
ពិធីប្រគល់ ម៉ាស៊ីនកាំរស្មីអ៊ិក្ស ចល័ត សម្រាប់ស្វែងជំងឺរបេង។ រូបថត USAID
ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០២២ បានប្រគល់ ម៉ាស៊ីន កាំរស្មី អ៊ិក្ស ប្រភេទឌីជីថលទំនើប ចំនួន ៦ ម៉ាស៊ីន ជូនដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) និងមន្ទីរសុខាភិបាលខេត្តមួយចំនួន ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជាឱ្យបានត្រឹមឆ្នាំ ២០៣០។
តាមសេចក្តីប្រកាសព័ត៌មានរបស់ USAID ចេញផ្សាយកាលពីថ្ងៃទី ២៧ ខែមិថុនា បញ្ជាក់ថា ម៉ាស៊ីនកាំរស្មីអ៊ិក្ស ចល័តទាំងនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងមន្ទីរពេទ្យបង្អែកសាធារណៈ ដើម្បីស្វែងរកករណីជំងឺរបេងតាមសហគមន៍ នៅក្នុងស្រុកប្រតិបត្តិចំនួន ១០ ដែលមិនសូវមានការឧបត្ថម្ភគាំទ្រ។
USAID នឹងគាំទ្រដល់ការដំឡើងកម្មវិធីបញ្ញាសិប្បនិមិត្ត (Artificial intelligence) ដល់ម៉ាស៊ីនកាំរស្មីអ៊ិក្ស ទាំងនេះ ដែលនឹងរកមើលរោគរបេងតាមប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយបន្ទុកការងាររបស់ អ្នកបច្ចេកទេសកាំរស្មីអ៊ិក្ស និងធ្វើឲ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យជំងឺរបេង។ លើសពីនេះទៅទៀត ម៉ាស៊ីនទាំងនេះ ដើរតួរយ៉ាងសំខាន់ក្នុងការសិក្សាអត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។
សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា ប្រទេសកម្ពុជាលែងស្ថិតក្នុងបញ្ជីសកលក្នុងបណ្តាប្រទេសដែលមានបន្ទុកខ្ពស់ខាងជំងឺរបេងចំនួន ៣០ ទៀតហើយ តែទោះជាយ៉ាងណាក៏ដោយ គេបានប៉ាន់ប្រមាណថា ករណីជំងឺរបេងប្រហែល ២ ម៉ឺន ករណី កំពុងបាត់ដានរកមិនទាន់ឃើញនៅក្នុងប្រទេស។ ទីភ្នាក់ងារ USAID ប្តេជ្ញាគាំទ្រកម្មវិធីជាតិជំងឺរបេង តាមរយៈសកម្មភាពនេះ និងគម្រោងផ្សេងៗទៀត ដែលកំពុងកែលម្អការស្វែងរកករណីជំងឺរបេង ការធ្វើរោគវិនិច្ឆ័យ ការធ្វើអភិបាលកិច្ច និងការវាយតម្លៃជំងឺរបេង។
លោកស្រី Erin Nicholson តំណាង USAID ឱ្យដឹងថា ការលុបបំបាត់ជំងឺរបេង គឺជាអាទិភាពសកល ហើយទីភ្នាក់ងារជំនួយអាមេរិក USAID មានមោទនភាពក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជាអោយបានត្រឹមឆ្នាំ ២០៣០។
លោកស្រីថ្លែងថា៖ «ម៉ាស៊ីនកាំរស្មីអ៊ិក្ស ដែលប្រគល់ជូនពេលនេះ នឹងជួយកម្មវិធីជាតិក្នុងការស្វែងរកអ្នកសង្ស័យជំងឺរបេងដែលបាត់ដាននៅក្នុងសហគមន៍ និងជួយធ្វើឲ្យសុខភាពរបស់ប្រជាជនកម្ពុជាដែលងាយរងគ្រោះដោយសារជំងឺនេះមានភាពប្រសើរឡើង»។
លោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន (CENAT) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែមិថុនាថា ម៉ាស៊ីន កាំរស្មី អ៊ិក្ស ប្រភេទឌីជីថលទំនើប ចំនួន ៦ ម៉ាស៊ីនដែលផ្តល់ដោយអង្គការ USAID តាមរយៈគម្រោងរបស់អង្គការ ខាន់ណា ត្រូវបានបញ្ជូនទៅតាមបណ្តាស្រុកប្រតិបត្តិនៃ រាជធានីខេត្តចំនួន ៤ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងត្បូងឃ្មុំ។
លោកបន្តថា ម៉ាស៊ីនទាំងនេះ គឺមានសារប្រយោជន៍ដល់ការស្រាវជ្រាវជំងឺរបេង និងការធ្វើរោគវិនិច្ឆ័យជំងឺរបេងនេះបានទាន់ពេលវេលា និងឆាប់ហ័សដែលអាចជួយបម្រើសេវាសុខុមាលភាពរបស់ប្រជាជនកម្ពុជា ព្រោះវាជាប្រភេទម៉ាស៊ីនឌីជីថល។
លោក ហួត ចាន់យុដា បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន (CENAT) បាននិងកំពុងបន្តស្រាវជ្រាវផ្តោតសំខាន់ទៅលើជំងឺរបេងសកម្មនៅក្នុងពន្ធនាគារ និងសហគមន៍ ជាពិសេសស្រាវជ្រាវនៅតាមមន្ទីរសុខាភិបាល ដើម្បីវាស់វែងធ្វើផែនការក្នុងឆ្នាំ ២០២២ ស្តីពីការស្រាវជ្រាវជំងឺរបេងគ្រប់សណ្ឋាន។
លោកថ្លែងថា៖ «យើងកំពុងធ្វើកិច្ចការងារនេះហើយ ស្របពេលដែលជំងឺកូវីដ បាននិងកំពុងធូរស្រាល យើងនឹងរៀបចំជាបន្តបន្ទាប់ទៅតាមកម្មវិធីដែលបានគ្រោងទុក និងផែនការដែលបានដាក់ចេញ។ ដូច្នេះ ម៉ាស៊ីន កាំរស្មីអ៊ិក្ស នេះ នឹងជួយដល់កិច្ចការរបស់យើងឱ្យសម្រេចទៅតាមផែនការ»។
បើតាម លោក ហួត ចាន់យុដា ក្រោយពីស្ថានភាពជំងឺកូវីដ ១៩ បានធូរស្រាល ជំងឺរបេងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល ឆមាសទី១ ឆ្នាំ ២០២២ នេះ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) បានរកឃើញជំងឹរបេងគ្រប់សណ្ឋានមានជាង ១ ម៉ឺននាក់៕