ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវ​ការ សៀវភៅ​ណែនាំ​ប្រតិបត្តិ ស្តីពី កិច្ចការ​ពារ​កុមារ​នៅក្នុង​សាលា​រៀន ក្នុង​គោល​បំណង លុប​បំបាត់​អំពើ​ហិង្សា​នៅក្នុង​សាលា​រៀន និង​សហគមន៍​ ដើម្បី​ធានា​ឱ្យកុមារ​គ្រប់​រូប ទទួល​បាន​នូវ​កិច្ច​ការពារ ពេញ​លេញ នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធា​រណៈ និង​ឯក​ជន ព្រម​ទាំង​ទទួល​បាន​នូវបរិយា​កាស​រៀនសូត្រ​ប្រកប ដោយ​សុវត្ថិ​ភាព។

លោក ពុត សាមិត្ត អគ្គ​នាយក នៃ​អគ្គនាយក​ដ្ឋាន​អប់រំ​ នៃ​ក្រសួង​អប់រំ ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​សៀវ​ភៅ​ណែនាំ​នេះ នៅ​ថ្ងៃទី​២៨​ខែ​មិថុនា នៅ​សណ្ឋា​កាំបូឌី​យ៉ាណា ថា ការ​មិន​រើ​ស​អើង​កុមារ អំពីស្ថាន​ភាព​សង្គម​ ភូមិសាស្រ្ត ជន​ជាតិ សាស​នា ភាសា ភេទ កាយ​សម្បទា និង​ពណ៌​សម្បុរ និង ការ​ផ្តល់​សេវា​អប់រំ ប្រកប​ដោយ​សម​ធម៌ មន​សិការ​វិជ្ជាជីវៈ គណ​នេយ្យ​ភាព និង​គុណ​ភាព គឺ​ជាមូល​ដ្ឋាន​សម្រាប់ កសាង​សង្គម​មួ​យ​ប្រកប​ដោយ​ចំណេះ​ដឹង និង​ជំនាញ​។ ក្នុង​ចក្ខុ​វិស័យ​នៃ​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ គឺ​ចង់​បណ្តុះ​ធន​ធាន​មនុស្ស ឱ្យក្លាយ​ជា​ពលរដ្ឋ​ពេញ​លេញ ដែល​មាន​ទាំង​វិជ្ជា​សម្បទា បំណិន​សម្បទា និង​ចរិយា​សម្បទា ហើយ​សកម្មក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស។

លោក​ថា ការផ្សព្វ​ផ្សាយ​លុប​បំបាត់​អំពើ​ហិង្សាក្នុង​សាលា​រៀន និង​ក្នុង​សហ​គមន៍ គឺ​ក្រសួង​អប់រំ​ចង់​ឱ្យ​កុមារ និង យុវ​ជន​ដែល​ចេ​ញ​ពី​ប្រព័ន្ធ​អប់រំ​របស់​ក្រសួង​ទៅ​ថ្ងៃក្រោយ​ ក្លាយ​ជា​មនុស្ស​ដែល​គ្មាន​អំពើ​ហិង្សា នៅក្នុង​ខ្លួន ​ក្លាយ​ទៅ​ជាម​នុស្សដែល​ថ្លៃថ្នូរ​ ធ្វើ​ការ​ដោយ​មន​សិការ និង​ការ​លះបង់ ។ លោក​ថ្លែង​ថា​៖ «យើង​ចង់​បាន​សង្គម​មួយ ដែល​រស់​នៅដោយ​សុខដុមរ​មនា សង្គម​មួយ​ដែល​គ្មាន​អំពើ​ហិង្សា ដែល​យើង​អាច​និយាយ​បាន​ថា សង្គម​មាន​ការ​រស់​នៅ​ដោយ​សេច​ក្តី​ថ្លៃ​ថ្នូរ​» ។ ​

លោក​ស្រី ប៊ីយ៉​ង់កា ឃូលី​យ្យេ នាយិកា​ស្តីទី នៃអង្គការ​សង្គ្រោះ​កុមារ​អន្តរ​ជាតិ ថ្លែ​ងថា សៀវភៅណែ​នាំប្រតិ​បត្តិ ស្តីពី កិច្ចការ​ពារ​កុមារ​នៅ​ក្នុង​សាលា​រៀន ត្រូវ​បាន​បង្កើត​ឡើង​ ក្រោម​គម្រោង​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​ក្នុង និង​ជុំវិញ​សាលា​រៀន ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​អប់រំ ជាមួយ​អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា អង្គការ Plan International Cambodia និង​អង្គការ World Vision International និង​អង្គការ​ផ្សេងៗ​ទៀត។ គម្រោង​នេះ​មាន​មូល​ដ្ឋាន​គ្រឹះ​ សម្រាប់​ការ​អនុវត្ត​ទូទាំង​ប្រទេស​នៅឆ្នាំ​ក្រោយ បន្ទាប់​ពី​បាន​អនុវត្តសាក​ល្បង​រួច​ហើយ​ក្នុង​រយៈ​ពេល ២១ ខែ​ ចន្លោះ​ពីថ្ងៃទី ​១​ ខែ តុលា​ ឆ្នាំ​ ២០២០​ ដល់​ថ្ងៃ​ទី ​៣០ ខែ មិថុនា ​ឆ្នាំ ​២០២២ (ដោយរួម​ទាំង​ការ​បន្ថែម​រយៈ​ពេល​៦​ខែ) នៅ​ខេត្ត​សៀម​រាប និ​ងព្រះ​វិហារ។

លោក​ស្រីថ្លែង​ថា​៖ «ការ​អភិវឌ្ឍ និង​ការ​ដាក់​ឱ្យអនុវត្ត​សៀវ​ភៅ​ណែនាំប្រតិ​បត្តិស្តី​ពីកិច្ច​ការពារ​កុមារ​នៅ​ក្នុង​សាលា​រៀន គឺជា​ជំហ៊ាន​ដ៏​សំខាន់​មួយ​ ឆ្ពោះ​ទៅរក​ការ​បញ្ចប់​អំពើ​ហិង្សា​លើកុមារ​ក្នុង​សាលា​រៀន ក្នុង​ប្រទេស​កម្ពុជា​» ។

លោក​ ជុំ ចាន់រ៉ា អ្នក​ឯក​ទេស​ផ្នែក​អប់រំ នៃ​អង្គការ​យូនី​សេហ្វ​ប្រចាំ​កម្ពុជាថ្លែង​ថា សៀវភៅណែ​នាំប្រតិបត្តិ​ស្តីពី កិច្ច​ការ​ពារ​កុមារ​នៅ​ក្នុង​សាលា​រៀន គឺជា​ភ័ស្តុតាង​ថ្មីមួយ​ទៀត បង្ហាញ​ពីការ​បោះ​ជំហាន​ទៅ​មុខ ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើកុ​មារ។ លោក​បាន​បញ្ជាក់​ពីក្តី​សង្ឃឹ​មថា បន្ទាប់​ពីឯកសារ​នេះ​ដាក់​ឱ្យប្រើប្រាស់​ដោយ​ក្រសួង​អប់រំ និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត អំពើ​ហិង្សា​លើកុមារ​គ្រប់​រូប​ភាព នឹង​ត្រូវ​បាន​កាត់​បន្ថយ​។ ​

លោក​ថ្លែង​ថា៖​ «ក្នុង​នោះ​ដែរ ប្រហែល​ជាការ​ចូល​រួម​របស់​លោក​គ្រូ​អ្នកគ្រូ សហគ​មន៍ មាតា​បិតា ក៏នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ជា​ចំណេះ​ដឹង ជាការ​គាំទ្រ​ដល់​ពួក​គាត់​» ។ ​

លោក ជុំ ចាន់រ៉ា បញ្ជាក់​ថា លោក​គ្រូអ្នក​គ្រូ និង​មាតា​បិតា មិន​ធ្លាប់​ដឹង​ថា អ្វីដែល​ពួក​គាត់​កំពុង​ធ្វើ​នោះ​គឺជា​អំពើ​ហិង្សា​លើកុមារ​នោះ​ទេ ដោយ​គិត​ថា នោះគឺ​ជាទ​ម្លាប់​ដែល​ធ្វើ​តគ្នា​មក ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់ គឺការ​ប្រៀន​ប្រដៅ​កូន ពីព្រោះ​បើមិន​ប្រើអំ​ពើហិ​ង្សា គឺក្មេង​មិន​ស្តាប់​។ ​

លោក​ថ្លែងថា​៖ «បើ​យើង​គ្រាន់​តែទៅ​បង្ខំ​លោកគ្រូ​អ្នក​គ្រូ ឬមាតា​បិតា ថា​កុំធ្វើអ៊ី​ចឹង គ្រាន់​តែ​ប្រាប់ថា​ កុំប៉ុណ្ណឹង​ គឺ​វា​អត់​គ្រប់​គ្រាន់​ទេ គឺ​ត្រូវ​ផ្តល់​ជម្រើស​ឱ្យគាត់​។ ឧទាហរណ៍​ថា មិន​ឱ្យគាត់​វាយ​កូន​ពេល​គាត់​ខឹង​កូន ត្រូវ​ធ្វើ​ម៉េច យើង​ត្រូវ​ប្រាប់​គាត់​ទៅ​ធ្វើអី​ផ្សេង​វិញ​ ​ឱ្យ​កំហឹង​ថយ​ចុះ»​។

លោក សៅ ឡៃ គ្រូបង្រៀន​ថ្នាក់​ទី៥ នៃ​សាលាបឋម​សិក្សា​ធ្មា​ ក្នុង​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​ បាន​ឱ្យដឹង​ថា បន្ទា​ប់​ពីបាន​​អនុវត្ត​គម្រោង​នេះ គ្រូប​ង្រៀន​ក្នុង​សាលា​រៀន​មាន​ការ​យល់​ដឹង​ច្រើន និង​កែប្រែ​ឥរិ​យាបថ ដែល​ធ្លាប់​ធ្វើ​កន្លង​មក។​

លោក​ថ្លែង​ថា៖ «គេ​ណែនាំ​យើង​កុំ​ឱ្យប្រើ​អំពើ​ហិង្សា​ទាំង​ ៥ ​ទម្រង់ មាន​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត ផ្លូវ​ភេ​ទ ការមិ​នអើពើ និង​ការ​កេង​ប្រវ័ញ្ញ ជាពិសេស​គឺផ្តោត​សំខាន់​លើផ្លូវ​ចិត្ត​របស់​កុមារ។ គេ​មាន​ប្រព័ន្ធ​រាយការ​ណ៍រ​បស់​គេក្នុង​សាលា ពេល​កុមារ​មាន​បញ្ហាអី​​គឺរា​យ​ការ​ណ៍​ទៅ គ្រូ​បន្ទុក​ថ្នាក់ ឬ​មួយ​ជន​បង្គោល ហើយ​និង​ក្រុ​ម​ប្រឹក្សា​ពិគ្រោះ​យោបល់​ផ្លូវ​ចិត្ត មាន​ទាំង​កុមារា និង​កុមា​រី» ។ ​

កុមារី ញ៉ាវ ស្រីនិច្ច សិស្ស​ថ្នាក់​ទី៦ នៃ​សាលា​បឋម​សិក្សា​បន្ទាយ​ស្រី ខេត្ត​សៀ​ម​រាប បាន​ឱ្យដឹ​ង​ថា ក្រោយ​ពី​គម្រោង​ បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​នេះ ត្រូវ​បាន​អនុវត្ត​នៅក្នុង​សាលា​រៀន ធ្វើឱ្យ​នាង​បាន​យល់​ដឹង​អំពីការ​ការ​ពារ​ខ្លួន ដឹង​ពីការ​រាយ​ការណ៍​ និងដឹង​ពីវិធី​ធ្វើ​យ៉ាង​ណារៀន​ឱ្យ​បាន​ពូកែផង​ដែរ។

ស្រីនិ​ច្ច​ថ្លែង​ថា៖ «គម្រោង​ហ្នឹង​ធ្វើ​ឱ្យ​ខ្ញុំដឹង​ថា សិទ្ធិ​កុមារ​មាន​ប៉ុន្មាន ហើយ​អំពើ​ហិង្សា​ហ្នឹង មាន​ប៉ុន្មាន​ទម្រង់ យន្តការ​ក្នុង​ការ​ការពារ​ខ្លួន​មាន​អីខ្លះ​ របៀប​នៃការ​រាយ​ការណ៍​មានប៉ុ​ន្មាន​ ហើយ​រៀន​យ៉ាង​ម៉េច​ទើប​បាន​ចេះ​ដឹង​ល្អ»​ ។

អ្នក​ស្រី លី ស្រីនាង អាណាព្យា​បាល​របស់​កុមារី ញ៉ាវ ស្រីនិច្ច រ​ស់នៅ​ភូមិ​បន្ទាយ​ស្រី ឃុំខ្នារ​សន្ដាយ ស្រុក​បន្ទាយ​ស្រី បាន​ឱ្យដឹ​ងថា អ្នក​ស្រីមិន​ធ្លា​ប់ប្រើ​អំពើហិង្សា​លើកូនៗ​នោះ​ទេ ព្រោះនេះ​ជា​អំពើ​មិន​ល្អ ដែល​អាចធ្វើ​ឱ្យ​កូនៗ​យក​តម្រាប់​តាម​ ហើយ​ក៏ជះ​ឥទ្ធិពល​ដល់​សង្គម​ជាតិ​ផង​ដែរ។ ​

អ្នក​ស្រីប្រាប់ថា មាន​អ្នកភូមិ​មួយ​ចំនួន​នៅ​បន្ត​ប្រើអំពើ​ហិង្សា​លើកូន​ៗ ដោយ​ស្រែក​ដាក់​ជេរប្រ​​ទេច និង​វាយ​ផង​ដែរ ជាពិសេស​នៅពេល​ខឹង។ អ្ន​កស្រីធ្លាប់​បាន​ជួយ​ប្រាប់​ណែនាំ ប៉ុន្តែ​ត្រូវបាន​អ្នក​ភូមិ​ទាំង​នោះ​ឆ្លើយតប​វិញ​ថា នេះ​ជា​ទម្លាប់​ជា​យូរមកហើយ​ពិបាកកែ៕