ភ្នំពេញៈ ​ក្រសួង​ការ​បរទេស​កម្ពុ​ជា បានអះ​អាង​ថា ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការរ​វាង​កម្ពុជា និង​អាល្លឺ​ម៉ង់​ទទួល​បាន​លទ្ធ​ផល​ផ្លែ​ផ្កា ហើយ​ប្រទេស​ទាំង​២​មាន​ក្ដី​សង្ឃឹម​ថា ទំនាក់​ទំនង «ដ៏​ល្អ» នេះ​នឹង​ត្រូវ​បាន​ថែរក្សា និង​ពង្រឹង​ថែម​ទៀត​។

លោក ជុំ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ​និងសហ​ប្រតិប​ត្តិការអ​ន្ដរជាតិ​បាន​ឱ្យដឹង​ថា លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការ​បរទេសនិង​លោក​ Chri​stian Berger ឯក​អគ្គរដ្ឋ​ទូត​អាល្លឺ​ម៉ង់​ប្រចាំ​កម្ពុជា ​ដែល​ចប់​អាណត្តិ​ បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ «ប្រកប​ដោយ​ផ្លែផ្កា» រវាង​ប្រទេស​ទាំង២​។

ក្នុង​ជំនួប​កាល​ពី​ថ្ងៃទី ២៧ ខែមិថុនា ​ភាគី​ទាំង​ ២ បាន​ចាត់ទុក​ការ​ចុះហត្ថ​លេខា​លើ​សេចក្តីថ្លែង​ការណ៍​រួម​ស្តីពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោប​ល់​ទ្វេភាគី​រវាង​ក្រសួង​ការ​បរទេស​ទាំង ​២ និ​ង​ការរៀ​បចំ​កិច្ចពិ​ភាក្សា​ពិគ្រោះ​យោ​បល់​

ទ្វេ​ភាគី​លើក​ទី​ ១ នៅ​រា​ជធានី​ភ្នំពេញកាល​ពីដើ​ម​ឆ្នាំ​នេះ គឺជា​សញ្ញា​ជំរុញ​ទឹក​ចិត្ត​ក្នុង​ទិស​ដៅ​នេះ​។

លោក ជុំ សុន្ទរី​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ​២៧​ ខែមិថុនា ថា៖ «ឯកឧត្តម​ឧបនា​យក​រដ្ឋ​មន្ត្រី និង​ឯក​ឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ទំនាក់​ទំនង​ដ៏​ល្អ​នេះ​នឹងត្រូវ​បាន​រក្សា​និង​ពង្រឹង​បន្ថែម​ទៀត»​។

ដោយ​ទទួល​ស្គាល់​នូវ​បេសក​កម្ម​ដ៏​ចំណាន និង​ប្រកប​ដោយ​កិត្តិ​យស​របស់លោក​ Christ​ian Berger ជា​ឯក​អគ្គ​រដ្ឋ​ទូត​វិសា​មញ្ញ និង​ពេញ​សមត្ថ​ភាព​របស់​អាល្លឺ​ម៉ង់​ប្រចាំ​កម្ពុជា និង​ក្នុង​នាម​រាជរដ្ឋាភិ​បាល​កម្ពុជា លោក ប្រាក់​ សុខុន បាន​បំពាក់​មេ​ដាយ​សហ​មេត្រី ថ្នាក់​មហា​សេរី​វឌ្ឍន៍ ដល់​លោក ​Christ​ian Berger ដែលជា​គ្រឿង​ឥស្ស​រិយ​យស​ខ្ពស់​បំផុត​សម្រាប់​ឥស្ស​រជន​បរទេស​នៅ​ក្នុង​ជំនួប​នេះ​។

លោក ជុំ សុន្ទរី បាន​ថ្លែង​ថា លោក​ Chri​stian Berger បាន​សម្តែង​នូវ​មោទន​ភាព និង​សេចក្តី​សោម​នស្ស​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​ទទួល​បាន​មេដាយ​សហ​មេត្រី និង​បាន​កោត​សរសើរ​ចំពោះ​ទំនាក់​ទំនង​ដ៏​ល្អ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង ២​។

លោក​ ប្រាក់ សុខុន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិ​បាល​អាល្លឺ​ម៉​ង់ ដែល​បាន​បន្ត​ផ្តល់​ជំនួយ​មកកាន់​កម្ពុ​ជា និង​បាន​កោត​សរសើរ​ចំពោះ​សមិទ្ធ​ផល​នានា​ សម្រាប់​ប្រ​យោជន៍​នៃ​ទំនាក់​ទំនង​ទ្វេភា​គី ដែល​សម្រេច​បាន​ក្នុង​អាណត្តិ​របស់​លោក ​Chri​stian Berger នៅ​កម្ពុជា​។

កាលពី​​ខែកុម្ភៈ ឆ្នាំនេះ លោក​បាន​បំពេញ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​អាល្លឺ​ម៉ង់​រ​យៈពេល ២ ​ថ្ងៃ ដោយមាន​ជំនួប​ជា​មួយ​លោក​ស្រី Annal​ena Baer​bock​ រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺ​ម៉ង់។ ភាគី​ទាំង ​២ បាន​ពិភាក្សា​អំពី​ទំនាក់​ទំនង​ទ្វេ​ភាគី​ បញ្ហា​តំបន់ និង​បញ្ហា​អន្តរ​ជាតិ​មួយ​ចំនួន​ ដែល​មាន​ផល​ប្រយោ​ជន៍​រួម​គ្នា​។

លោក​ យង់ គិ​ម​អេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិ​ភាព ថ្លែងថា​​កន្លង​មក​អាល្លឺ​ម៉ង់​ក៏​ធ្លាប់​បាន​ជួយ​កម្ពុជា​លើ​ផ្នែក​អភិបាល​កិច្ច​ល្អ ការ​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​ទំនាក់​ទំនង​សា​ធា​រណៈ​ដល់​មន្ត្រី​កម្ពុជា ការ​កសាង​ហេ​រចនា​សម្ព័ន្ធ ដំណើរ​ការ​គាំទ្រ​ដល់​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ និង​បណ្តុះប​ណ្តាល​ផ្នែក​កម្មន្ត​សាល ជា​ដើម​។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​យើង​ឃើញ​ថា​មានរឿង​ជាច្រើន​ទៀត​ដែល​អាល្លឺ​ម៉ង់​បាន​ជួយ​ដល់​កម្ពុជា​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។​ ជាមួយគ្នា​នេះ ទំនាក់​ទំនង​រវាង​ក​ម្ពុ​ជា និង​អាល្លឺ​ម៉ង់​នេះ​យើង​ឃើញ​មិន​ទាន់​មាន​រឿង​អី​ដែល​មាន​ការ​ល្អក់​កករ​ជា​មួយ​គ្នា​ទេ ហើយ​ឃើញ​មាន​ដំណើរ​ការ​នៃ​ការ​សហ​ការ​ហ្នឹង​បាន​ល្អ​ជាមួយ​គ្នា»​។

លោក ​យង់ គិ​ម​អេង បន្តថា ទោះជា​យ៉ាង​ណា ​អាល្លឺម៉ង់​ក៏​ជា​ផ្នែក​មួយ​នៃ​សហ​ភាព​អឺរ៉ុប​ ហើយ​អឺរ៉ុប​ក៏មាន​ជំហរ ​និង​លក្ខ​ខណ្ឌ​មួយ​ចំនួន​នៅ​ក្នុង​ការ​ស្ដារ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។ បើទោះ​ជា​អាល្លឺ​ម៉ង់​បាន​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា​ក៏ដោយ ក៏​អាល្លឺ​ម៉ង់​នៅតែ​មិន​អាច​ងាក​ចេញពី​ជំហរ​រួម​របស់​សហ​ភាព​អឺរ៉ុប​ ក្នុង​ការធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​ដើរ​ទៅរក​គន្លង​ប្រជា​ធិប​តេយ្យ​ក៏ដូច​ជា​ការធ្វើឱ្យ​មាន​ប្រក្រតី​ភាព​នៃ​ប្រជា​ធិប​តេយ្យ និង​អភិ​បាល​កិច្ច​ល្អ​។

លោក​ថ្លែង​ថា៖ «ជុំវិញ​បញ្ហា​នៃ​ទំនាក់​ទំនង​នេះ ​ប្រសិនបើ​យើង​អាច​នឹង​ធ្វើ​ឱ្យមាន​ភាព​ល្អ​ប្រសើរ​នូវ​ប្រជាធិប​តេយ្យ​សិទ្ធិ​មនុស្ស​ជា​ហូរហែ​ គឺ​វា​ជា​កត្តា​ជំរុញ​នៃ​ទំនាក់​ទំនង​ជា​មួយ​នឹង​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​នេះ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ព្រោះ​ចង់​មិន​ចង់ ក៏​អឺរ៉ុប​គេ​ឈរ​នៅ​លើ​ជំហរ​រួម​របស់​គេ​ដែរ»​។

ជា​មួ​យគ្នានេះ​ផង​ដែរ ក្នុង​ជំនួប​ជា​មួយ​លោកស្រី Ayda Ünlü ឯក​អគ្គរ​ដ្ឋទូត​តួក​គី​ប្រចាំ​កម្ពុជា​ ដែល​ចប់​អាណត្តិ​នៅ​ថ្ងៃទី​ ២៧ ​ខែមិថុនា នេះ​ផង​ដែរ​ លោក ប្រាក់ សុខុន​ បាន​កោតស​រសើរ​លោក​ស្រី​ដែល​បាន​រួមចំណែក​ធ្វើ​ឱ្យ​រីក​ចម្រើន​នូវ​ទំនាក់​ទំនង​កម្ពុជានិង​តួ​ក​គី។ លោកស្រី​​បានទ​ទួល​មេដាយ​សហ​មេត្រី ថ្នាក់​មហា​សេរី​វឌ្ឍន៍ ដែល​ជា​គ្រឿង​ឥស្សរិយ​យស​ខ្ពស់​បំផុត ​សម្រាប់​ឥស្សរ​ជន​បរទេស​ពី​លោកនា​យក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​។

រដ្ឋា​ភិបាល​តួ​គី​កន្លង​មក​ បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​​កម្ពុជា រួម​ទាំង​គម្រោង​សាង​សង់​លំនៅឋាន​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល។ បើតាម​លោក ជុំ សុន្ទរី​ លោកស្រី​ Ayda Ünlü បញ្ជាក់​ថា ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ជំនួយ​ សម្រាប់​គម្រោង​នានា​ដែល​ទាក់ទង​នឹង​ហេដ្ឋា​រចនាស​ម្ព័ន្ធ​ផ្លូវថ្នល់​ លំនៅឋាន និង​សាលា​រៀនជា​ដើម៕