ភ្នំពេញៈ គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​ដៃ​គូពាក់​ព័ន្ធ​ជាតិ-អន្តរ​ជាតិ​ កំពុង​រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​នូវ​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​រយៈ​ពេល​១០​ឆ្នាំ​បន្ដ​ទៀត​ ចាប់ពីឆ្នាំ ២​០២១-២០៣០ ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ និង​របួស​ ដោយ​គ្រោះថ្នាក់​ចរាច​រណ៍​ឱ្យបាន​ ៥០ ភាគ​រយ​។

ដើម្បី​ធ្វើ​សេចក្តី​ព្រាង​នូវ​ផែនការ​នេះ ស្ថាប័ន​ពាក់​ព័ន្ធរួម​មាន លេខា​ធិការ​ដ្ឋាន​នៃគណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក នៃ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធា​រណ​ការ និង​ដឹក​ជញ្ជូន សហ​ការ​រៀបចំ​ សិក្ខា​សាលា​មាន​រយៈ​ពេល ​២ ​ថ្ងៃ កាល​ពីថ្ងៃទី​ ២២-២៣ ខែមិថុនា ឆ្នាំ ២០​២២ ក្នុង​គោល​បំណង​បង្ហាញ​ពីលទ្ធផល​ការងារ​សម្រេច​បាន បញ្ហា​ប្រឈម និង​បទ​ពិសោធ នៃ​ផែន​ការ ទសវត្សរ៍​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​លើក​ទី ១ ឆ្នាំ​ ២០១១-២០២០។

រដ្ឋលេខា​ធិការ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន និង​ជាអគ្គលេខា​ធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក​ស្រី មឹន មាណវី មាន​ប្រសាសន៍​ថា សិក្ខាសា​លានេះ​ ក៏ជា​វេទិកា ដើម្បី​ប្រមូល​ធាតុ​ចូល​ពីស្ថាប័ន​ជាតិ អន្តរ​ជាតិ​ និងដៃ​គូពា​ក់​ព័ន្ធ លើ​សេចក្តី​ព្រាង​ផែន​ការ​ទសវត្សរ៍ជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ១០ ​ឆ្នាំ​បន្ត​ទៀត​ចាប់​ពី ឆ្នាំ ​២០២១-២០៣០ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​គោល​ដៅកាត់​បន្ថយ​អ្នក​ស្លាប់ និង​អ្នក​របួស ដោយ​គ្រោះ​ថ្នាក់ចរា​ចរណ៍​ផ្លូវ​គោកឱ្យបាន ៥០% នៅ​ត្រឹម​ឆ្នាំ​ ២០៣០។

លោក​ស្រី បាន​ឱ្យ​ដឹង​ថា ​ក្នុង​រយៈពេល​១០ឆ្នាំ ២០១១-២០២០ បានបង្ហាញ​ឱ្យ​ឃើញ​ថា គ្រោះថ្នាក់​ចរាច​រណ៍​បាន​កើត​ឡើង​យ៉ាង​​ច្រើន​គួរ​ឱ្យកត់​សម្គាល់​ពី ១ ​ឆ្នាំ​ទៅ ១​ ឆ្នាំ​ស្រប​ពេល​ ដែល​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញ​លេញ ជាមួយនឹ​ងស្ថាន​ភាព​នយោ​បាយ​មាន​ស្ថិរភាព​។​

កក្តា​នេះ​ហើយ ដែល​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នូវវិ​ធាន​ការ​នានា ក៏ដូច​ជា​សេចក្តី​ព្រាង​នូវ​ផែន​ការ​ទសវត្សរ៍​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​រយៈ​ពេល​១០​ឆ្នាំ​បន្ដ​ទៀត ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​ចរាចរណ៍។

លោក​ស្រី​បញ្ជាក់​ថា៖‍ «ដោយ​សារ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មាន​ស​ភាព​​ធ្ងន់ធ្ងរ​នោះ​ ទើប​អង្គការ​សហ​ប្រជា​ជាតិ បាន​ផ្តល់​អនុសា​សន៍​ឱ្យ​គ្រប់​ប្រទេស​ជា​សមាជិក​ដាក់ ចេញ​នូវ​ផែន​ការ ទសវត្សរ៍​សុវត្ថិភា​ព ចរាចរណ៍​លើក​ទី​ ១ រយៈពេល​ ១០​ ឆ្នាំ ពីឆ្នាំ​ ២០១១-២០២០ ដោយ​តម្រូវ​ឱ្យ​ខិត​ខំ​កាត់​បន្ថយ​យ៉ាង​ណាឱ្យ​បាន​ ៥០ ​ភាគ​រយ​ ប៉ុន្តែ​កម្ពុជា​កាត់​បន្ថយ​បាន​តែ ៣១ ភាគ​រយ​ តែ​ប៉ុណ្ណោះ»​។

លោក​ស្រី​លើក​ឡើង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​មាន​សភាពធ្ងន់​ធ្ងរ​ បណ្ដាល​ឱ្យបាត់​បង់​ជីវិត​មនុស្ស របួស​ពិការ​យ៉ាង​អាណោច​អាធម​ រួម​ជាមួយ​នឹង​ការខូច​ខាត​ទ្រព្យ​សម្បត្តិរដ្ឋ និង​ឯក​ជន យ៉ាង​ច្រើន បន្សល់​ទុក​នូវ​កូន​កំព្រា ស្ត្រីមេ​ម៉ាយ ពិការ​ភាព សោក​នាដ​កម្ម និងផ​លវិបាក ជាច្រើន​លើសង្គម​កម្ពុជា​។ ​ជា​មួយ​គ្នា​នេះ លោក​ស្រី មឹន ម៉ាណវី ស្នើ​ឱ្យ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ និង​ តំណាង​ស្ថាប័ន​ជាតិ អន្ដរ​ជាតិ ក្រុម​ហ៊ុន អង្គការ​ជាតិ អន្ដរ​ជាតិ សូម​ផ្ដល់​នូវ​ធាតុ​ចូល​សំខាន់ៗ ដែល​អាច​ជួយ​ជំរុញ ឱ្យ​ការ​កសាង​ផែន​ការ​ទសវត្សរ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នេះ ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​អនុវត្ត។

នាយក​អង្គការ​មូ​ល​និធិបង្ការ​របួ​ស​អាស៊ី​ប្រចាំ​នៅកម្ពុជា​លោក​ គឹម​ បញ្ញា ដែល​ធ្វើកិច្ច​ការ​ពាក់​ព័ន្ធ​សុវត្ថិភាព​ចរាច​រណ៍ បា​ន​គាំទ្រ​ចំពោះការ​រៀប​ចំនូវ​ផែន​ការ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់​ទង​គ្រោះ​ថ្នាក់​ចរាច​រណ៍ និង​ការ​កក​ស្ទះ​ចរាចរណ៍​ប្រចាំថ្ងៃ ដែល​ទាម​ទារ​ឱ្យ​មាន​ផែន​ការ​ច្បាស់​លាស់​។

ផែន​ការ​សកម្មភាព​១០​ឆ្នាំ​កន្លង​ទៅ​ ២០១១-២០២០ គឺជា​ផែន​ការ​ល្អ​មួ​យ​ ប៉ុន្តែ​បញ្ហា​ចម្បង​​គឺ​កង្វះ​ថវិកា។

លោក​ថា៖‍ « យើង​មាន​ផែន​ការ និង​សកម្ម​ភាព​ល្អៗ ប៉ុន្តែ​ធនធាន​ថវិកា គឺមិន​គ្រប់​តាម​តម្រូ​វ​ការ​របស់​យើង​ដូច​ជា ១ ឆ្នាំ យើង​ត្រូវ​ការ​ ១០​ លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​ជាក់​ស្តែង​យើង​ ឃើញ​ថា ការ​ចំណាយ​លើ​បញ្ហា​ចរាចរណ៍ ដែល​យើង​ត្រូវ​ជំរុញ​អនុវត្ត​ អត់​បាន​អនុវត្ត​ទៅតាម​ផែន​ការ ចឹង​បាន​គោល​ដៅ​កំណត់​កាត់ប​ន្ថយ​ឱ្យបាន​ ៥០ ​ភាគ​រយ ប៉ុន្តែ​យើង​ធ្វើអត់បា​ន»​។

ជាមួយ​គ្នានេះ​ដែរ លោក​ លើក​ទឹក​ចិត្ត​ដល់​រាជរ​ដ្ឋាភិ​បាល​ គួរ​វិនិយោ​គ​លើ​ការងារ​សុវត្ថិភាព​ចរាច​រណ៍​​ឱ្យបាន​ច្រើន​ជាង​មុន ហើយ​ក្នុង​ករណី​ជួយ​បញ្ហា​ខ្វះ​ថវិកា ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​សហការ​ជាមួយ​វិស័យ​ឯក​ជន រៀបចំ​ព្រឹត្តិ​ការណ៍​នានា​ដើម្បី​កៀរ​គរ​ស្វែង​រក​ការ​គាំទ្រ​​រក​កញ្ចប់​ថវិកា​ទៅប្រើប្រាស់​លើ​សកម្ម​ភាព​ទាំង​នោះ​។

យ៉ាង​នេះ​ក្តីលោក​យល់​ថា ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ គឺជា​គន្លឹះ​សំខាន់​បំផុត ដែល​សូម​ឱ្យទស្សវត្សរ៍​១០​ឆ្នាំ​ទៅ​មុខ បន្ត​ដាក់​ការ​អនុវត្ត​ច្បាប់​ជា​អាទិភាព​ដូច​ដែល​បាន​កំណត់​នាពេល​កន្លង​ទៅ។

យោង​តាម​ទិន្នន័យ​គ្រោះ​ថ្នាក់​ចរាច​រណ៍ផ្លូវ​គោក​ របស់​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិក្នុង​ឆ្នាំ​ ២០២១ បាន​ឱ្យដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន​ ២ ៦៧០ លើក បណ្តាល​ឱ្យស្លាប់​ចំនួន​ ១ ៤៩៧​ នាក់ និង​របួស​ចំនួន ៣ ៦១៥ នាក់ ក្នុង​នោះ​របួស​ធ្ងន់ ២ ២៤៦​ នាក់៕