សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បានប្រគេន ​ចែកជូន ​ដើមឈើ​ប្រណីត​ ដើម​ផ្កាព្រៃ ​និង​ឈើ​ហូបផ្លែ​ផ្សេងៗ ​ជាង​ ១ ម៉ឺន​ដើម ​ចាប់ពី​ថ្ងៃទី ១​-២៤ ​ខែមិថុនា ​ និង​កំពុង​បន្ត​ចែកជូន​បន្ថែម​ទៀត ​រហូតដល់​ជាង ​១០ ម៉ឺន​ដើម ​ក្នុង​ឆ្នាំ ២០២២ ​នេះ ​ដើម្បី​បង្កើត​គម្រប​ព្រៃឈើ​នៅតំបន់​អង្គរ​និង ​ក្រៅ​តំបន់​អង្គរ​ផង​ដែរ។

លោក​ឡុង កុសល ​អគ្គនាយក​រង ​និង​ជាអ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរាប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៨ ​មិថុនាថា ​ដើមឈើ​ជាង ​១ ​ម៉ឺន​ដើម​នេះ​ ត្រូវបាន​អាជ្ញាធរ​ធ្វើការ​ចែកជូន​ជាបន្តបន្ទាប់ ​ចាប់ពី​ថ្ងៃទី ១ ​ដល់​ថ្ងៃទី ២៤ ​ខែមិថុនា​ និង​កំពុង​បន្តចែក​ជូន​បន្ថែម​ទៀត​ផងដែរ ​ដែល​អាចចែក​រហូត​ដល់​ជាង​ ១០ ម៉ឺន​ដើម​ ក្នុង​ឆ្នាំ ២០២២ ​នេះ។​

លោក​បញ្ជាក់ថា ​នៅ​ខែមុនៗ ​អាជ្ញាធរ​ជាតិ​អប្សរា ​ក៏បាន​ធ្វើការ​ប្រគេន​ចែកជូន​ដើម​ឈើ​ទៅ​តាម​វត្តអារាម ​សាលារៀន ​ប្រជាពលរដ្ឋ​ផងដែរ ​ប៉ុន្តែ​មិនអាច​កំណត់​ចំនួន​បានទេ ​ដោយសារ​មិនទាន់​ធ្វើការ​បូកសរុប​រួម​នៅ​ឡើយ។ ​

លោក​ថ្លែងថា​៖ «គេ​យក​ទៅដាំ​នៅ​តាម​វត្តអារាម ​សាលារៀន ​មន្ទីរពេទ្យ​ និង​ទៅតាម​ដី​ឯកជន​របស់​គេ។ អ្វី​ដែល​សំខាន់ ​គឺ​យើង​ចង់​បង្កើត​គម្រប​ព្រៃឈើ ​ទោះបីជា​គាត់​យក​ទៅ​ដាំ​លើ​ដី​ផ្ទាល់ខ្លួន​របស់​គាត់​ក៏ដោយ»។ ​

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា ​ការចែក​ជូន​ដើម​ឈើ​នេះ​ទៀត​សោត ​អាជ្ញាធរ​ជាតិ​អប្សរា ​ក៏ត្រូវ​ធ្វើការ​ចុះទៅ​ពិនិត្យ​មើល​ទីតាំង ​និង​តាម​ដាន​ចំពោះ​ការទទួល​ខុសត្រូវ​របស់​អ្នកដាំ​ទាំង​អស់ ​និង​ឱ្យ​ពួកគាត់​មាន​ការទទួល​ខុសត្រូវ​ធ្វើ​របាយការណ៍​ត្រឡប់​មកវិញ​ដើម្បី​អាជ្ញាធរ​ជាតិ​អប្សរា​អាច​ដឹងថា ​ដើម​ឈើ​ទាំងនោះ​ដុះ​លូតលាស់​បានល្អ ​ឬ​មួយ​យ៉ាងណា។ ​ការផ្តល់​ជូន​ដើម​ឈើនេះ​មិនត្រឹម​តែ​ដើម្បី​បង្កើត​គម្រប​ព្រៃឈើ​នៅ​តំបន់​អង្គរ​នោះ​ទេ ​គឺ​ថែមទាំង​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ ​ក្នុង​ការអាស្រ័យ​ផល ​អាចរក​ចំណូល​បន្ថែមបាន​ ពី​អនុផល​ព្រៃឈើ​ផ្សេងៗ ​ផង​ដែរ។

លោក​ថ្លែងថា​៖ «នៅ​តាម​រដូវកាល​យើង​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​លក់​ផ្លែឈើ​តាម​រដូវកាល ​មាន​សេមាន់​ មាន​គុយ ​ផ្លែ​ភ្ញៀវ។ល។​ និង​។ល។ អ៊ីចឹង​គាត់​ប្រមូល​អនុផល​ពី​ដើមឈើ​ទាំងនោះ​នៅ​ក្នុងព្រៃ ​យក​មកលក់​ជូន​បងប្អូន​យើង​ជាភ្ញៀវ​ទេសចរ ​ដែល​ធ្វើដំណើរ​ហ្នឹង​ទៅ។ នេះ​ជាយុទ្ធសាស្ត្រ​មួយ​ដែល​យើង​ប្រើ ​គឺ ​យក​ស្លឹក​ត្នោត​ខ្ចប់​ស្ករ​ត្នោត»។

លោក ​ឡុង កុសល ​បញ្ជា់ថា ​យុទ្ធសាស្ត្រ​យក​ស្លឹក​ត្នោត ​ខ្ចប់​ស្ករ​ត្នោត ​នៅ​ទីនេះ ​មាន​ន័យថា ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ទៅ​រក​អនុផល​ព្រៃ​ឈើ​ទាំង​នោះ​ដោយ​ខ្លួន​ឯង ​ដើម្បី​ជាប្រាក់​ចំណូល។ បន្ទាប់ពី​ពួកគាត់​បានទទួល​ប្រាក់​ចំណូល​ចេញ​ពី​ប្រភព​នោះ​ហើយ​ គាត់​នឹង​ចេះ​ជួយ​ថែរក្សា​ការពារ​ផង​ដែរ។

ជាមួយ​គ្នានោះ​លោក​បានអំពាវនាវ​ឱ្យ​មាន​ការចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​នៅ​តំបន់​អង្គរ​ទាំងអស់​គ្នា ​ព្រោះ​ព្រៃឈើ​មាន​គុណ​ប្រយោជន៍​ច្រើន​ ហើយ​ថែមទាំង​ជួយ​ដល់​ការកាត់​បន្ថយ​ខ្យល់​កុំឱ្យ​មាន​ការប៉ះពាល់​ខ្លាំង​ទៅលើ​ប្រាង្គ​ប្រាសាទ​ផង​ដែរ។

លោក​ថ្លែងថា​៖ «សូម​ឱ្យ​បងប្អូន​យើង​ចេះ​ស្រឡាញ់​ថែរក្សា​ព្រៃឈើ ​កុំ​ទៅ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​ធ្វើ​អី ​ព្រោះ​ព្រៃឈើ​វា​ជាផ្នែក​មួយ​នៃ​រមណីយ​ដ្ឋាន​អង្គរ។ ​ព្រៃឈើ​ក៏​ជួយ​ជាប្រភព​ទាក់ទាញ​នូវ​ទឹក ​ហើយ​ក៏ជួយ​កាត់បន្ថយ​ខ្យល់​កុំឱ្យ​ប៉ះពាល់​ប្រាសាទ​ផង​ដែរ»។

អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​បានប្រគេន​កូនឈើ​ដល់​ព្រះសង្ឃ​បារហេ ​ឆោម សារិន ​ព្រះ​ចៅ​អធិការ​វត្ត​សុវណ្ណារាម​ ហៅ​វត្ត​តាម៉ូត​មានជ័យ ​ចំនួន ​១ ០០០ ដើម ​ដើម្បី​យក​ទៅដាំ​លម្អ​ក្នុង​បរិវេណ​វត្ត​សុវណ្ណារាម ​និង​សាលា​បឋម​សិក្សា​តាម៉ូត​មាន​ជ័យ ​ស្ថិត​ក្នុង​ភូមិ​តាម៉ូត​មានជ័យ ​ឃុំ​ផ្អាវ ​ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្ត​ឧត្តរមានជ័យ។ កូនឈើ​ទាំងនោះ​រួមមាន ​គ្រញូង​ ២០០ ដើម ​ធ្នង់ ​៣០០ ដើម​ បេង ​២០០ ដើម ​គគីរ​ ២០០ ដើម ​និង​ក្ងោកធំ​ ១០០ ដើម។

ជាមួយ​គ្នានោះ​ក៏បាន​ផ្តល់​កូនឈើ​ជូន​លោក​ ឈិន តៃឈាង ​នាយក​វិទ្យាល័យ​សម្តេចឪ ​ចំនួន​ ៥៤០ ដើម ​ដើម្បី​យកទៅ​ដាំលម្អ​ក្នុង​បរិវេណ​វិទ្យាល័យ​នេះ ​ស្ថិត​នៅ​ភូមិ​ថ្នល់ ​សង្កាត់​ស្រងែ ​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប។ កូនឈើ​ទាំងនោះ​រួមមាន ​ថ្កុល ​១០០ ​ដើម ​ត្របែក​ព្រៃ ៦០ ដើម​ ឥន្ទនេល ​៦០ ដើម ​ក្ងោក​តូច​ ១០០ ដើម ​ក្ងោក​ធំ ​១០០ ដើម ​ជើង​គោ ៦០ ដើម ​និង​ស្រឡៅ​ ៦០ ដើម។

បន្ថែម​លើ​នោះ ​ក៏​មាន​ការផ្តល់​កូន​ឈើ​ជូន​លោក​ហឿង ​ហួត ​នាយក​សាលា​បឋមសិក្សា ​សៀង ណាំ ​សណ្តាន់ ​ចំនួន ​៥៥០ ដើម ​ដើម្បី​យក​ទៅ​ដាំលម្អ​ក្នុង​បរិវេណ​សាលា​រៀន​នេះ ​ស្ថិត​នៅ​ភូមិ​សណ្តាន់ ​សង្កាត់​ទឹកវិល ​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប។ កូនឈើ​ទាំង​នោះ ​រួមមាន​ គ្រញូង ​១៥០ ដើម ​ធ្នង់ ​១៥០ ដើម ​បេង​ ១០០ ដើម ​ជើង​គោ​ ៥០ ដើម ​និង​រំដួល ​១០០ ដើម​ផង​ដែរ៕ ​