ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ានម៉ា​ទទូច​ឱ្យ​អាជ្ញាធរ​មីយ៉ាន់ម៉ា​បញ្ជូន​លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ​អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល មីយ៉ាន់ម៉ា ត្រឡប់​ទៅកាន់​លំនៅឋាន​វិញ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា លោកស្រី​ត្រូវ​បាន​ផ្ទេរ​ពី​លំនៅឋាន​ទៅកាន់​ពន្ធនាគារ​។

លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ២៧ ខែមិថុនា ថា លោក ប្រាក់ សុខុន បាន​ប្រាប់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) មីយ៉ាន់ម៉ា​នូវ​ «​ក្តីកង្វល់​យ៉ាងខ្លាំង​របស់​សហសេវិក​អាស៊ាន​» ​ចំពោះ​របាយការណ៍​ស្ដីពី​ការផ្ទេរ​លោកស្រី ស៊ូជី ពី​លំនៅឋាន​ទៅកាន់​ពន្ធនាគារ នៅក្នុង​ទីក្រុង​ណៃពិដោ​ និង​បាន​ទទូច​ឱ្យ SAC ​សម្របសម្រួល​ដល់​ការបញ្ជូន​លោកស្រី​ត្រឡប់​ទៅ​លំនៅឋាន​ដែលជា​ទីតាំង​លោកស្រី​ត្រូវបាន​ឃុំខ្លួន​ពីដំបូង​។

លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​លិខិត​ផ្ញើជូន​លោក Wunna Maung Lwin រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​ក្នុងពេល​ថ្មីៗ​នេះ​ថា លោក​មិន​មាន​មន្ទិលសង្ស័យ​ទេ​ថា ក្តីបារម្ភ​ដូចគ្នានេះ​កើតឡើង​ហួស​ពី​ក្នុង​រង្វង់​អាស៊ាន ដោយហេតុ​ថា លោកស្រី ស៊ូជី ត្រូវ​បាន​ចាត់ទុក​ក្នុង​រង្វង់​អន្តរជាតិ​ និង​ដោយ​ប្រជាជន​ជាច្រើន​នៅ​មីយ៉ាន់ម៉ា​ថា មាន​តួនាទី​ដ៏សំខាន់​ក្នុងការ​វិលត្រឡប់​ទៅរក​ប្រក្រតីភាព និង​ការផ្សះផ្សា​ជាតិ​ឡើងវិញ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា តាមរយៈ​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​មួយ​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​លើកឡើង​ពី​ការទទូច​របស់​សហសេវិក​អាស៊ាន​សូមឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មីយ៉ាន់ម៉ា ប្រកាន់​យក​ក្តី​អនុគ្រោះ និង​សម្រួល​ដល់​ការវិលត្រឡប់​របស់​លោកស្រី អ៊ុងសាន ស៊ូជី ទៅកាន់​លំនៅឋាន​ដែល​លោកស្រី​ត្រូវបាន​ឃុំខ្លួន​ពីដំបូង ដោយ​ហេតុផល​សុខភាព និង​សុខុមាលភាព​ទ្រុឌទ្រោម​របស់​លោកស្រី ក៏​ដូចជា​ការអនុវត្ត​នីតិរដ្ឋ​ប្រកប​ដោយ​យុត្តិធម៌ និង​សុភ​វិនិច្ឆ័យ​»​។ «​យើង​ទាំងអស់​គ្នា​មាន​ទស្សនៈ​ដូចគ្នា​ថា ការផ្សះផ្សា​ជាតិ ដោយ​សន្តិវិធី​មិនអាច​កើតឡើង​បានឡើយ នៅពេល​ដែល​ភាគី​មួយ​នៃ​ជម្លោះ មិនត្រូវ​បាន​​បញ្ចូល​ទៅក្នុង​សមីការ​ដំណោះស្រាយ​»​។

លោក​បញ្ជាក់​ក្នុង​លិខិត​នេះ​ថា សហសេវិក​អាស៊ាន​ទាំងអស់​ជំរុញ​យ៉ាង​ខ្លាំង​ឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​របស់​មីយ៉ាន់ម៉ា ចាប់ផ្តើម​ដំណើរការ​ប្រកប​ដោយ​បរិយាប័ន្ន​នៃ​ការផ្សះផ្សា​ជាតិ ដោយ​មិនមាន​ការពន្យារ​ពេល​បន្ថែម​ទៀត​នោះឡើយ​។ ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី ចំពោះ​ជម្លោះ​មួយ ទោះបី​ជា​មាន​ភាពស្មុគស្មាញ​យ៉ាងណា​ក៏ដោយ ត្រូវតែ​មាន​ការចែករំលែក​លម្ហ​នយោបាយ​ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

តុលាការ​មីយ៉ាន់ម៉ា​បាន​កាត់ទោស​លោកស្រី ស៊ូជី ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៤ ​ឆ្នាំ​បន្ថែមទៀត​កាលពី​ខែមករា​។ លោកស្រី​ត្រូវបាន​កាត់ទោស​ពី​បទ​កាន់កាប់​ខុសច្បាប់ និង​ការ​នាំចូល​នូវ​វិទ្យុទាក់ទង និង​បំពាន​វិធានការ​ជំងឺ​កូវីដ​ ១៩​។ លោកស្រី​ត្រូវបាន​កាត់ទោស​ជា​លើកដំបូង​កាលពី​ខែធ្នូ ឆ្នាំ​ ២០២១ ហើយ​ត្រូវបាន​បន្ថយទោស​ដាក់​ពន្ធនាគារ​ចំនួន ២ ឆ្នាំ​។

លោកស្រី ស៊ូជី ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ​ឆ្នាំមុន ហើយ​ប្រឈមមុខ​នឹង​បទ​ចោទ​ជាច្រើន តែ​លោកស្រី​បាន​ច្រានចោល​។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ២៧ មិថុនា​ថា ការទទូច​នេះ​បានបង្ហាញ​ពី​កង្វល់​យ៉ាងខ្លាំង​របស់​សហគមន៍​អាស៊ាន​ក៏ដូចជា​កង្វល់​របស់​ពិភពលោក​ពីព្រោះ​ករណី​លោកស្រី​​ស៊ូជី មិនមែន​ជា​ករណី​តែ​អាស៊ាន​ទេវា​ជា​ករណី​អន្តរជាតិ​។ លោកស្រី​​ ស៊ូជី ត្រូវបាន​បោះឆ្នោត​ជាប់​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០ ហើយ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ ដែល​អន្តរជាតិ​បាន​មើលឃើញ​ថា ការចាប់ខ្លួន​នេះ​គឺជា​រដ្ឋប្រហារ​យោធា​របស់​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក​ មីន អ៊ុងឡាំង​។ ការឃុំខ្លួន​លោកស្រី ស៊ូជី នៅក្នុង​ពន្ធ​ធនាគារ ដែល​មិនមែន​ជា​ការឃុំខ្លួន​លើកដំបូង វា​ជា​ក្ដីកង្វល់​របស់​អន្តរជាតិ​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។

លោក យង់ ពៅ បាន​ថ្លែងថា​៖ «​អ៊ីចឹង ការទទូច​ឱ្យ​យកមក​ឃុំខ្លួន​នៅផ្ទះ តាម​ដែល​ករណី​ឃុំ​លើកដំបូង​នោះ​គឺជា​ការ​សមស្រប​នៃ​កង្វល់​របស់​អាស៊ាន​ទាំងអស់​ពីព្រោះថា នៅក្នុង​កុងសង់ស៊ីស​ ៥ ​ចំណុច អាស៊ាន​គឺ​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ភូមា​។ អ៊ីចឹង ដើម្បី​សម្រួល​ស្ថានការណ៍ លោក​ មីន អ៊ុងឡាំង ឬ​ក្រុមប្រឹក្សារដ្ឋ​របស់​លោក មីន អ៊ុងឡាំង គួរតែ​សម្រួល​ស្ថានការណ៍ អាច​យក​លោកស្រី​ អ៊ុងសាន ស៊ូជី មក​ឃុំខ្លួន​នៅផ្ទះ​»​។

លោក​បន្ថែមថា កុងសង់ស៊ីស​ ៥ ​ចំណុច​របស់​អាស៊ាន​ជាមួយ​នឹង SAC ដែល​បាន​ព្រមព្រៀងគ្នា​គឺ​មិនទាន់មាន​ការអនុវត្ត​ទេ​។ កម្ពុជា​បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ទៅលើ​ការធ្វើ​កិច្ចការ​នេះ​ខ្លាំងណាស់ ដើម្បី​ជំរុញ​ការសម្របសម្រួល​ឱ្យមាន​ការអនុវត្ត​កុងសង់ស៊ីស​នេះ​ទៅលើ​បញ្ហា​ភូមា​។ លោក​បន្តថា​៖ «​ក៏ប៉ុន្តែ​ការសង្កេត​របស់​ខ្ញុំ​ឃើញថា ក្រុមប្រឹក្សា​រដ្ឋ​របស់​លោក​ មីន អ៊ុងឡាំង ហាក់ដូច​ជា​មិន​បន្ទន់ឥរិយាបថ​ទទួល​យក​នូវ​ការអនុវត្ត​កុងសង់ស៊ីស​ដែល​បាន​ព្រមព្រៀង​នេះ​ទេ ហាក់​ដូចជា​ផ្គើន​បន្ថែមទៀត​។ អ៊ីចឹង​ធ្វើឱ្យ​បញ្ហា​ភូមា​នេះ វា​នៅតែ​ជា​បញ្ហា​ដុតរោល​បន្ថែម​»៕

វីដេអូ៖