជាតិ​ស្ករ​លើស​នៅក្នុង​ឈាម ហើយ​ធ្វើឱ្យ​អ្នកជំងឺ​ស្រវាំងភ្នែក ឈឺ​ចុកចាប់​ផ្នែក​សន្លាក់ សន្លប់ ឬ​អាច​គាំងបេះដូង​ស្លាប់​បាន​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ការប្រែប្រួល​នៃ​អ័រម៉ូន អាច​នឹង​បាត់​ទៅវិញ​ក្រោយពី​សម្រាលកូន​រួច ប៉ុន្តែ​អាច​នឹង​ប្រឈម​ខ្លាំង​ទៅនឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ២​ ទៅ​ថ្ងៃក្រោយ​»​។

បើតាម​លោក ស​ត្ថា អ្នកជំងឺ​ទឹកនោមផ្អែម ដែល​មិន​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ អាចមាន​ហានិភ័យ​សុខភាព​ច្រើនយ៉ាង​ដល់​សរីរាង្គកាយ ជាពិសេស​គឺ​ប្រឈម​ខ្ពស់​នឹង​ការកើត​ជំងឺ​បេះដូង​និង​តម្រងនោម​។

ទាក់ទង​ទៅនឹង​ហា​នី​ភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ដែល​អាច​បង្ក​ជា​ជំងឺ​បេះដូង​និង​ជំងឺ​ផ្សេងៗ​ទៀត​នោះ អ្នកស្រី មិន សេង​លាប វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​លើកឡើងថា ៥០ ​ភាគរយ​នៃ​អ្នកជំងឺ​ដែលមាន​បញ្ហា​លើស​ជាតិ​ស្ករ ឬ​ទឹកនោមផ្អែម ពួកគេ​បានកើត​មាន​រួចទៅហើយ​នូវ​រោគសញ្ញា​ខ្សោយបេះដូង ប៉ុន្តែ​មិនបាន​ស្តែងចេញ​ជា​ចំណុច​ធំដុំ​។ ចំណុច​នេះហើយ​ដែល​ធ្វើឱ្យមាន​ការមើលរំលង​ទៅលើ​ការធ្វើ​រោគវិនិច្ឆ័យ ក៏ដូចជា​ការព្យាបាល​ផងដែរ​។​

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ដោយសារ​មិនបាន​ធ្វើ​រោគ​វិ​ច្ឆ័​យ​ឱ្យបាន​ទាន់ពេលវេលា និង​ត្រឹមត្រូវ អ្នកជំងឺ​ទឹកនោមផ្អែម ដែលមាន​បញ្ហា​ប៉ះពាល់​ទៅដល់​បេះដូង នឹង​ប្រឈម​ទៅនឹង​ការស្លាប់ ឬ​ពិការភាព​អស់​មួយជីវិត ព្រោះ​ជាតិ​ស្ករ​បាន​ចូលទៅ​រាំងស្ទះ​ដល់​សរសៃឈាម​បេះដូង​»​។​

ចំណែក​លោក នី​វ រត្ន​វី វេជ្ជបណ្ឌិត​ឯកទេស​នៃ​តម្រងនោម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​វិញ បាន​ថ្លែងថា ប្រមាណ​៣០​ភាគរយ​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម អាច​នឹងមាន​បញ្ហា​ជំងឺ​តម្រងនោម​ក្នុង​កម្រិត​ណាមួយ​។

លោក​ថ្លែងថា​៖ «​មាន​អ្នកជំងឺ​មួយចំនួន អាច​នឹងមាន​ការវិវត្ត​ទៅជា​ខូច​តម្រងនោម ដែល​ទាមទារ​ឱ្យមាន​ការព្យាបាល​ដោយ​លាង​ឈាម​ជាប្រចាំ​»​។

​ដើម្បី​គ្រប់គ្រង​នូវ​បញ្ហា​នេះ លោក​បាន​ណែនាំ​ឱ្យ​អ្នកជំងឺ ត្រូវធ្វើ​ការព្យាបាល និង​ត្រូវ​ចេះ​គ្រប់គ្រង​ជាតិ​ស្ករ ជាតិ​ខ្លាញ់ រួមទាំង​សម្ពាធ​ឈាម ឱ្យបាន​ត្រឹមត្រូវ​តាំងពី​ដំណាក់កាល​ដំបូង ដែល​បានដឹងថា​ខ្លួន​មាន​ជំងឺ​ទឹកនោមផ្អែម ដែល​វិវឌ្ឍន៍​ទៅរក​ការ​ខូច​តម្រងនោម​។ កុំ​រង់ចាំ​ដល់ពេល​មាន​បញ្ហា​ខូចខាត​ធ្ងន់ធ្ងរ​។​

ដើម្បីឱ្យ​សុខភាព​របស់ខ្លួន​មាន​ភាពល្អប្រសើរ​ដូចជា​មនុស្ស​ធម្មតា​នោះ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​របៀប​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន ដែល​ក្នុ​នោះ​រាប់បញ្ចូល​ទាំង​ការ​លេបថ្នាំ​បាន​ត្រឹមត្រូវ​តាម​តាម​ការណែនាំរ​របស់​គ្រូពេទ្យ​ជំនាញ និង​កាត់បន្ថយ​អាហារ​ដែលមាន​ជាតិ​ស្ករ​និង​កាឡូរី​ខ្ពស់​។ យោងតាម លោក សោម រ៉ា វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។​

លោក​បាន​ថ្លែងថា​៖ «​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម អាច​រស់រាន​នៅបាន​យូរ ដូចជា​មនុស្ស​ធម្មតា​ដែរ ប្រសិនបើ​ពួកគេ​កាត់បន្ថយ​ការទទួល​ទាន​បាយ និង​ចំណីអាហារ​ណា​ដែលមាន​ជាតិ​ស្ករ​និង​កាឡូរី​ខ្ពស់ ហើយ​ព្យាយាម​លេបថ្នាំ​ព្យាបាល​ជំងឺ​នេះ បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​»​។​

ទន្ទឹមនឹងនេះ លោក​បាន​ណែនាំ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ថា ក្រៅពី​លេបថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ជំនាញ បាន​ត្រឹមត្រូវ​ហើយ​នោះ អ្នកជំងឺ​គប្បី ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​៣០​នាទី​ក្នុង​មួយថ្ងៃ និង​បរិភោគ​បន្លែ​បៃតង ដូចជា​ស្ពៃខៀវ ត្រប់ស្រួយ ត្រប់វែង ត្រប់​ពុធ​ញ​ង ព​ពាយ ត្រសក់ ម្រះ និង​ខ្ទឹមស ឱ្យបាន​៤​ដង​ក្នុង​មួយ​សប្ដាហ៍ និង​បរិភោគ​ត្រី សាច់ ចំនួន​៣​ដង​ក្នុង​មួយ​សប្ដាហ៍​។ ធ្វើបែបនេះ​ជាប្រចាំ អាច​កាត់បន្ថយ​ការ​វិ​ឌ្ឍ​ន៍​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ​២ ​បាន​៕