
អគារសាលាឧទ្ធរណ៍ នៅរាជធានីភ្នំពេញ។ រូបថត ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី ២៨ មិថុនា បានបើកសវនាការជំនុំជម្រះសំណុំរឿងបុរសម្នាក់ ដែលត្រូវបានតុលាការ ខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសដាក់ពន្ធនាគារ ១៣ ឆ្នាំ ពាក់ព័ន្ធបទចោទជួញដូរគ្រឿងញៀនមេតំហ្វេតាមីនជាង១០០ក្រាមកាលពីឆ្នាំ ២០១៩។
ក្នុងពេលបើកសវនាការ តាមរយៈមេធាវីការពារសិទ្ធិឱ្យខ្លួននោះ ជនជាប់ចោទឈ្មោះ ហាប់ បូរ៉ុម បានស្នើដល់ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានលោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងសហចៅក្រម ២ រូបទៀត ឱ្យជំនុំជម្រះរឿងក្តីរបស់គាត់ដោយកំបាំងមុខ។
តាមរយៈអង្គហេតុកាលពីវេលាម៉ោងជាង ៨ យប់ ខែតុលា ឆ្នាំ ២០១៩ នគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចុះល្បាតនៅតាមដងផ្លូវហើយបានប្រទះឃើញបុរសម្នាក់ឈ្មោះ ហាប់ បូរ៉ុម អាយុ ២២ ឆ្នាំ កំពុងឈរលក់គ្រឿងញៀន។
ពេលនោះសមត្ថកិច្ចបានចាប់ខ្លួនជននោះ និងដកហូតម្សៅថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៣០ កញ្ចប់ ស្មើទម្ងន់ ១៥៤,៥៣ ក្រាម។
សំណុំរឿងនេះ ត្រូវបានសាលាដំបូង ខេត្តបន្ទាយមានជ័យ ប្រកាសសាលក្រមនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ សម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ១៣ ឆ្នាំ ចោទបទជួញដូរគ្រឿងញៀនខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
កញ្ញា យិន សុគន្ធារី តំណាងមហាអយ្យការ នៃសាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី ២៨ មិថុនា បានធ្វើសេចក្តីសន្និដ្ឋាននៅក្នុងបន្ទប់សវនការថា យោងកំណត់ហេតុរបស់នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបង្ហាញថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទក្នុងបទល្មើសជាក់ស្តែងខណៈជនជាប់ចោទកំពុងប្រព្រឹត្តបទល្មើស។
បើតាមកំណត់ហេតុ របស់សាលាដំបូងខេត្តបន្ទាយមានជ័យបង្ហាញថា ជនជាប់ចោទក៏ឆ្លើយសារភាពពាក់ព័ន្ធនឹងបទល្មើសនេះដែរ។
កញ្ញាតំណាងមហាអយ្យការថ្លែងថា៖ «យោងតាមអង្គហេតុខាងលើ ខ្ញុំស្នើសុំដល់ក្រុមប្រឹក្សាជំនុំជម្រះពិចារណា និងសម្រេចតាមច្បាប់»។
លោក នូ ចន្ថា ជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ ហាប់ បូរ៉ុម បានធ្វើសេចក្តីសន្និដ្ឋានថា កូនក្តីរបស់លោក ពិតជាបានជួញដូរគ្រឿងញៀនប្រាកដមែន។
ប៉ុន្តែចាប់តាំងពីនៅដំណាក់កាលនគរបាលចាប់ខ្លួនដំបូង រហូតដល់ដំណាក់កាលព្រះរាជអាជ្ញាសាកសួរ និងដំណាក់កាលចៅក្រមស៊ើបសួរ គឺគាត់បានទទួលស្គាល់កំហុសមិនបង្កការលំបាកដល់នគរបាលក៏ដូចជាតុលាការទេ។
លោកថ្លែងថា៖ «ប៉ុន្តែគាត់ប្តឹងឧទ្ធរណ៍នៅពេលនេះ ដោយសារតែគាត់មិនសុខចិត្តនឹងការផ្តន្ទាទោសរបស់តុលាការខេត្ត បន្ទាយមានជ័យ ដាក់ទោសគាត់ដល់ទៅ ១៣ ឆ្នាំ។ ហេតុដូច្នេះ សូមតុលាការ មេត្តាពិចារណាបន្ធូរបន្ថយទោសដល់កូនក្តីខ្ញុំខ្លះផង»។
ក្រោយពីជំនុំជម្រះប្រមាណជិតកន្លះម៉ោងមក លោកចៅក្រមប៉ុល សំអឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកានៃសំណុំរឿងនេះ នឹងត្រូវប្រកាសនៅថ្ងៃទី ១២ កក្កដា៕