The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រី​ជា​កសិករ​ប្រមាណ ​៤៤០​ នាក់​​ទទួល​បាន​ការបណ្ដុះ​បណ្ដាល​​បច្ចេកទេសក​សិកម្ម​ទំនើប​ពី​កម្មវិធី ​CAVAC

ស្ត្រី​ជា​កសិករ​ប្រមាណ ​៤៤០​ នាក់​​ទទួល​បាន​ការបណ្ដុះ​បណ្ដាល​​បច្ចេកទេសក​សិកម្ម​ទំនើប​ពី​កម្មវិធី ​CAVAC

Content image - Phnom Penh Post
ការផ្ដល់ការគាំទ្រស្ដ្រីលើវិស័យកសិកម្មទំនើបក្នុងខេត្តសៀមរាបកាលពីខែឧសភា ឆ្នាំនេះ ៕ រូបថត Australian Embassy

ស្ត្រី​ជា​កសិករ​ប្រមាណ ​៤៤០​ នាក់​​ទទួល​បាន​ការបណ្ដុះ​បណ្ដាល​​បច្ចេកទេសក​សិកម្ម​ទំនើប​ពី​កម្មវិធី ​CAVAC

ភ្នំពេញៈ​ជាមួយ​បេសក​កម្ម​លើក​កម្ពស់​ស្ត្រី​កសិករ​ដោយ​ផ្ដល់​ប្រព័ន្ធ​ធារា​សាស្ត្រ​មាន​និរន្តរ​ភាព​និង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ពន្លឿន​ការ​បង្ក​បង្កើន​ផលិត​ផល ​កម្មវិធី​ខ្សែ​ចង្វាក់​តម្លៃ​កសិក​ម្ម​កម្ពុជា-អូស្ត្រាលី
(CAVAC កាវ៉ាក់​) សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ដៃគូ​អង្គរ​ហ្គ្រីន និង​មន្ទីរ​កសិ​កម្មរុក្ខា​ប្រមាញ់​និង​នេ​សាទ​ខេត្ត​បាន​បណ្ដុះ​បណ្ដាល​បច្ចេក​វិទ្យា​ និង​បច្ចេក​ទេស​កសិកម្ម​ដល់​ស្ត្រីជា​កសិករ​ប្រមាណ​ ៤៤០ ​នាក់​នៅ​ចំនួន​ ១៦ ខេត្ត​ ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ខែ​មេសា​ដល់​ខែ​ឧសភា ​ឆ្នាំ​នេះ​។

កម្ម​វិធីកា​វ៉ាក់ ​ដោយ​មាន​ការ​គាំទ្រ​ពីរដ្ឋាភិ​បាល​អូស្ត្រា​លី​បាន​ឱ្យដឹង​ថា​ក្នុង​ចំណោម​កសិករ​នៅ​កម្ពុជា​ដែល​ទទួល​បាន​ឱកាស​សិក្សា​ពី​កសិកម្ម​គឺ​មានស្ត្រី​តែ​ប្រមាណ​ ១០ ​ភាគ​រយ​ប៉ុណ្ណោះ​ ដោយ​សារ​បញ្ហា​ប្រឈម​ពី​មធ្យោ​បាយ​ធ្វើ​ដំណើរ​ ផ្នត់​គំនិត​សង្គម​ អាក​ប្បកិ​រិយា ភាព​ដាច់​ស្រ​យាល និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​គ្រួសារ​ ។

លោក ​Moham​mad Shahroz Jalil​ ប្រធាន​ក្រុម​នៃ​កម្មវិធី​កាវ៉ាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «ចំពោះ​ស្ត្រី​ជា​កសិក​រលទ្ធ​ភាព​ទទួល​បាន​បច្ចេក​ទេស​ទំនើប​ និង​ចំណេះ​ដឹងគឺជា​ឧបសគ្គ​ចម្បង ​ដែល​រារាំង​កំណើន​ទិន្នផ​ល​ក៏ដូច​ជា​ចំណូល​​របស់​ពួក​គាត់​ផង​ដែរ»។

ចាប់​តាំងពី​ដំណើរ​ការ​ក្នុង​ឆ្នាំ​ ២០១០​ ក្រោម​ជំនួយ​ថវិកា​​សរុប​ ១៣០​ លាន​ដុល្លារ​អូស្ត្រាលី ​កម្មវិធីកាវ៉ាក់​បាន​​ធ្វើ​ការ​ជាមួយ​វិស័យ​រដ្ឋ និង​ឯក​ជន​ជា​ច្រើន​ឆ្ពោះទៅ​រក​មហិច្ឆតា​ជំរុញ​ការវិនិ​យោគ​ និង​នវានុវត្តន៍ ​ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង ​និង​ភាព​​រឹងមាំ​នៃ​ទីផ្សារកសិ​កម្ម​។

ក្នុង​ភាព​ជា​ដៃគូ​ លោក ​Moha​mmad បាន​ឱ្យ​ដឹង​ទៀត​ថា៖ ​«អង្គរហ្គ្រីន​គឺ​ជា​ក្រុម​ហ៊ុន​ក្នុងស្រុក ​​ដែល​មើលឃើញ​សក្ដានុពល​សំខាន់​នៃ​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា និង​ធ្វើការ​អប់រំ​កសិករ​នៅ​តាម​តំបន់​នានា​ពី​ការ​អនុវត្ត និង​គ្រប់​គ្រង​ដំណាំ»​។

លោក ប៊ូ សុផល ប្រធាន​គម្រោង​ផ្នែក​អភិវឌ្ឍន៍​និង​សហ​ប្រតិ​បត្តិការ​​អង្គ​រហ្គ្រីនបាន​ថ្លែងថា​ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​គម្រោង​កាវ៉ាក់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨​ បា ២​គ ម្រោងរួច​ហើយ។ ​គម្រោង​លើក​កម្ពស់​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម​គឺ​ជា​ គម្រោង​ទី​ ៣ ដែល​​ធ្វើឡើង​ចាប់​ពី​ខែ​មេសា ដល់​ឧសភា​។

អ្នក​ជំនាញ​កសិកម្ម​រូបនេះ​បាន​ឱ្យដឹង​ថា៖ ​«ស្ត្រីភាគ​ច្រើន​ទាក់​ទង​ការ​គ្រប់​គ្រង​ចម្ការគឺ​ពឹង​ផ្អែក​លើ​បុរស​ជា​ខ្លាំង ​ដោយ​សារ​ពីសម័យ​ដើម​យើង​ប្រើ​ប្រាស់​នូវ​កម្លាំង​ពលកម្ម​ខ្លាំង។​ អ៊ីចឹង​ឱ្យ​ការ​គ្រប់​គ្រង​ចម្ការ​បុរស​​ដើរ​តួសំខាន់​។ ការពិត​មិន​មែន​ទេ មិនអ៊ីចឹង​ទេ»។

​ការ​ផ្ដល់​​ចំណេះ​ដឹង​ដល់ស្ត្រី​ក្នុង​ការ​គ្រប់​គ្រង​ចម្ការ​ដោយ​ការ​ប្រើប្រាស់​ប្រាជ្ញា​បច្ចេក​ទេស​ក្នុងការ​គ្រប់គ្រង​ និង​ប្រើឧ​បករណ៍ទំនើប​ផ្សេងៗ​ពី​ក្រុមហ៊ុន​អង្គរ​ហ្គ្រីន​អាច​កាត់​បន្ថយ​ឧបសគ្គ​រារាំង​និង​ទាញ​ស្ត្រី​កាន់តែ​ច្រើន​ឱ្យ​ចូលរួម​ក្នុង​វិស័យក​សិកម្ម។

លោក ​សុផល ​បាន​បន្ត​ថា៖​ «​ស្ត្រី​ដើ​រតួយ៉ាង​សំខាន់​ក្នុង​ការគ្រប់​គ្រង​​ចម្ការ ការ​ទទួល​យក​ចំណេះ​ដឹង​ថ្មីៗ​ពីវិធីសាស្ត្រ ​និងវិធី​ការ​ប្រើប្រាស់​បច្ចេក​ទេស​កសិកម្ម​ដ៏ទំនើប​ដូច​សម័យ​នេះ​យើង​មាន​តាំង​ពី​ឌីជីថល​ APP​ ឧបករណ៍​មួយ​ចំនួន​ ដែល​យើង​ប្រើ​ដោយ​តេឡេ»។

ដំណាំ​សក្ដា​នុពល​ស្វាយ​ចន្ទី​និង​ទុរេន​ លើក​កម្ពស់​ស្ដ្រី​កសិករ​ក្នុង​គម្រោង​លើក​កម្ពស់​ស្ត្រី​នៅ​ក្នុង​វិស័យ​កសិកម្ម​នេះ​ក្រុមហ៊ុន​បាន​ផ្ដល់​ចំណេះ​ដឹង​​ដល់​កសិករ​ស្ត្រី​ដោយ​ផ្ដោត​លើ​​ដំណាំ​ស្វាយ​ចន្ទី និង​ដំណាំ​ទុរេន ដែល​ជា​ដំណាំ​មាន​សក្ដា​នុពល​នៅ​ក្នុង​ទីផ្សារ ហើយ​ក៏​មាន​តម្លៃ​ខ្ពស់​។

ប្រធាន​គម្រោង​ផ្នែក​អភិវឌ្ឍន៍​និង​សហ​ប្រតិបត្តិ​ការ​​អង្គរហ្គ្រីន​បាន​ថ្លែង​ទៀត​ថា៖ «អ៊ីចឹង​ស្ត្រី​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ចម្ការ​ស្វាយ​ចន្ទី​ និង​ទុរេន​​របស់​គាត់ជា​មួយ​ឧបក​រណ៍​ទំនើប ​ម៉ាស៊ីន​បាញ់​ថ្នាំ ម៉ាស៊ីន​ពូន​គល់ ការ​គ្រប់​គ្រង​សារ​ធាតុ​ចិញ្ចឹម​ និង​សត្វ​ល្អិត និង​ប្រព័ន្ធ​ស្រោច​ស្រព​​បែប​ទំនើប​ដោយ​អង្គរ​ហ្គ្រីន​បាន​បង្រៀន​ពួក​គាត់​ ជាពិសេស​ការគ្រប់​គ្រង​លើ​ចំណាយ-​ចំណូល​»។

ប្រធាន​ក្រុមនៃ​កម្មវិធី​កាវ៉ាក់ លោក Mohammad បាន​ឱ្យដឹង​ថា ដោយ​សារ​សមា​សភាព​ពល​កម្ម​ស្ត្រី​មាន​ច្រើន​ក្នុង​ខ្សែ​ចង្វាក់​ច​ម្ការ​ស្វាយ​ចន្ទី​និង​ទុរេន ទើប​កម្មវិធី​ផ្ដោត​លើ​ដំណាំ​ទាំង ២ ​នេះ ​ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​ និងលើក​កម្ពស់​សេដ្ឋកិច្ច​ស្ត្រីឱ្យ​មាន​និរន្តរភាព​។

លោក​បាន​​លើក​ឧទាហរណ៍ថា​៖ «ជោគជ័​យ​នៃ​ដំណាំ​ទាំង​ ២ នេះ​រួមចំណែក​ក្នុងការ​បង្កើត​ចំណូល​ដល់​ស្ត្រី​នៅសហ​គមន៍។​ស្ត្រី​កសិករ​រួម​ចំណែក​ ៥០ ​ភាគរយ​ក្នុង​ការ​តាក់​តែង​មែក និង​ ៧០ ​ភាគ​រយ​ក្នុង​ការ​ប្រមូល​ផល​ស្វាយ​ចន្ទី»​។
កន្លង​មក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ត្រី​ពី​ដំណាំ​ស្វាយ​ចន្ទី​ត្រូវបាន​ធ្វើ​ចំនួន ​៣០​ លើក​និង​ការផលិត​ទុរេន​ចំនួន ​២៤ ​លើកត្រូវបាន​រៀបចំ​នៅ​ចំនួន​ ១៦​ ខេត្ត កំពង់​ឆ្នាំង ពោធិ៍​សាត់ បាត់​ដំបង កំពង់ធំ សៀម​រាប ឧត្តរ​មាន​ជ័យ ព្រះវិ​ហារ ស្ទឹង​ត្រែង រតនគិរី មណ្ឌល​គិរី ត្បូង​ឃ្មុំ កំពង់​ចាម កែប កំពត កំពង់​ស្ពឺ និង​កោះ​កុង​។

ស្ត្រី​ក្នុង​វិស័យ​កសិកម្ម​ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុកម្មវិធី​កាវ៉ាក់​បាន​ទទួល​ជោគ​ជ័យ​ក្នុងការ​ណែនាំ​ម៉ាស៊ីន​​ពង្រាប​កម្ពស់​ដី​ដោយ​ប្រើកាំ​រស្មីឡា​ស៊ែរ និង​ដ្រូន​កសិកម្ម​ ដើម្បី​ពន្លឿន​ផលិត​ភាព​កសិកម្ម​ក្នុង​បរិបទ​ការ​ប្រែប្រួល​អាកា​សធាតុ​ និង​កង្វះ​កម្លាំង​ធនធាន​មនុស្ស​ដែល​ទាម​ទារ​ជំនួយ​ពី​ម៉ាស៊ីន​ផង​ដែរ។

អ្នក​ស្រី ទូ កុសល ​ជា​សហគ្រិន​ដំបូង​ដែល​ត្រួស​ត្រាយ​ផ្លូវក្នុងវិស័យ​កសិកម្ម​ទំនើប​ក្នុង​ខេត្ត​បាត់​ដំប​ង ដោយ​នាំ​យក​ដ្រូន​មក​ប្រើ​ដាក់​បាញ់​ថ្នាំ​ដំណាំ។ ដោយ​មើល​ឃើញ​ពីប្រសិទ្ធ​ភាព​របស់វា​ អ្នកស្រី​បាន​បន្ថែម​ចំនួន​ដ្រូន និង​ឧបករណ៍​វាស់​កម្រិត​ដី​ប្រើ​ឡាស៊ែរ ដែល​អាច​បង្កើន​ទិន្នផល​ធ្វើ​ឱ្យ​ដំណាំ​ស៊ូ​នឹង​ភាព​រាំង​ស្ងួត ហើយ​សន្សំ​សំចៃ​ទឹក​ជា​មធ្យម ​១៣០០ ​ម៉ែត្រ​គុប​ក្នុង​ ១​ ហិកតា។

អ្នក​ស្រី​កុសល​បាន​ថ្លែង​ថា៖ «ខ្ញុំ​​ពិត​​ជា​​រីករាយ​ណាស់​ដែល​​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ ដែល​នាំ​យក​បច្ចេកវិទ្យាដ្រូ​នមក​កាន់សហ​គមន៍​របស់​ខ្ញុំ»។

យោង​តាម​ប្រធាន​ក្រុមនៃ​កម្មវិធី​កាវ៉ាក់​បាន​ឱ្យដឹង​ថា ឧបករណ៍ទាំ​ង ២ ​ប្រភេទ​នេះ​ ត្រូវបាន​លក់និង​ផ្ដល់​សេវា​កម្ម​ដល់​កសិក​ររួ​មទាំង​មេគ្រួ​សារ​ជា​ស្ត្រី​។

លោក Mohammad បាន​ឱ្យដឹង​ដែរ​ថា៖ «សព្វ​ថ្ងៃ​ មានក្រុ​មហ៊ុន​៣ ដែល​ធ្វើ​អាជីវ​កម្ម​លើ​ឧបករណ៍​ពង្រាប​ដី​ ដោយ​ប្រព័ន្ធ​ឡាស៊ែរ និង​ក្រុម​ហ៊ុន​៧​ ធ្វើ​អាជី​វកម្ម​ពាក់​ព័ន្ធ​នឹង​ដ្រូន​កសិកម្ម»​។

កម្មវិធី​កាវ៉ាក់​បាន​គាំទ្រ​ស្ត្រី​៨​រូបដែល​ផ្ដល់​សេវាកម្ម​ម៉ាស៊ីន​ពង្រាប​កម្ពស់​ដី​ដោយ​ប្រើកាំរ​ស្មីឡា​ស៊ែរ​ និង​ដ្រូន​កសិកម្ម​នៅ ​៥ ​ខេត្ត​។

លោក​បាន​ថ្លែង​ថា៖ «អ្នក​ស្រី ទូ កុសល ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ។ យើង​រំពឹង​ថា​អាជីវកម្ម​ផ្ដល់​សេវា​កម្ម​​ម៉ាស៊ីន​ឧបករណ៍​ជំនួយ​កសិ​កម្ម​ ដែល​ដឹក​នាំ​ដោយ​ស្ត្រី​នឹង​បន្ត​ជំរុញ​ស្ត្រី​ផ្សេង​ទៀត​ឱ្យ​ដើរ​តាម​គំរូ​នេះ»​។

ឆ្លង​កាត់​បទពិ​សោធ​ការងារ​ជាមួយ​កសិករ​ជាច្រើន​ ប្រធាន​គម្រោង​ផ្នែក​អភិវឌ្ឍន៍​និង​សហប្រតិ​បត្តិការ​​អង្គរហ្គ្រីន លោក សុផល ក៏​សម្គាល់​ឃើញ​ថា ​ កសិករ​ទាំង​ស្ត្រី និង​បុរស ទន្ទឹង​រង់ចាំ​ទទួល​នូវ​បច្ចុប្បន្ន​ភាព​ចំណេះ​ដឹង​ថ្មីៗ​។

លោក​បាន​លើក​ឡើង​ថា៖ «យើង​ដឹង​ស្រាប់​ហើយ​ការ​ប្រែប្រួល​នៃ​អាកាស​ធាតុ​ទាម​ទារ​ឱ្យ​កសិករ​ហ្នឹង​មាន​ចំណេះដឹង​​យ៉ាង​ឆាប់រហ័ស​ ហើយ​ឧបករណ៍​មួយ​ចំនួន​ក៏​ត្រូវបាន​ផលិត​ទៅ​តាម​ការ​សមស្រប​​ទាំង​ពូជ​ និងការ​គ្រប់គ្រង​ចម្ការ​ក៏​ត្រូវ​ធ្វើ​ឱ្យ​បាន​សម​ស្រប»​។

យ៉ាង​ណា​មិញ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បច្ចុប្បន្ន​ត្រូវបាន​លោក Mohammad ​លើក​ឡើង​ថាគឺការ​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ​ ចំណេះ​ដឹង​ថ្មី​ពីការ​អនុវត្ត​​តាម​រយៈការ​អប់រំ​កសិករ ​គុណ​ភាព​ស្ដង់​ដា និង​បញ្ហា​ក្រោយ​ប្រមូលផ​ល​។

លោក​បាន​បញ្ជាក់​ថា​៖ «ឧប​សគ្គ​នេះ​ត្រូវ​បាន​កត់ស​ម្គាល់ដោយ​​កម្មវិធី​កាវ៉ាក់ តែ​យ៉ាង​ណាក្ដី​ ការ​ផ្លាស់ប្ដូរ​ទំនង​ជា​សន្សឹមៗ។​ លើស​ពីនេះ​ទៅ​ទៀត បញ្ហា​ប្រឈម​ក្នុងកា​រអនុវត្ត​កម្មវិធី​នេះ​ក៏​ទាក់ទង​នឹង​កត្តា​ខាង​ក្រៅ​ដូច​ជា​វិបត្តិកូវីដ​សកល​ និង​សង្គ្រាម​អ៊ុយ​ក្រែន ដែល​រំខាន​ដល់​ខ្សែ​ចង្វាក់​ផលិ​តផលក​សិកម្ម​ផង​ដែរ (តម្លៃ​ជីឡើងខ្ព​ស់ ប្រេងនិង​ការ​ការពារ​ដំណាំ) និង​តម្រូវកា​រ (ដូច​ជា​តម្លៃ​ការ​ដឹក​ជញ្ជូន តាម​នាវា​ជាដើម​)»៕

អត្ថបទគួរចាប់អារម្មណ៍