ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​ជាថ្មី​ដល់​អតីត​បុគ្គលិក ​និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ ​បញ្ឈប់​ការប្រើ​ប្រាស់​ដងផ្លូវ​សាធារណៈ​សម្រាប់​ការប្រមូល​ផ្តុំ​និង​ដង្ហែក្បួន​ ដោយ​ចាត់ទុក​ជាសកម្មភាព​ខុសច្បាប់ ​ដែល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ​ខណៈ​ក្រុម​កូដករ​ថា ​ពួកគេ​កំពុង​ប្រើ​សិទ្ធិ​ដើម្បី​ជំរុញ​ទៅ​ក្រុមហ៊ុន​ចេញ​មុខ​ដោះ​ស្រាយ​ប៉ុណ្ណោះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ចុះ​ថ្ងៃទី ២៧ ​មិថុនា ​លើកឡើងថា​ នៅថ្ងៃ​ដដែល​នេះ​ មាន​ក្រុម​បាតុករ​ជាអតីត​បុគ្គលិក ​និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៏ ​ប្រមាណ​ជាង ​៧០ នាក់ ​បានបន្ត​មក​ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម​ខុសច្បាប់​នៅ​កណ្តាល​មហាវិថី​សម្តេច​សុធារស ​ដោយ​ដើរ​លើ​ទ្រូង​ផ្លូវ ​ចាប់ពី​មុខ​ចំណុច​ផ្សារ​ទំនើប​អ៊ីអន ១ ​មក​ដល់​ស្តុបនាគ​បាញ់​ទឹក។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «អ្វី​ដែល​គួរ​ឱ្យកត់​សម្គាល់​នោះ ​គឺ​លើក​នេះ​ក្រុមបាតុករ​បាន​នាំគ្នា​ចង​ក្រណាត់​ពណ៌​ខៀវ​រុំក្បាល​ភ្ជាប់​នូវ​ពាក្យ​ស្លោក​ដូចៗ​គ្នា​ថា​«កុំយក​លុយ​ទិញ​សិទ្ធិ»​ ដែលនេះ​បង្ហាញ​ថា​ ក្រុមនេះ​បានត្រៀម​លក្ខណៈ​រួចជា​ស្រេច ​ក្រោម​ការរៀបចំ​ផែនការ​ទុកជា​មុន ​របស់​មនុស្ស​មួយ​ក្តាប់​តូច ​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​មិនល្អ​មកលើ​អាជ្ញាធរ​មាន​សមត្ថកិច្ច»។

សេចក្តី​ប្រកាស​បន្តថា​៖ «និង​បង្ក​ការប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ​និង​របៀបរៀបរយ​សាធារណៈ​ រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​មកលើ​សមត្ថកិច្ច ​បណ្តាលឱ្យ​សមត្ថកិច្ច​មួយ​ចំនួន​រងរបួស​ស្រាល​ព្រមទាំង​បាត់បង់​វិទ្យុ​ទាក់ទង​ចំនួន​៥គ្រឿង ​និង​នាឡិកា​ដៃ​ចំនួន​១គ្រឿង​ផង​ដែរ»។

បើ​តាម​សេចក្តី​ប្រកាស ​កន្លងមក​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បានចេញ​សេចក្តី​ជូនដំណឹង​ជាច្រើន​លើក​ច្រើនសាមិន​អនុញ្ញាត​ឱ្យ​ក្រុមបាតុករ​ដែល​ជាអតីត​បុគ្គលិក ​និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​នៅតាម​ដងផ្លូវ​សាធារណៈ ​ចិញ្ចើម​ផ្លូវ​ សួន​ច្បារ​សាធារណៈ ​និង​ទីសាធារណៈ​ផ្សេងទៀត ​ហើយក៏​បាន​ប្រើ​ប្រាស់​វិធានការ​អប់រំ​ជាបន្តបន្ទាប់​ទៅលើ​ក្រុម​បាតុករ​ដើម្បី​បញ្ឈប់​នូវ​សកម្មភាព​ខុសច្បាប់​បន្ត​ទៀត។

តាម​រយៈ​សេចក្តី​ប្រកាស​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានណែនាំ​សា​ជាថ្មី​ដល់​ក្រុមបាតុករ ​ក្នុង​ករណី​មាន​បំណង​ធ្វើការ​សម្តែង​មតិជា​សាធារណៈ ​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ការធ្វើបាតុកម្ម ​ដោយ​សន្តិវិធី​ ដោយ​ត្រូវ​ជូនដំណឹង​ជាលាយលក្ខណ៍​អក្សរ​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​និង​គោរព​តាម​ការណែនាំ​ផ្សេងៗ​ ព្រមទាំង​ធ្វើសកម្មភាព​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

កូដករ​ណាហ្គាវើលដ៍​ដែលបាន​ចូលរួម​នោះ ​ថ្លែង​សុំ​មិនបញ្ចេញ​ឈ្មោះ​ថា​ ការលើក​បដា ​និង​ធ្វើកូដកម្ម​នេះ ​គឺជា​ការទាមទារ​សិទ្ធិ​របស់​សហជីព​នៅ​កន្លែង​ធ្វើការ ​ហើយថា​ក្រុមហ៊ុន​បានបញ្ឈប់​ពួកគាត់​ដោយ​អយុត្តិធម៌។

អ្នកស្រី​បញ្ជាក់ថា​៖ «ខ្ញុំ​នៅ​រក្សា​ជំហរ​ធ្វើកូដកម្ម​រហូត​មាន​ដំណោះស្រាយ ​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ក្នុង​ការបញ្ចេញ​មតិ។ តែ​ហេតុអី​ពួកខ្ញុំ​ជាបុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​អត់មាន​សិទ្ធិ​បញ្ចេញ​មតិ ​សូម្បីតែ​ពួកខ្ញុំ​ធ្វើ​កូដកម្ម​នៅ​ណាហ្គា ​ហេតុអ្វី​បានជា​អាជ្ញាធរ​បំបិទ​សិទ្ធិពួក​ខ្ញុំ ​ហើយ​មកចោទ​ខ្ញុំ​ជាអ្នកបិទ​ផ្លូវ​សាធារណៈ»។

ភ្នំពេញ ​ប៉ុស្តិ៍​ មិនទាន់​អាច​សុំ​អត្ថាធិប្បាយ​បន្ថែម​ពី​ប្រធាន​សហជីព​ណាហ្គាវើលដ៍ ​កញ្ញា ​ឈឹម ស៊ីថរ​ បាន​នៅ​ឡើយ​ទេ ​នា​ថ្ងៃទី ២៨ ​មិថុនា។

ប៉ុន្តែ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២៤ ​មិថុនា ​លើកឡើង​ថា ​ការធ្វើ​កូដកម្ម​នេះ​ជាវិវាទ​ការងារ ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាមួយ​ថៅកែ​ក្រុមហ៊ុន​តែប៉ុណ្ណោះ ​ប៉ុន្តែ​ហេតុអ្វី​បានជា​សាលា​ក្រុង​ចេញមុខ​រារាំង​គំរាម​កំហែង។

ប៉ុន្តែ​សេចក្តី​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​ដដែល​បញ្ជាក់​ថា​៖ «ក្រុមបាតុករ​ មិន​ត្រូវ​ប្រើប្រាស់​ដងផ្លូវ​សាធារ​ណៈ​សម្រាប់​ធ្វើការ​ជួបជុំ​គ្នា ​ប្រមូលផ្តុំ ​ឬ​ដង្ហែក្បួន​ដោយ​ខុសច្បាប់ ​ហើយ​មិនត្រូវ​ធ្វើការ​បិទផ្លូវ​សាធារណៈ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ​ពិសេស​ប៉ះពាល់​ដល់​សន្តិសុខ ​សណ្តាប់​ធ្នាប់ ​របៀបរៀបរយ ​និង​បង្ក​ការកក​ស្ទះ​ចរាចរណ៍ ​ព្រមទាំង​បង្ក​ការរំខាន​ដល់​ការប្រកបរបរ​អាជីវកម្ម ​កិច្ចការ​ប្រចាំថ្ងៃ ​និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដទៃ​ទៀត»។

ពាក់​ព័ន្ធ​កិច្ចចរចា ​រក​ដំណោះស្រាយ​ក្នុង​វិវាទ​នេះ​ដែរ ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានធ្វើ​ការកោះ​អញ្ជើញ​ភាគី​ទាំង២​ចូលរួម​រក​ដំណោះស្រាយ​ចំនួន ​១៤ លើក​រួច​មក​ហើយ ​ប៉ុន្តែ​ភាគី​ទាំង២​មិនទាន់​រក​ចំណុច​រួម​នោះ​ទេ។ ក្រុម​កូដករ​ស្នើ​ថៅកែ​ទទួលយក​អតីត​បុគ្គលិក​ជិត​ ២០០ នាក់​ចូល​ធ្វើការ​វិញ​ រីឯ​តំណាង​ក្រុមហ៊ុន​អះអាង​ថា ​មិន​អាច​ទទួល​យក​បាន​ទេ ​ដោយសារ​លើស​តម្រូវការ​ជាក់​ស្តែង៕