បាត់​ដំបងៈ សិស្ស​សាលា​ប្រុស-ស្រី ៦​ នាក់​បាន​ដួល​សន្លប់​ បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្នុង​សា​លា ​បន្ទាប់ពី​មាន​ករណី​រន្ទះ​បាញ់​ ៣ ​គ្រាប់​ផ្ទួនៗ​គ្នា​ទៅ​លើ​ដើម​ឈើ​មួយ​ដើម​ ដែល​ដុះ​នៅមុខ​បន្ទប់រៀន​របស់​ពួក​គេច​ម្ងាយ​ប្រមាណ ​២០ ម៉ែត្រ​ នៅ​អនុវិទ្យា​ល័យ​រតន​មណ្ឌល​នៃ​ខេត្ត​បាត់​ដំបង​ កាល​ពី​ថ្ងៃទី​ ២៧ ​ខែ ​មិថុនា ឆ្នាំ​ ២០២២។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹង​ពី​លោក​គ្រូ ​អ្នកគ្រូ និង​អាជ្ញាធ​រ​មូលដ្ឋា​ន។

លោក សន និល អធិការ​ស្រុក​រតន​មណ្ឌល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា សិស្ស​ដែល​រងគ្រោះ​ក្នុង​ឧ​ប​ទ្ទវហេតុ​រន្ទះ​បាញ់​ខាង​លើនេះ​ មាន​អាយុ​ចន្លោះ​ពី ១២​ ដល់ ​១៥ ​ឆ្នាំ ក្នុង​នោះមាន​​សិស្ស​ប្រុស​ម្នាក់​ឈ្មោះ ឈុន​ រស្មី អាយុ​ ១៤​ រង​របួស​ស្រាល ​ខណៈ​សិស្សស្រី​ម្នាក់​ក្នុង​ចំណោម​ ៥​ នាក់ ​ដែល​រៀន​​ថ្នាក់​ជា​មួយ​គ្នា​ឈ្មោះ​ឡូត មិនា អាយុ​ ១៥​ រងរបួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបា​ល​ក្នុង​មន្ទីរ​ពេទ្យ​ខេត្តបាត់​ដំបង។

លោក​ថ្លែងថា​៖ «ក្រោយពី​មាន​ករណី​រន្ទះបាញ់​កើត​ឡើង​នៅ​ក្នុង​សា​លារៀន​នោះ ​សមត្ថ​កិច្ច​នគរ​បាល​យើង ​និង​លោក​គ្រូ-អ្នក​គ្រូ នាយក​សាលា បាន​ជួយ​អន្ត​រាគមន៍​ដឹកនាំ​កុមារ​រងគ្រោះ​ទាំង​នោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​រតន​មណ្ឌ​លភ្លាមៗ ដើម្បី​ពិនិត្យ​ព្យា​បាល។ ប៉ុន្តែ​សិស្សស្រី​ម្នាក់​ក្នុង​ចំណោម​ពួកគេ ត្រូវ​ក្រុម​គ្រូពេ​ទ្យ​ជំនាញ​បញ្ជូន​បន្ត​ទៅកា​ន់​មន្ទីរពេ​ទ្យ​ខេត្តបា​ត់ដំប​ងដោយសារ​តែមាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ជាង​គេ ​»។

ចំណែក​អ្នកស្រី ឈួន ​សោភា គ្រូ​បង្រៀន​មុខ​វិជ្ជា​ភាសា​អង់​គ្លេស​នៃ​​អនុវិទ្យា​ល័យ​រតនម​ណ្ឌល ដែ​ល​ស្ថិត​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ផ្ទាល់​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ដោយ​សារ​ដំបូល​អគារ​សា​លា​រៀន​ប្រក់ស​ង្ក័​សី ដូច្នេះ​នៅ​ពេល​មាន​ភ្លៀង​ខ្លាំង ការ​បង្រៀន​ត្រូវ​អាក់​ខាន​ដោយ​សារ​ខ្ទរ​សំឡេង​ទឹក​ភ្លៀង​ធ្លាក់​លើ​ដំបូល​។

ប៉ុ​ន្តែ​សិស្ស​ទាំង​អស់​មិន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ផ្ទះ​ទេ ព្រោះ​មិនទាន់​ដល់​ម៉ោង​ចេញ​ និង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង។​

អ្នក​គ្រូ សោភា បាន​បន្តថា ក្មេង​មួយ​ចំនួន​បាន​នាំគ្នា​អង្គុយ​លេង​ហ្គេម​បំពេញ​ពាក្យចន្លោះ​ដែល​បាត់ ហើយ​ខ្លះទៀត​បាន​ទៅ​ឈរ​លេង​នៅ​មាត់​ទ្វារ​បន្ទប់​រៀន និង​លេង​ត្រង​ទឹក​ភ្លៀង​ដែល​ស្រក់​ពី​ដំបូល​សាលា ប​ញ្ចូល​ក្នុង​ដប​។

មួយ​រំពេច​នោះ ក៏​ស្រាប់​តែមាន​ផ្កា​ភ្លើង​ព្រាកៗ​ ហើយ​ក៏មាន​រន្ទះ​បាញ់​ដើមឈើ​មួយ​ដើម នៅមុខ​បន្ទប់រៀន​ចំនួន​៣​ដង​ដែលមាន​សំឡេង​ដូចជា​គ្រាប់ផ្លោ​ង ហើយ​សិស្ស​ដែល​ឈរ​លេង​នៅខាង​មុខ​ទ្វារ​បន្ទប់​សាលា​ទាំង​នោះ បាន​ដួល​សន្លប់​លើ​គ្នា​តែម្ដង។​

អ្នកគ្រូ​ សោភា បាន​បញ្ជាក់​ថា៖ «មុនដំ​បូង​ខ្ញុំ​ឃើញ​ផ្កាភ្លើង​បែកព្រាក​ៗចេញពី​គល់​ដើម​ឈើ ដែលមា​ន​ចម្ងាយ​ប្រមាណ​ ២០ ​ម៉ែត្រ​ពីមុខ​បន្ទ​ប់រៀន​របស់​ខ្ញុំ បន្ទាប់​មក​ក៏​ឮ​សំឡេង​ផ្ទុះ​ផាំង ផាំង ផាំង! ចំនួន​ ៣​ ដង ដូច​ជា​គ្រាប់​ផ្លោង​ហើយ​ សិស្ស​របស់​ខ្ញុំដែល​ឈរ​លេង​នៅមុខ​ទ្វារ​បន្ទប់​រៀន​ក៏​ទន់ដៃទ​ន់ជើង​ដួល​សន្លប់​គរ​លើ​គ្នា​តែម្ដ​ង។ ចំណែក​សិស្ស​ផ្សេង​ទៀតបា​ន​ភ័យខ្លាច​ ស្រែកយំ​ពេញ​បន្ទប់ ​ឃើញ​ដូច្នោះ​ខ្ញុំ​ក៏​ប្រញាប់​ទូរ​ស័ព្ទ​ប្រាប់​លោក​នាយក​សា​លា​មក​ជួយ​អន្ត​រាគមន៍ ដើម្បី​នាំ​ពួក​គេ​ទៅកាន់​មន្ទីរ​ពេទ្យ»​។

យ៉ាង​ណា​ក៏​ដោយ នៅវេ​លា​ម៉ោង ១០:៣០ នាទី​ព្រឹក​ ថ្ងៃទី ២៨ ​ខែ មិថុនា ឆ្នាំ​ ២០២២​ សិស្ស​រង​គ្រោះ​ក្នុងករណី​រន្ទះ​បាញ់​ទាំង​នោះ​បាន​ធូរស្រាល​ និង​បាន​ចេញពី​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​រតនមណ្ឌ​ល​អស់ហើយ លើក​លែងតែ​សិស្សស្រី​​ម្នាក់​ឈ្មោះ​ ឡូត មិនា ​ដែល​ធ្ងន់ធ្ងរ​ជាង​គេ​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ខេត្ត​បាត់​ដំបង។ នេះ​បើតាម​ លោក ភឹង វុទ្ធី នាយក​​អនុវិ​ទ្យាល័យ​រតន​មណ្ឌលដែល​បាន​ចុះ​ទៅ​សួរ​សុខ​ទុក​កុមារី​រ​ងគ្រោះ​ដល់​មន្ទីរ​ពេទ្យ​។

លោក​ វុទ្ធី​ បាន​បញ្ជាក់ថា៖«ពិនិត្យ​ទៅលើ​អាកា​រ​របស់​នាង [កុមារី ឡូត មិនា] នៅពេលនេះ គឺនៅមាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ គឺនាង​បាន​បាត់​ការចងចាំ​អ្វី​ទាំងអស់ សូម្បីតែ​បងស្រី​នាង​ក៏​នាង​មិន​ចាំ​ដែរ។ យើង​ពិតជា​អាសូរ​ដល់​នាង​ខ្លាំងណាស់»។

ជុំវិញ​ករណី​នេះ បងស្រី​របស់​កុមារី​រង​គ្រោះ គឺកញ្ញា ឡូត សុខ​ណា បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ថា ​មិនា ធ្លាប់មាន​បញ្ហា​ជំងឺរ​លាក​ស្រោមខួរ​ម្ដង​រួចម​កហើយ​កាលពី​អាយុ ៧ ​ឆ្នាំ ហើយ​នាង​ត្រូវបាន​ក្រុម​គ្រូពេ​ទ្យ​ជំនាញ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ខេត្ត​សៀម​រាប ធ្វើកា​រ​វះកាត់​បានជា​សះ​ស្បើយ​រហូត​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ក៏បាន​ប្រាប់​ឱ្យ​ឪពុក​ម្ដាយ​និងរូប​នាង​ដែល​ជាប​ងៗឱ្យ​មាន​ចិត្ត​សន្ដោស​ប្រណី​ចំពោះ​នាង​ឱ្យ​បាន​ច្រើន ​ដោយ​កុំ​ស្ដី​បន្ទោស ឬ​ធ្វើ​អ្វីមួ​យ​ដែល​ធ្វើឱ្យ​នាង​ភ័យ​ខ្លាច។

កញ្ញា សុខ​ណា បាន​និយាយថា​៖ «នៅពេលនេះ​​ឪពុក​ម្ដាយ​ខ្ញុំ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅផ្ទះ​​មានតែ​ខ្ញុំ និង​បងស្រី​ម្នាក់ដែល​នៅ​មើល​ថែ​ទាំង​ប្អូន​៧នាក់ ​ជំនួស​ឪពុក​ម្ដាយ។ ជា​អ្វីដែល​ខ្ញុំ​និង​បង​ស្រី បារម្ភ​តាំងពី​យូរ​មក​ហើយ​នោះ វា​បានមក​ដល់​ហើយ។ គឺ​ប្អូនស្រី​ខ្ញុំ មីនា កំពុង​ក្លាយ​ជា​មនុស្ស​វិបល្លាស់​ស្មារតី ដោយ​សារ​ករណី​រន្ទះ​បាញ់ ធ្វើ​ឱ្យ​ជំងឺ​ចាស់​របស់​នាង​រើ​ឡើង​វិញ​»។

នាង​បាន​និយាយ​ទាំង​ខ្សឹ​ក​ខ្សួល​ទៀតថា៖ «នៅពេលនេះ នាង​មិន​ស្គាល់​ពួក​ខ្ញុំ​ជាបងៗនិង​មិន​ចាំ​ទាំង​ឈ្មោះ​នាង​ឈ្មោះ​អ្វី​ផង។ នាង​គិតតែ​យំ ហើយ​ស្រែកថា​ ឃើញ​នេះ ​ឃើញ​នោះ ហើយក៏​សើចតាមតែ​ចិត្ត​នាង​ចង់។ ប៉ុន្តែ​គ្រូ​ពេទ្យ​ប្រាប់​ថា នឹង​ខំប្រឹង​ប្រែង​ព្យា​បាល​នាង​ឱ្យ​អស់​លទ្ធ​ភាព»។

​ករណី​រន្ទះ​បាញ់​នេះ​ដែរ កាល​ពី​រសៀល​ថ្ងៃទី​ ២៦​ ខែ មិថុនា ឆ្នាំ​ ២០២២​ ស្ត្រី​មាន​ផ្ទៃពោះ ​៨​ ខែ​ម្នាក់ ឈ្មោះ​បាន ​លី អាយុ​ ៤៤​ ឆ្នាំ មាន​លំនៅ​ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវបាន​រន្ទះ​បាញ់ ខណៈ​កំពុង​ដើរ​រើស​ខ្យង​តាម​វាលស្រែ​ពេល​មេឃ​ជិត​ភ្លៀង​បណ្ដាល​ឱ្យដួលស​ន្លប់ ហើយ​បាន​ស្លាប់​ទាំង​កូន​ក្នុង​ផ្ទៃពោះ ក្នុង​ពេល​បញ្ជូន​ទៅកាន់​មណ្ឌល​សុខ​ភាព​ទួល​ពង្រ ។ នេះ​បើតាម​សម្ដី ​លោក ស្ដុក លីម បេក្ខ​ជន​មេឃុំ​ទួល​ពង្រ មកពី​គណ​បក្ស​ប្រជា​ជនកម្ពុជា​ ។

បាតុ​ភូត​រ​ន្ទះបាញ់ នៅតែ​បន្ត​កើត​មាន​ច្រើន​ថែមទៀ​តនៅ​ក្នុង​សប្ដាហ៍​នេះ ជាពិសេស​នៅក្នុ​ង​តំបន់​វាល​ទំនាប​កណ្ដាល​និង​តំបន់​ខ្ពង់​រាប។នេះ​បើ​យោង​តាម​ការព្យាក​រ​អាកា​សធា​តុរបស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយមដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​ ២៨ ខែ​ មិថុនា ឆ្នាំ​ ២០២២​។ ក្រៅពី​បាតុ​ភូត​រន្ទះ​បាញ់​ក្រសួង​ធនធាន​ទឹក​នៅបាន​ព្យាករ​ថា នឹងមា​ន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង ​ជាពិសេស​នៅ​តំបន់​មាត់​សមុទ្រ​។

ការព្យា​ករនេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​អា​កាស​ធាតុ​បាន​ពិនិត្យឃើ​ញថា​ចាប់ពី​ថ្ងៃទី​ ២៩​ ខែមិថុនា ដល់​ថ្ងៃទី ៥ ​ខែ កក្កដា ឆ្នាំ​ ២០២២ ​ប្រទេស​កម្ពុជា​ នឹង​ទទួលរង​ឥទ្ធិ​ពលពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូស​បន្លាយ​លើ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ឡាវ និង វៀត​ណាម ដោយ​ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​មួយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ សម្ពាធ​ទាប​នេះ​នឹង​វិ​វត្ត​ខ្លួនជា​បន្ត​បន្ទាប់​ទៅជា​ព្យុះ​ទី៣ ដោយមាន​​ដំណើរ​ឆ្ពោះទៅកាន់​កោះ​ហៃ​ណាំ៕​