
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ រយៈពេលជាង ៥០ ថ្ងៃជាប់ៗគ្នាកន្លងមកនេះ កម្ពុជាមិនមានការរកឃើញករណីនៃការឆ្លងថ្មី និងស្លាប់ ដោយសារមេរោគកូវីដ ១៩ ឡើយ ដែលរបាយការណ៍នេះត្រូវបានបញ្ជាក់ដោយម៉ាស៊ីនធំ (PCR) ហើយមូលហេតុដែលធ្វើឱ្យព្រះរាជាណាចក្រមួយនេះអាចគ្រប់គ្រងបាននូវករណីនេះ គឺអាស្រ័យលើកត្តាសំខាន់ៗចំនួន ៥។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា កត្តាសំខាន់ជាងគេ គឺការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលលោកបានដាក់ចេញនូវប្រតិបត្តិការ ដោយមានការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដឹកនាំផ្ទាល់ដោយលោកនាយករដ្ឋមន្ត្រី គណៈប្រចាំការ គណៈកម្មការអន្តរក្រសួង ដែលមានអនុគណៈកម្មការចំនួន ១២ រួមនឹងគណៈកម្មការនៅបណ្តារាជធានី-ខេត្តទាំង ២៥ ផងដែរ។ ការអនុវត្តនូវអភិក្រមអន្តរវិស័យក៏ជាកត្តាមួយដ៏សំខាន់ផងដែរ ដែលធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការគ្រប់គ្រងការឆ្លងរាលដាលវីរុសកូវីដ ១៩ នេះ។
លោកស្រីថ្លែងថា៖ «ការធ្វើការជាក្របខ័ណ្ឌក្នុងរដ្ឋាភិបាលតែ ១ និងការចូលរួមរបស់សង្គមជាតិតែ ១ តែម្តង ក្នុងនោះក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋពីដៃគូ ហើយក៏ដូចជាពីវិស័យឯកជន ដោយរួមទាំងការកៀរគរនូវធនធានផ្សេងៗដែលមានទាំងធនធានមនុស្ស និងធនធានជាសម្ភារ បរិក្ខារ និងថវិកា ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងការរាលដាលជំងឺកូវីដ ១៩»។
ចំណុចទី ៣ ដែលជាចំណុចសំខាន់ដែរនោះ គឺការឆ្លើយតបឱ្យបានជាបន្ទាន់នូវការផ្តល់ព័ត៌មានផ្សេងៗឱ្យទាន់ពេលវេលាទាន់ហេតុការណ៍ គឺព័ត៌មានដែលមានការទាក់ទងនឹងការការពារ វិធានការនានា ក៏ដូចជាការវិវឌ្ឍនៃវីរុសកូវីដ ១៩។
លោកស្រី ឱ វណ្ណឌីន បន្តថា អ្វីដែលសំខាន់ទៀតនោះ គឺការឆ្លើយតបបានទាន់ពេលវេលានូវព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ ព័ត៌មានដែលចាត់ចែងរៀបចំឡើងដោយមិនមានការរៀបចំលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងព័ត៌មានខុសដែលវាអាចនឹងបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គមជាតិ។
លោកស្រីបន្តថា៖ «កត្តាទី ៤ គឺ សម្តេចតេជោ [ហ៊ុន សែន] បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៦ ដែលត្រូវអនុវត្ត ដោយភាពរហ័សរហួនបំផុត ហើយក្នុងយុទ្ធសាស្ត្រនេះមានយុទ្ធសាស្ត្រ ១ សំខាន់ផងដែរ គឺការស្រោចស្រពវ៉ាក់សាំងកូវីដ ១៩ ឱ្យទាន់ពេលវេលាដល់ប្រជាពលរដ្ឋ»។
រីឯកត្តាសំខាន់ចុងក្រោយ គឺការចងនូវចំណងសាមគ្គីភាពទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមិនប្រកាន់ឡើយ ព្រោះវាជាដំណាក់កាលមួយ ដែលត្រូវចេះជួយគ្នា សាមគ្គីគ្នា និងសហប្រតិបត្តិការល្អ ទាំងបុគ្គល ក្រុមគ្រួសារ និងសហគមន៍។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ «ក្រោមចំណុចសំខាន់ៗទាំង ៥ នេះបានធ្វើឱ្យប្រទេសកម្ពុជាយើងមានកិត្យានុភាពល្បីរន្ទឺនៅលើសកលលោកក្នុងការប្រយុទ្ធប្រឆាំង និងឆ្លើយតបនឹងជំងឺកូវីដ ១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
ទាក់ទងនឹងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់មេរោគកូវីដ ១៩ នៅកម្ពុជាបានល្អប្រសើរនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន ថ្លែងក្នុងសិក្ខាសាលាស្តីពីការទូតសេដ្ឋកិច្ចក្រោមគន្លងថ្មីនាថ្ងៃទី ២៧ មិថុនាថា កិច្ចទប់ស្កាត់ជំងឺកូវីដ ១៩ និងដំណើរនៃការស្តារសេដ្ឋកិច្ចនៅប្រទេសកម្ពុជាទទួលបានវឌ្ឍនភាពវិជ្ជមាន។
លោកថ្លែងថា៖ «ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាទទួលបានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ហើយអ្នកឆ្លងជំងឺកូវីដថ្មី និងអ្នកដែលកំពុងសម្រាកព្យាបាលមានចំនួនសូន្យករណី។ អត្រា អ្នកចាក់វ៉ាក់សាំងកូវីដមានចំនួន ៩៤% លទ្ធផលនៃការទប់ស្កាត់ជំងឺកូវីដត្រូវបានប្រទេសក្នុងតំបន់អាស៊ាន និងសហគមន៍អន្តរជាតិទទួលស្គាល់កម្រិតខ្ពស់»។
ទោះជាយ៉ាងណា លោកស្រី ឱ វណ្ណឌីន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ហើយគ្រប់គ្នាក៏មិនត្រូវភ្លេចខ្លួនដែរក្នុងបរិបទដែលកម្ពុជាគ្រប់គ្រង ស្ថានភាពកូវីដ ១៩ នេះបានល្អប្រសើរ។
លោកស្រីបញ្ជាក់ថា៖ «មិនមានករណីឆ្លង មិនមានករណីស្លាប់ មិនមែនមានន័យថា វីរុសកូវីដ ១៩ នេះចាកចេញពីប្រទេសកម្ពុជា ឬវីរុសនេះបានរលាយសាបសូន្យពីកម្ពុជានោះទេ គឺវត្តមានការចរាចរនៃវីរុសកូវីដ ១៩ នៅតែមាន។ ដូចនេះលទ្ធភាពនៃការចម្លងកូវីដ ១៩ គឺនៅតែមានដដែល»។
ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា លទ្ធផលចាក់វ៉ាក់សាំង ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ មាន ៩៤,២៤% បានចាក់ដូសទី ១ ខណៈអត្រាអ្នកចាក់ដូសទី ៣ មានជាង ៩,៤ លាននាក់ ដូសទី ៤ មានជាង ២,៨ លាននាក់ និងអត្រាអ្នកចាក់ដូសទី ៥ មានជាង ២៦ ម៉ឺននាក់៕