ភ្នំពេញៈ ក្រសួង​ការបរទេស​កម្ពុជា​អំពាវនាវ​ដល់​រដ្ឋាភិបាល​ចិន​បន្ត​គាំទ្រ​កិច្ចសហប្រតិបត្តិការ ក្រោម​មូលនិធិ​ពិសេស​មេគង្គ​-​ឡានឆាង ឱ្យ​កាន់តែ​មាន​សក្ដានុពល​បន្ថែម​ទៀត បន្ទាប់ពី​ថ្មីៗ​នេះ ចិន​បាន​ផ្តល់​ថវិកា​ប្រមាណ​ជាង ​៤​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ​ ២០២២ ដល់​កម្ពុជា​តាមរយៈ​មេគង្គ​-​ឡានឆាង​នេះ​។

លោក សុខ សូកេន រដ្ឋលេខាធិការ ក្រសួង​ការបរទេស​បាន​ថ្លែងថា ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​ ១៩ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង​បាន​បន្ត​ដើរតួនាទី​ឈានមុខ និង​បាន​ពង្រឹង​នូវ​ជំនឿ​ចិត្ត​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ពហុភាគី​និយម​។ វា​បាន​បង្ហាញ​ពី «​ភាព​ជា​អ្នកជិតខាង​ល្អ និង​មិត្តភាព​ដែល​មិនអាច​កាត់ថ្លៃ​បាន ដូច​ពាក្យចាស់​ពោល​ថា ជួយ​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​»​។

លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​ការទូត​សេដ្ឋកិច្ច​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី ដែល​រៀបចំ​ដោយ​ក្រុម​ការងារ​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច​នៃ​ក្រសួង​ការបរទេស​កម្ពុជា ដោយ​មាន​ការគាំទ្រ​ពី​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង​កាលពី​ថ្ងៃទី​ ២៧ ខែ​មិថុនា​នៅ​រាជធានី​ភ្នំពេញ​។

លោក សូកេន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​មិត្ត​ចិន តាមរយៈ​ការបង្កើត​សហគមន៍​សុខភាព​សាធារណៈ​មេគង្គ​-​ឡានឆាង និង​តួនាទី​ឈានមុខ​ក្នុង​ការផ្តល់​ឱសថ ការផ្គត់ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ និង​វ៉ាក់សាំង​កូវីដ​ ១៩ រាប់លាន​ដូស​មកកាន់​បណ្តា​ប្រទេស​មេគង្គ​បាន​ទាន់​ពេលវេលា ជាពិសេស​សម្រាប់​កម្ពុជា គឺ​បានរួម​ចំណែក​ដល់ «​ភាពជោគជ័យ​» ក្នុងការ​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ និង​ការបើក​ប្រទេស​ឡើងវិញ​។

លោក សុខ សូកេន ថ្លែងថា​៖ «​សមិទ្ធផល​ទាំងនេះ គឺជា​សក្ខីភាព​ដ៏រឹងមាំ​នៃ​ប្រសិទ្ធភាព និង​ភាពជោគជ័យ​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​-​ឆាង​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​បន្ត​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ក្រោម​មូលនិធិ​ពិសេស​មេគង្គ​-​ឡានឆាង​ឱ្យ​កាន់តែ​រីកចម្រើន និង​មាន​សក្ដានុពល​បន្ថែមទៀត​»​។

លោក​បាន​កោតសរសើរ​ចំពោះ​ការចូលរួម «​យ៉ាងសកម្ម​»​ របស់​ក្រុមការងារ​ការទូត​សេដ្ឋកិច្ច​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លេខាធិការដ្ឋាន​ជាតិ​មេគង្គ​-​ឡានឆាង​រយៈពេល​កន្លងមក ហើយ​លោក​សង្ឃឹមថា «​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​នេះ​នឹង​បន្ត​ទទួល​នូវ​ផ្លែផ្កា​បន្ថែមទៀត ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជន​យើង​»​។

លោក សុខ សូកេន បន្តថា រដ្ឋាភិបាល និង​ប្រជាជន​ចិន​បាន​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង ជាពិសេស​ក្រោម​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង ដែល​បាននិង​កំពុង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជាក់ស្ដែង និង​មាន​ប្រសិទ្ធភាព​ឆ្ពោះ​ទៅរក​ការកសាង​សហគមន៍​ដែលមាន​អនាគត​រួមគ្នា ប្រកប​ដោយ​សន្តិភាព និង​វិបុលភាព​។

កាលពី​ថ្ងៃទី​ ១៣ មិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​មូលនិធិ​ពិសេស សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​-​មេគង្គ​-​ឡានឆាង​ឆ្នាំ ​២០២២ ដែលមាន​ថវិកា​ប្រមាណ​ជាង​ ៤​ លាន​ដុល្លារ​អាមេរិក ដោយមាន​គម្រោង​ថ្មី​ចំនួន​ ១៣ បន្ថែមទៀត ដើម្បី​រួមចំណែក​បន្ថែមទៀត​ក្នុង​ការដោះស្រាយ​តម្រូវការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

លោក វ៉ាង វិនធាន ថ្លែង​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃទី​ ២៧​ មិថុនា​ថា ការពិត​បានបង្ហាញ​ឱ្យ​ឃើញ​ថា ស្ថានការណ៍​នៅ​ខាងក្រៅ​តំបន់ កាន់តែ​មាន​ភាពច្របូក​ច្របល់​។ ប្រទេស​ក្នុង​តំបន់​ត្រូវតែ​យកចិត្ត​ទុកដាក់ និង​មាន​ការដឹកនាំ​យ៉ាង​ល្អ​មន្ត្រី​ចូលរួម​រួមគ្នា​ស្រឡាញ់ ថែរក្សា​តំបន់​អាស៊ី និង​ខិតខំ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​រឹងមាំ បៃតង និង​សុខុមាលភាព​។

លោក​ថា​៖ «​ក្រោម​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​ភាគី​ទាំង ​២ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ចិន និង​កម្ពុជា​ត្រូវបាន​ជំរុញ​ជា​បន្តបន្ទាប់​។ ការកសាង​សហគមន៍​វាសនា​រួម​រវាង​ចិន និង​កម្ពុជា​មាន​លក្ខណៈ​កាន់តែ​ស៊ីជម្រៅ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ស្ថិតក្នុង​ដំណាក់កាល​ដ៏ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​»​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ថ្លែងថា​មេគង្គ​-​ឡានឆាង ជា​ផ្នែក​មួយ​នៃ​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ក៏ពិតមែន ក៏ប៉ុន្ដែ​មិនមែន​ជាការ​ដែល​ជួយ​ទាំងស្រុង​ពេញលេញ​ពី​មេគង្គ​-​ឡានឆាង​នោះទេ​។ កម្ពុជា​នៅមាន​ប្រទេស​ជា​មិត្ត​ជាច្រើន​ទៀតផង​ដែរ​ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការទប់ស្កាត់​កូវីដ​ ១៩ ដូចជា​ជប៉ុន អាមេរិក អូស្ត្រាលី​ និង​អឺរ៉ុប​ជាដើម​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ខ្ញុំ​យល់ថា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅក្នុង​រឿង​កូវីដ​នេះ គឺ​បាន​ល្អ​ប្រសើរ ដោយ​គេ​មិន​ប្រកាន់​នូវ​និន្នាការ​ភូមិសាស្ត្រ​នយោបាយ​ធំដុំ ជាពិសេស​ជាមួយ​កម្ពុជា​នេះ ដែល​គេ​នៅតែ​មាន​ការជួយ​ពី​គ្រប់​ភាគី ជាពិសេស គឺ​បណ្តា​ប្រទេស​ដែលមាន​លទ្ធភាព​ផលិត​វ៉ាក់សាំង​ហ្នឹង គឺ​តែងតែ​ជួយ​ដល់​កម្ពុជា​ដែរ​»​។

ទាំងអស់​នេះ​គឺជា​មោទនភាព និង​ជា​កិច្ចសហប្រតិបត្តិការ​ដែល​កម្ពុជា​បាន​កសាង​កន្លងមក ហើយក៏​គួរតែ​បន្ត​ការកសាង​នូវ​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យបាន​ទូលំទូលាយ​ថែមទៀត មិនមែន​តែ​ជាមួយ​មេគង្គ​-​ឡាន​ឆាង​នោះទេ គឺ​ជាមួយនឹង​បណ្តា​អន្តរជាតិ​ផ្សេងទៀត​ដើម្បី​ឱ្យ​ភាពជា​ដៃគូ​កាន់​តែមាន​ភាពជឿ​ទុកចិត្ត​គ្នា​ភាពស្អិតល្មួត និង​ទទួលបាន​អត្ថប្រយោជន៍​ទៅវិញ​ទៅមក​៕